Call Us: +855 (0) 12 763 462
(Telegram, WhatsApp, Messenger)

     សមរភូមិស្រុកជីក្រែង

ស្រុកជីក្រែងគឺជាស្រុកមួយ ដែលស្ថិតនៅក្នុងចំណោមស្រុកក្រុងទាំង ១២ របស់ខេត្តសៀមរាប ហើយក៏ជាស្រុកដែលមានផ្ទៃដីវិសាលភាពធំទូលាយ ជាងស្រុកក្រុងចំនួន៥ទៀត ដែលស្ថិតនៅតាមបណ្តោយដងផ្លូវជាតិលេខ៦ជាមួយគ្នា ។ នៅខាងលើផ្លូវជាតិគ្របដណ្តប់ទៅដោយព្រៃឈើធំៗ និងចំណែកនៅខាងក្រោមផ្លូវជាតិវិញ យើងមានទាំងឡូត៍នេសាទ លេខ៧មួយ ហើយក៏ជាស្រុកនៅខាងកើតគេបង្អស់ ដែលមានព្រំប្រទល់ជាប់ជាមួយស្រុកស្ទោងខេត្តកំពង់ធំ ។ ព្រោះតែភូមិសាស្រ្តស្រុក មានអំណោយផល សមស្របយ៉ាងដូច្នេះ ទើបបានជាកងពលរបស់ខ្មែរក្រហម ពិសេសកងពលលេខ ៩៨០ ធ្វើសកម្មភាពក្នុងស្រុកមិនឈប់មិនឈរ និងយកស្រុកយើងធ្វើជារបៀងឆ្លងកាត់ ហើយក៏ជាឈ្នាន់សម្រាប់ខ្មែរក្រហម បញ្ជូនទ័ពឆ្ពោះទៅកាន់ស្រុកមុខកំពូលក្នុងខេត្តកណ្តាល ។ ដើមឡើយមន្ត្រីរាជការនៅក្នុងស្រុក មមាញឹកតែថ្នាក់ដឹកនាំអង្គភាពនានាជុំវិញស្រុក ឬ មន្ត្រីបង្គោលនៃការិយាល័យតែប៉ុណ្ណោះ ដែលផ្សាភ្ជាប់ខ្លាំងក្លាលើការងារយោធា ដូចជាចុះយុទ្ធនាការ ឈរជើងជាមួយទ័ពជាតិនៅតាមភូមិសាស្រ្ត ដែលជាចំណុចដៅសំខាន់ៗរបស់ស្រុក ។ នៅក្នុងខែកញ្ញាឆ្នាំ១៩៨៩កងទ័ពវៀតណាម ត្រូវបានដកចេញជាស្ថាពរ ពីប្រទេសខ្មែរយើងជាផ្លូវការ រៀងរហូតមកដល់សព្វថ្ងៃនេះ ។ ដោយឡែកនៅក្នុងស្រុកជីក្រែង គិតចាប់តាំងពីពាក់កណ្តាលឆ្នាំ១៩៩០មក ការងារប្រយុទ្ធនៅក្នុងភូមិសាស្រ្តស្រុកទាំងមូល តែងមានការតឹងតែងដោយកងទ័ពព្រៃ (ខ្មែរក្រហម+ហ្វុនស៊ិនប៉ិច+ស៊ឺនសាន) បង្កើនការវាយប្រហារកាន់តែខ្លាំងឡើងៗ ។ មន្រ្តីរាជការទាំងអស់ត្រូវបានពង្រឹងការងារយាមកាម ការពារទីរួមស្រុកដោយខ្លួនឯង ពីមួយថ្ងៃទៅមួយថ្ងៃនិងពីមួយខែទៅមួយខែ ។ មុននេះគឺនៅក្នុងអាណត្តិដឹកនាំស្រុករបស់លោក យឹម សូរ ជាអភិបាលស្រុកជីក្រែង នាយប់ថ្ងៃព្រហស្បតិ៍ទី ០២ ខែកុម្ភៈ ឆ្នាំ១៩៨៤ គឺចំថ្ងៃចូលឆ្នាំ ចិន-យួន ខ្មែរក្រហមបានបន្លំខ្លួនចូលមក ដំណាលគ្នានឹងភាពអធិកអធម្មនៃពិធីចូលឆ្នាំថ្មី របស់កងទ័ពវៀតណាមនោះ បានដុតជង្រុកស្រូវរដ្ឋឆេះអស់មួយខ្នងធំ ។ ក្រោយមកថ្នាក់លើបានចាត់តាំងលោក ថុន ណុល នៅថ្នាក់ខេត្តឲ្យចុះមកធ្វើជាអភិបាលស្រុកជីក្រែង ចាប់ពីថ្ងៃព្រហស្បតិ៍ទី ២១ ខែកុម្ភៈ ឆ្នាំ១៩៨៥ ជំនួសឲ្យចៅហ្វាយស្រុកមុន ។ មិនយូរប៉ុន្មានគឺនៅយប់ថ្ងៃពុធទី ២៧ ខែវិច្ឆិកា ឆ្នាំ១៩៨៥ គឺជាថ្ងៃបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក (១៥កើតពេញបូណ៌មី) ទ័ពខ្មែរក្រហមមួយកងដែលដឹកនាំដោយខ្មែរក្រហមជើងចាស់ម្នាក់ មានដើមកំណើតនៅខេត្តកំពង់ឆ្នាំងគឺលោក សំ សាមួន (ខ្វាក់ភ្នែកម្ខាង) បានធ្វើការវាយប្រហារចូលទីតាំងស្រុកជីក្រែង ទិសខាងមុខវត្តកំពង់ក្តី គឺប៉ែកអគ្នេយ៍នៃទីតាំងស្រុក ។ ពេលនោះរូបខ្ញុំ សៀវ សុផុន បានស្ថិតនៅក្នុងហេតុការណ៍នោះ តាំងពីចាប់ផ្តើមរហូតដល់ចប់ ដោយដំបូងបំផុតគឺខ្ញុំអង្គុយយាមខ្សែត្រៀម ពីម៉ោង២២ដល់ម៉ោង២៣រួចហើយ ក៏ដើរទៅដាស់មន្រ្តីពន្ធដារស្រុកម្នាក់ឈ្មោះ ខូយ រឿង ដែលកាន់កាំភ្លើង M.16 ដើម្បីយាមខ្សែត្រៀមបន្តគ្នាជាហូរហែរៀងមក ។ យប់នេះពុំដឹងជាយ៉ាងដូចម៉្តេច បានជាខ្ញុំដេកទៅវិញមិនលក់សោះ ក៏បានក្រោកដើរចេញមកអង្គុយក្តោបបារីជក់នៅក្នុងដៃ នាមាត់រណ្តៅខ្សែត្រៀម ដោយដាក់កាំភ្លើង AK.47 ស្វ័យបត់មួយដើមនៅក្បែរខ្លួនផង ។ ពេលនោះសំអាងតែមានលោក ខូយ រឿង ដើរចេញទៅឈរយាម នៅក្រោមដើមដង្កៀបក្តាមមួយដើម ចម្ងាយប្រមាណជាងដប់ម៉ែត្រពីមុខខ្ញុំ ។ លោក ខូយ រឿង ពេលនោះស្លៀកពាក់ឈុតពណ៌កាគី រួមទាំងមួកក្រណាត់សំពត់ហាមធំ មានខ្សែសំយុងពាក់នៅក្រោមចង្កាផង ដែលអាចមើលឃើញព្រាលៗ ព្រោះពណ៌ច្រឡំគ្នានឹងពណ៌ជញ្ជ្រាំងស្រូវដែរ ។ ក្រោយពេលដែលជក់បារីមួយដើមរួចមក ខ្ញុំបានឮសម្លេងសត្វតុកកែបូលយំ នៅឯគុម្ពោតព្រៃមួយនាមុខខ្សែត្រៀម តែសម្លេងនោះដូចជាមិនមែនសម្លេងសត្វតុកកែធម្មតាឡើយ បណ្តាលឲ្យខ្ញុំមានការសង្ស័យនៅក្នុងចិត្តជាខ្លាំង ? បន្តិចក្រោយមកស្រាប់តែឮសូរ សម្លេងសត្វតុកកែមួយក្បាលផ្សេងទៀត បូលឮក្រតៗមុនយំនៅឯគុម្ពោតព្រៃម្ខាងនោះទៀត ដែលជាសម្លេងមនុស្សច្រើនជាងសត្វណាស់ទៅហើយ លុះចាប់យំហូរហែឮតុកកែ ! តុកកែ ! តុកកែ ! ៗ ៗ គឺបានធ្វើឲ្យខ្ញុំកាន់តែសន្និដ្ឋានបានថា ពិតជាសម្លេងមនុស្ស ១០០% ។ រំពេចនោះខ្ញុំបានរើសយកដុំដីតូចមួយ គប់សំដៅទៅកាន់លោក ខូយ រឿង ដែលកំពុងឈរយាមឲ្យដកខ្លួនមកក្រោយវិញជាបន្ទាន់ ។ ខ្ញុំបានខ្សឹបសួរលោក ខួយ រឿង ជុំវិញសត្វតុកកែនោះយំដែរ ប៉ុន្តែគាត់ប្រាប់មកវិញថា ពុំមានឮសូរសម្លេងសត្វតុកកែយំឡើយ ។ ខ្ញុំបានឲ្យលោក ខូយ រឿង កុំដើរទៅយាមនៅខាងមុខទៀត ឯរូបខ្ញុំបានកាន់កាំភ្លើងជាប់នៅក្នុងដៃ ដើរទៅរាយការណ៍ឲ្យលោក ម៉ន សារឿម ជាប្រធាន ការពារទីរួមស្រុក ដើម្បីឲ្យគាត់បានដឹងពីពត៌មានដែលមិនធម្មតានេះភ្លាមៗ ។ ក្រោយពីស្តាប់បានរបាយការណ៍របស់ខ្ញុំរួចមក លោក ម៉ន សារឿម បាននាំខ្ញុំដើរឆ្ពោះទៅកាន់ខ្សែត្រៀមចុងខាងកើត ដែលជាមុខព្រួញរបស់ការិយាល័យអប់រំស្រុក ហើយខ្សែត្រៀមយើងនេះ មានបណ្តោយប្រមាណជាជាង ១០០ ម៉ែត្រ ។ យើងបានជួបលោកគ្រូម្នាក់ដែលយាមនៅទីនោះ បានប្រាប់ថានៅមុននេះបន្តិច គាត់បានឃើញស្រមោលមនុស្សម្នាក់ លោតឆ្លងយ៉ាងរហ័សពីដុបព្រៃម្ខាង ទៅកាន់ដុបព្រៃម្ខាងទៀត តែគាត់មិនហ៊ានធានាថាប្រាកដច្បាស់នោះទេ ខ្លាចភ្នែកមើលទៅមានការភាន់ច្រឡំ ? បន្ទាប់មកយើងទាំងពីរនាក់ បាននាំគ្នាដើរត្រឡប់មកកាន់កន្លែងខ្ញុំវិញ ហើយក៏បានដាស់កម្លាំងទាំងអស់ ឲ្យចូលក្នុងលេណដ្ឋានត្រៀមខ្លួនប្រយុទ្ធមួយរំពេចភ្លាម ។ ខណៈដែលខ្ញុំពីរនាក់លោក ម៉ន សារឿម កំពុងតែឈរទន្ទឹមគ្នាពិគ្រោះអំពីហេតុការណ៍ ដែលកើតមាននៅចំពោះមុខនេះនោះ ស្រាប់តែកាំភ្លើង AK.47 បានបាញ់រះពីមុខមកលើខ្សែត្រៀមយើង ប្រមាណជាកន្លះបង់គ្រាប់ហើយក៏មានកាំភ្លើងតូចធំជាច្រើនដើមទៀត បាញ់សន្ធាប់មកលើយើងឮសូរដូចលាជផ្ទុះ ។ លុះភ្ញាក់ស្មារតីបានឡើងវិញ ទើបដឹងប្រាកដថាខ្លួនខ្ញុំមួយកំណាត់ខ្លួន បានត្រាំទឹកនៅក្នុងលេណដ្ឋានប្រយុទ្ធ រួចជាស្រេចទៅហើយក៏ប៉ុន្តែពុំដឹងជាខ្លួនឯងលោតចុះមកពីថ្មើរណា ? ព្រោះភ័យខ្លាំងពេកពុំដែល ធ្លាប់ជួបប្រទះសោះឡើយក្នុងមួយជីវិត នេះ ។ បានលើកកាំភ្លើងចេញមកពីក្នុងទឹក ព្រមទាំងរកសោកាំភ្លើងក៏ឃើញហើយដែរ តែរអិលនឹងភក់ខ្លាំងពេកទម្រាំតែបើកសោបាន និងលើកកាំភ្លើងដោយដៃទាំងពីរ ឲ្យខ្ពស់ផុតពីក្បាលហើយដាក់កាណុងកាំភ្លើង ផ្ចោតទៅមុខបាញ់ដោយពុំហ៊ានងើបក្បាល ឲ្យខ្ពស់ផុតពីលេណដ្ឋាននោះឡើយ ។ ក្រោយពេលខ្ញុំបាញ់បានតែមួយគ្រាប់នោះរួចមក ស្រាប់តែលែងភ័យអ្វីទាំងអស់ រហូតដល់ហ៊ានលុយទឹកពាក់កណ្តាលស្មងជើង ចល័តរត់បាញ់នៅតាមបណ្តោយខ្សែត្រៀម គ្មានខ្លាចអ្វីទាំងអស់គឺទៅបាញ់ នៅត្រង់នេះមួយគ្រាប់ និងត្រង់នោះមួយគ្រាប់ទៀតជាបន្តបន្ទាប់គ្នា ។ ខណៈដែលគ្រាប់កាំភ្លើងបច្ចាមិត្រ បាញ់ស្រោចមកលើយើងខ្លាំងពេកនោះ លោក ម៉ន សារឿម ខ្លួនឯងពុំហ៊ានងើបក្បាល អើតមើលទៅខាងមុខខ្សែត្រៀមទេ គាត់បានបញ្ជាមកឲ្យរូបខ្ញុំអនុវត្ត ។ ដោយបារម្ភនៅក្នុងចិត្តគិតថាខ្មែរក្រហម អាចលូនចូលមកបោកគ្រាប់បែកចូលក្នុងលេណដ្ឋាន ដូចពាក្យដែលលោក ម៉ន សារឿម ប្រាប់ខ្ញុំមែននោះ ! ខ្ញុំក៏បានប្តេជ្ញាចិត្តងើបក្បាល ចេញពីក្នុងលេណដ្ឋានមួយភ្លេចផងដែរព្រោះខែភ្លឺច្បាស់ ប្រមាណជាម៉ោង ១២ យប់ ដោយគ្មានឃើញអ្វីទាំងអស់ ក្រៅពីជញ្ជ្រាំងស្រូវតែប៉ុណ្ណោះ ។ ពេលដែលខ្ញុំដាក់ខ្លួនចុះមកវិញនោះ ស្រាប់តែដីមួយដុំប៉ុន.កដៃ ដែលជាដីភ្លឺរបាំងមាត់លេណដ្ឋាន បានត្រូវគ្រាប់កាំភ្លើងធ្លាក់ ភ្លុង ! មកក្នុងទឹកនៅខាងស្តាំដៃខ្ញុំ ប្រមាណជាកន្លះម៉ែត្រប៉ុណ្ណោះ។ប្រយុទ្ធគ្នាបានប្រហែលជាកន្លះម៉ោង ស្រាប់តែទាហានខ្មែរក្រហម ដកថយទៅកាន់ទិសខាងត្បូងវិញអស់ ហើយកម្លាំងខាងយើង ក៏ពុំមានគ្រោះថ្នាក់អ្វីបន្តិចឡើយ ។ នៅក្រោយពេលប្រយុទ្ធគ្នារួច ខ្ញុំនឹកអាណិតដល់មន្រ្តីរណសីរ្សស្រុកម្នាក់ ដែលមានវ័យចំណាស់ជាងគេឈ្មោះ នាង ប៉ាត់ (ធ្លាប់បួសរៀនច្រើនឆ្នាំ) បានដើរចេញពីលេណដ្ឋានមកវិញទាំងភ័យញ័រញាក់ ។ បន្ទាប់មកគាត់បានដាក់ខ្លួនយឺតៗ អង្គុយផ្អែកខ្នងនឹងដើមអំពិលធំមួយដើម ហើយដៃទាំងពីរបានអោបកាំភ្លើងធុន CKC ដែលបញ្ឈរនៅពីមុខនិងខំប្រឹងសើច  មកកាន់រូបខ្ញុំដែលឱនឈ្ងោកមុខទៅជិតគ្នានោះទាំងបង្ខំចិត្ត ។ បន្តិចក្រោយមកក្រុមប្រចាំការនៅសាលាស្រុក ដែលដឹកនាំដោយលោក ម៉ក់ សូម៉ាលី មានកាំភ្លើងកាន់គ្រប់ដៃ បានចេញមកសួរសុខទុក្ខយើងផងដែរ ហើយនៅក្នុងរាត្រីនោះលោក ថុន ណុល និងលោក ស៊ិន រុន (អភិបាលរងស្រុក) ជាប់បេសកកម្មនៅភូមិកន្សែងក្នុងឃុំសង្វើយ ។ ព្រលឹមឡើងខ្ញុំក្រឡេកភ្នែកមើលទៅកើត ឃើញខាងលោកគ្រូៗ ស្លៀកពាក់ឯកសណ្ឋានពណ៌ទឹកប៊ិច និងនៅមុខខ្សែត្រៀមឯណោះ គ្រប់គ្នាបានឃើញគ្រាប់កាំភ្លើងយើង បាញ់ត្រូវបង្គោលក្រាក់របង ចំនួនពីរបីដើមកំពស់ពីដីត្រឹមដើមទ្រូងមនុស្ស ហើយក៏មានយុវជនសិស្សសាលាម្នាក់ នៅភូមិកំពង់ក្តី១ត្រូវគ្រាប់ធុន B.61 របស់ខ្មែរក្រហមដាច់ខ្លួនជាពីរកំណាត់ ។ រសៀលបន្តិចទទួលដំណឹងថា យប់មិញទ័ពខ្មែរក្រហមដកថយ ឆ្ពោះទៅកាន់ទិសភូមិដូនសុខវិញ ហើយនៅតាមផ្លូវឃើញមានធ្លាក់ដុំសំឡី ដែលរុំរបួសប្រឡាក់ទៅដោយឈាម ។ ជាមួយគ្នានោះក៏មានទាហានខ្មែរក្រហមខ្លះ បានរអ៊ូរទាំប្រាប់អ្នកស្រុកថា យប់មិញវ៉ៃប៉ះទាហានស្រុកចំអាជើងចាស់ ពួកវាបាញ់ម្តងមួយគ្រាប់ៗ ឯតាមការពិតខាងរដ្ឋបាលស្រុក ពុំសូវមានគ្រាប់រំសេវប្រយុទ្ធច្រើនទេ ។  មួយថ្ងៃក្រោយមកទៀត ខ្ញុំបានលួចដណ្តឹងសួរខ្លួនឯងថា ព្រឹត្តិការណ៍ដែលឈានទៅដល់ការរាយកម្លាំង នៅតាមបណ្តោយខ្សែត្រៀម ដើម្បីរង់ចាំទប់ទល់នឹងការវាយប្រហារ របស់ទាហានខ្មែរក្រហមនាយប់នោះ ពិតជាកើតមានឡើងពីសតិសម្បជញ្ញៈផ្ទាល់របស់ខ្ញុំ ? បើសិនជាយ៉ាងដូច្នេះមែននោះ គឺខ្ញុំបានធ្វើនូវកុសលកម្មដ៏ថ្លៃថ្លាមួយ ជូនដល់មិត្តរួមអាវុធយើងទាំងអស់ មិនតិចជាង ៣០ នាក់នោះទេដើម្បីស្វ័យការពារ ដល់ជីវិតពួកយើងគ្រប់ៗគ្នា ។ ក្រោយមកប្រព័ន្ធការពារទីរួមស្រុក ត្រូវបានកែតម្រូវឡើងវិញ ដោយលោក ថុន ណុល គឺពង្រីកខ្សែក្រវាត់ការពារឲ្យធំជាងមុន ព្រមទាំងមានទីជម្រកស្នាក់នៅ បានរួចផុតពីភ្លៀងខ្យល់ទាំងឡាយទាំងពួងផងដែរ ។ បន្ទាប់មកស្រុកបានបង្កើតកងវរសេនាតូច ការពារទីរួមស្រុកមួយដែលមានលោក អួន សីលា ជាប្រធាន ហើយកម្លាំងប្រដាប់អាវុធទាំងអស់ គឺជាមន្ត្រីរាជការនៅជុំវិញស្រុក ព្រមទាំងបណ្តាកម្មករអង្គភាពពាណិជ្ជកម្មស្រុក របស់លោក អួន សីលា ផងដែរ ។ នៅជុំវិញខ្សែក្រវាត់ការពារទីរួមស្រុក ត្រូវបានបែងចែកទៅតាមអង្គភាពនានា ដែលជាសេនាធិការរបស់ស្រុក ឲ្យទទួលខុសត្រូវតាមមុខព្រួញរបស់ខ្លួនដូចមុនដដែល ។ ដើម្បីគ្រប់គ្រងកម្លាំងឲ្យកាន់តែល្អថែមទៀតនោះ យើងបានបង្កើតពាក្យស្លោក (ផ្លាស់ប្តូរញឹកញាប់) ដើម្បីសម្គាល់មិត្រនិងសត្រូវបានភ្លាមៗ នៅតាមបណ្តោយខ្សែត្រៀមរបស់យើង។ មិនតែប៉ុណ្ណោះស្រុកបានបង្កើត កងកាំភ្លើងធំប្រភេទ ៨០ មីល្លីម៉ែត្រ មួយក្រុមសម្រាប់បាញ់អន្តរាគម ជួយដល់គ្រប់ចំណុចដៅជុំវិញស្រុកបានគ្រប់ពេល ។ ក្រុមកាំភ្លើងធំនេះគឺបានធ្វើការហាត់រៀន មានក្បួនខ្នាតត្រឹមត្រូវ ដោយមានបោះបង្គោលនិងមាន លេខសញ្ញាត្រៀមមុនរួចជាស្រេច នៅជុំវិញកាំភ្លើងធំនោះព្រោះជាកាំភ្លើងអចល័ត ។ ចំណែកឯការងារទំនាក់ទំនងគ្នាវិញ ស្រុកមានទូរស័ព្ទប្រើខ្សែមួយប្រព័ន្ធធំ សម្រាប់ប្រើពីទីបញ្ជាការកណ្តាលរបស់ស្រុក ឆ្លងឆ្លើយគ្នាជាមួយសាលាស្រុក វរសេនាតូចការពារទីរួមស្រុក និងនៅតាមប្រព័ន្ធខ្សែត្រៀមបានផងដែរ ។ ក្រៅពីប្រើប្រាស់លើការងារប្រយុទ្ធ ប្រព័ន្ធទូរស័ព្ទនេះក៏មានសារៈសំខាន់សម្រាប់ប្រើគ្រប់គ្រងរដ្ឋបាល រវាងសាលាស្រុកជាមួយបណ្តាអង្គភាពទាំងអស់ ដែលស្ថិននៅក្រោមឱវាទរបស់ស្រុកផងដែរ ។ មន្ត្រីរាជការទាំងអស់ក្នុងម្នាក់ៗ ត្រូវមានអាវុធមួយដើមនិងខោអាវប្រយុទ្ធ មួយសម្រាប់ទៀតដាក់នៅក្រោយកៅអីធ្វើការ ដោយឈរលើពាក្យស្លោកមួយឃ្លាថា មន្រ្តីរាជការម្នាក់ គឺជាទាហានម្នាក់ ហើយក៏ជានគរបាលម្នាក់ផងដែរ

            ៥ឆ្នាំក្រោយមកគឺចាប់ពីថ្ងៃទី ២១ ខែសីហា ឆ្នាំ១៩៩០ តរៀងមក កងកម្លាំងត្រីភាគីបានចាប់ផ្តើមធ្វើសកម្មភាពទ្រង់ទ្រាយធំមួយ គឺចាប់ផ្តើមវាយចេញមកពីឃុំល្វែងឫស្សី (ទិសខាងកើត) ទៅលិចឆ្ពោះមកកាន់ទីរួមស្រុកជីក្រែងជាបន្តបន្ទាប់ ។ លុះមកដល់ល្ងាចថ្ងៃសៅរ៍ទី ២៥ ខែដដែល កម្លាំងទាំងនេះបានវាយរុលចូលមកដល់ ភូមិពោធិ៍សេរីក្នុងឃុំកំពង់ក្តី ហើយនៅពេលនោះរថពាសដែករបស់យោធភូមិភាគទី៤មួយគ្រឿង ដែលឈរជើងនៅក្នុងស្រុក (ពុំមានសាច់ទ័ពទេ) បានចេញទៅរង់ចាំទប់ទល់នៅស្ពានខ្នាត ។ ខណៈនោះគណបញ្ញាការឯកភាពស្រុក បានចេញបញ្ជាប្រកាសអាសន្ន ឲ្យដល់វរសេនាតូចការពារទីរួមស្រុក ដើម្បីប្រមូលកម្លាំងខ្លួនចេញទៅកាន់ខ្សែត្រៀមជាបន្ទាន់ ។ ពេលនោះខ្ញុំបាទ សៀវ សុផុន មានឋានៈជាសមាជិកប្រចាំការរបស់គណកម្មាធិការប្រជាជនស្រុកជីក្រែង ហើយចំណែកប្រធានស្រុកលោក កុយ គត់ និងអនុប្រធានស្រុកលោក ធឿង នៅ ពួកគាត់ទាំងពីរនាក់មានវ័យចំណាស់បន្តិចទៅហើយ គឺអាយុបងខ្ញុំក្នុងម្នាក់ៗជាងដប់ឆ្នាំឯណោះ ដែលមិនអាចធានាបានក្នុងការងារសមរភូមិបានឡើយ ។ ខ្ញុំក៏បានស្ពាយឯកសារសំខាន់ៗរបស់ស្រុកនៅស្មាម្ខាង ហើយស្មាម្ខាងទៀតស្ពាយកាំភ្លើង និងចំណែកត្រាស្រុកបានដាក់ នៅក្នុងហោប៉ៅអាវឆ្វេងបិទឡេវត្រឹមត្រូវ ព្រមទាំងដើរទាំងអស់គ្នាយ៉ាងលឿន ឆ្ពោះទៅកាន់ប្រព័ន្ធខ្សែត្រៀមទីរួមស្រុក ។ យប់បន្តិចមកដោយពុំកើតមានអ្វីទេនោះ ពួកយើង៤នាក់ក៏បានវិលមកកាន់ ស្នាក់ការស្រុកដើម្បីដោះស្រាយការងារសេដ្ឋកិច្ចនានា នៅតាមបណ្តាសមរភូមិ ពិសេសបាយកញ្ចប់ដែលឃុំកំពង់ក្តី និង ឃុំគោកធ្លកក្រោមធ្លាប់បានផ្តល់ឲ្យ ។ នៅយប់នេះដោយមើលឃើញយើង ដឹងខ្លួនជាមុនគឺមានកម្លាំងត្រៀមការពារ បានល្អហើយនោះកងកម្លាំងត្រីភាគី ក៏បានលាក់កម្លាំងរបស់ខ្លួនទុកមួយអន្លើសិន ព្រោះគេគិតថាស្អែកជាថ្ងៃអាទិត្យ មន្ត្រីរាជការឈប់សម្រាកនៅផ្ទះ ចាំវាយផ្តាច់ព្រ័ត្រនៅពេលនោះតែម្តង ។ ប្រាកដណាស់ស្រាប់តែនៅព្រឹកថ្ងៃអាទិត្យ ទី ២៦ ខែ សីហា ឆ្នាំ១៩៩០ ពួកគេបានវាយប្រហារមកលើខ្សែត្រៀម ប៉ែកខាងក្រោមផ្លូវជាតិលេខ៦ (ខាងកើតស្ទឹង) ដោយបាញ់សន្ធាប់មកយ៉ាងខ្លាំង តែយើងស្វ័យការពារទីតាំងបានដដែល ។ លុះភ្លឺច្បាស់កម្លាំងនោះបានវាយខ្លាំងនៅខ្សែត្រៀម ទិសភូមិពន្លឺព្រះផុសផ្លូវចុះទៅកាន់ឃុំជីក្រែង ហើយនៅទីនោះយើងក៏មានទូរស័ព្ទខ្សែប្រចាំការមួយគ្រឿងផងដែរ ។ ពេលកំពុងផ្ទុះអាវុធនោះលោក គុយ កៃហ៊ត់ កាន់ទូរស័ព្ទផ្ទាល់ដៃនិយាយមកកាន់សាលាស្រុក ដែលមានរូបខ្ញុំជាអ្នកនិយាយឆ្លើយឆ្លងបន្តទៅកាន់់លោក យន់ ស៊ីភន ដើម្បីសុំកាំភ្លើងផ្លោងធុន ៨០ មីល្លីម៉ែត្រ ជួយបាញ់អន្តរាគមភ្លាមៗ ។ ដោយទីនោះជាវាលស្រែស្រាប់ផង យើងមើលឃើញច្បាស់នឹងភ្នែក គឺហៅស្តាំបានស្តាំ ហៅឆ្វេងបានឆ្វេង និងហៅផ្លោងទៅមុខឬថយក្រោយ ត្រូវចំចំណុចដូចចាប់យកទៅដាក់ ។ ពេលនោះខ្ញុំអង្គុយលើកៅអីមិនជាប់ទេ បានក្រោកឈរផងនិងនិយាយទូរស័ព្ទបណ្តើរផង ដោយជើងទាំងពីរហើបស្ទើរផុតពីការ៉ូផ្ទះ ព្រោះតែនឹកស្មានមិនបានដល់សោះឡើយ ។ ក្រោយពីរត់គេចចេញពីគ្រាប់ផ្លោងនោះបានមក កម្លាំងខ្មែរក្រហមបានសម្រុកចូលទៅវាយឃុំជីក្រែង និងបានដុតសាលាឃុំឆេះអស់នៅពេលនោះតែម្តង ។ សូមបញ្ជាក់ថានៅខ្សែត្រៀមភូមិពន្លឺព្រះផុសនេះ នៅថ្ងៃអាទិត្យទី ២៨ ខែមិថុនា ឆ្នាំ១៩៨៧ មន្ត្រីសាលាស្រុកម្នាក់នៅកម្លោះឈ្មោះ ប៉ាង វុត្ថា បានរាយមីនដាក់នៅមុខខ្សែត្រៀម ប្រភេទមីនមានរាងដូចគម្រប ហ៊ួត ហើយនៅពេលត្រឡប់មកវិញ បានដើរទាក់ខ្សែមីនពលីខ្លួនឯង ក្នុងគ្រានោះតែម្តង ។ ម៉្យាងទៀតយើងតែងយកចិត្តទុកដាក់ ការពារស្ពាននាគដែលជាស្ពានបុរាណខ្មែរ ដូចជានៅក្នុងយប់រំលងអធ្រាត្រមួយនោះ លោក ថុន ណុល បានឈួលភ្លើងពិលពីលើបង្កាន់ដៃស្ពាន ឲ្យរូបខ្ញុំជាអ្នកដើរចុះជ្រៅទៅបាតស្ទឹង យកចង្កៀងប្រទីបប្រេងកាតចំនួនពីរចង្កៀង ទៅដាក់បំភ្លឺនៅក្នុងរន្ធតាដេវស្ពាន ។

            ថ្វីត្បិតតែសភាពការណ៍ជាទូទៅនៅក្នុងស្រុកជីក្រែងទាំងមូល មានភាពស្ងប់ស្ងាត់ល្អយ៉ាងណាក៏ដោយ ក៏យើងពុំដែលធ្វេសប្រហែស បំភ្លេចចោលនូវភារកិច្ចការពារ ទីតាំងស្រុកបានម្តងណាឡើយ ។ សេចក្តីសុខសាន្តបានប្រមាណប្រាំសប្តាហ៍ប៉ុណ្ណោះ ស្រាប់តែវេលាម៉ោង៥ភ្លឺពេលដែលវិទ្យុ VOA សម្លេងសហរដ្ឋអាមេរិក ចាប់ផ្តើមផ្សាយពត៌មាននៅព្រឹកថ្ងៃច័ន្ទ ទី ២៩ ខែ តុលា ឆ្នាំ១៩៩០ ខ្មែរក្រហមបានចាប់ផ្តើមផ្ទុះអាវុធ វាយសង្គ្រុបស្រុកជីក្រែង មកពីទិសខាងជើងហើយកម្លាំងធំ របស់ពួកគេគឺស្ថិតនៅខាងកើតស្ទឹងជីក្រែង ។ ពួកគេបានលើកផែនការវាយលុក មកលើកម្លាំងយើងក្នុងពេលនេះ គឺជាការត្រៀមដោយសម្ងាត់បំផុតព្រមទាំង បានគិតទៅដល់ថ្ងៃម្សិលមិញថាជាថ្ងៃអាទិត្យ គឺជាថ្ងៃដែលមន្ត្រីរាជការឈប់សម្រាកដេកនៅផ្ទះ ។ តែចៃដន្យនៅមុននេះប្រមាណ ១៥ នាទី ទីបញ្ជាការកណ្តាលរបស់ស្រុកចាប់បាន វិទ្យុទាក់ទងគ្នារបស់ខ្មែរក្រហម ដែលនិយាយថា កម្លាំងគេមួយចំនួនបានបោះស្នឹង (ដល់គោលដៅនិងត្រៀមវាយប្រហារ) រួចជាស្រេចនិងរង់ចាំទទួលបទបញ្ជាប្រយុទ្ធ ។ ដោយឡែកមុខព្រួញចំពោះរូបខ្ញុំមួយ គឺជារៀងរាល់ម៉ោង៤ជិតភ្លឺ តែងដើរឬជិះកង់ល្បាតមើលខ្សែត្រៀមស្រុក នៅប៉ែកខាងក្រោមថ្នល់ជាតិ រៀងរាល់ថ្ងៃពុំដែលខកខានឡើយ ។ នៅព្រឹកថ្ងៃនេះខ្ញុំបានជិះកង់ល្បាត គឺឆាប់បានមកដល់ស្នាក់ការវិញហើយពេលនោះ គ្រាន់តែឡើងមកដល់ថ្នល់ជាតិភ្លាម មន្ត្រីសាលាស្រុកម្នាក់ឈ្មោះ ទីវ សុភោ បានប្រាប់ខ្ញុំពីសភាពការណ៍អាសន្ននេះ ព្រមទាំងដឹងថានៅទិសភូមិរំលងយើងរៀបកម្លាំងដាក់មិនទាន់ ។ ហើយនៅពេលនោះដែរ យើងបានឯកភាពគ្នាចំនួនបីនាក់ ជាមួយលោក សរ សៀងហៀង និងលោក កៅ សំរិទ្ធ បានកាន់កាំភ្លើងគ្រប់ដៃ និងដើរកៀកស្មាគ្នាទាំងបីនាក់ចុះទៅកាន់ភូមិរំលងមួយរំពេច ។ គ្រាន់តែចូលទៅដល់ដើមភូមិភ្លាម យើងបានឃើញស្បែកជើងពណ៌ខ្មៅ មួយសម្រាប់ដាច់ខ្សែ រប៉ាត់រប៉ាយទុកចោលតាមផ្លូវ ហើយអ្នកភូមិក៏បានចូលទៅក្នុង លេណដ្ឋានគ្រួសារស្ងាត់អស់ និងមួយរំពេចនោះ ឮសូរគ្រាប់កាំភ្លើងតូចធំ បានបន្លឺឡើងនៅចំពីមុខយើងផង និងខាងឆ្វេងដៃត្រើយខាងលិចស្ទឹងជីក្រែងផង ដោយគ្មានដឹងទិសតំបន់ណាឡើយ ។ ភ្លាមនោះមិត្តរួមអាវុធ សរ សៀងហៀង និង កៅ សំរិទ្ធ បានប្រះខ្លួនទៅខាងឆ្វេងដៃ ដើម្បីយកចម្រាក់មាត់ស្ទឹង ធ្វើជាទីបង្អែកបាញ់ការពារខ្លួន ហើយចំណែកខ្ញុំវិញបានដើរផងក្រាបផង សំដៅទៅកាន់ប៉ូលីសចំនួន ៤នាក់ ដែលកាន់កាំភ្លើងលុយទឹកដើរឱនៗ បកត្រឡប់មកក្រោយវិញ ។ មិនទាន់ទាំងបានសួរពីសភាពការណ៍នៅឡើយផង ស្រាប់តែពួកគេទាំងបួននាក់ មើលឃើញខ្ញុំហើយក៏ដើរគេច ចេញទៅទិសខាងកើតអស់តែម្តងទៅ។ ខ្ញុំដើរទៅខាងជើងនោះបន្តិច បានឃើញម៉ុងខ្មោចចំនួន ០២ ម៉ុង ពីចម្ងាយ ក៏បណ្តាលឲ្យខ្ញុំទុចជើងបកត្រឡប់ក្រោយវិញ ព្រោះខ្លាចទាហានខ្មែរក្រហមយកម៉ុងថ្មនោះ ធ្វើជាបង្អែកដើម្បីបាញ់ប្រហារមកលើខ្ញុំម្នាក់ឯង ។ មកឈរអែបដើមដូងបានតែបន្តិច ស្រាប់តែគ្រាប់កាំភ្លើងធំធុន ១០៥ មីល្លីម៉ែត្រ (អាទីល្លឺរី) ចំនួនមួយគ្រាប់ បានផ្ទុះ ក្ឌាំង ! ឡើងនៅទិសនិរតីនៃចំណុចដែលខ្ញុំឈរ គឺមានចម្ងាយប្រមាណជា ៣០ ម៉ែត្រ តែប៉ុណ្ណោះពីខ្លួនខ្ញុំ ។ អណ្តាតភ្លើងនិងផ្សែងខ្មៅខ្មួលខ្មាញ់ ឈ្ងៀមទ្រុបបានគ្របដណ្តប់ នៅក្នុងបរិវេណនៃគ្រាប់ដែលផ្ទុះនោះ ហើយមែកឈើមួយចំនួន ក៏បានបាក់ធ្លាក់ចុះមកដីផងដែរ ។ ពេលនោះខ្ញុំមានភាពស្រឡាំងកាំងខ្លាំងណាស់ ទោះបីជាក្រាបក៏ក្រាបមិនទាន់ដែរ ម៉្លោះហើយស៊ូទ្រាំកាន់កាំភ្លើងស្លន់ស្លោតែម្នាក់ឯង ឈរបាំងគ្រាប់ជំនួសឲ្យគល់ដូងវិញម្តង  ។ គឺជាគ្រាប់កាំភ្លើងរបស់យោធភូមិភាគទី៤ ដែលបាញ់ច្រឡំមកកាន់គ្នាឯង ព្រោះតែខុសមកពីរូបខ្ញុំនេះដោយផ្ទាល់  ដែលនាំគ្នាចុះមកគ្រប់គ្រងសភាពការណ៍នៅទីនេះ មិនបានរាយការណ៍ទៅលើ ព្រោះពេលវេលាប្រថុចញ៉ុចខ្លាំងពេក បណ្តាលឲ្យមានការយល់ច្រឡំនឹកស្មានតែ ខ្មែរក្រហមចូលពេញភូមិរំលងទៅហើយ ? មួយសន្ទុះធំក្រោយមក ពេលភ្លឺមើលឃើញគ្នាច្បាស់ បានឮសូរគ្រាប់កាំភ្លើងនៅម្តុំភូមិប្រាសាទ និងភូមិត្រាចកាន់តែខ្លាំងឡើងៗ គឺជាការវាយបកចេញទៅកាន់ពួកខ្មែរក្រហមវិញ ដែលដឹកនាំដោយលោក អួន សីលា ប្រធានវរសេនាតូចការពារទីរួមស្រុក ។ ក្នុងនោះក៏មានយុវជនម្នាក់ឈ្មោះ ប៉ូយ ដែលអ្នករាល់គ្នាតែងនិយមហៅថា អាប៉ូយៗ បានផ្លុំកញ្ចែផងនិងរត់ពីរនាក់លោក អួន សីលា ដេញបាញ់ខ្មែរក្រហមផង ដោយគ្មានខ្លាចរអាអ្វីបន្តិចសោះឡើយ ។ ចាប់ពីពេលនោះមកពួកខ្មែរក្រហម ក៏ដកថយទៅកាន់ទិសខាងជើងវិញអស់ រួមទាំងខ្មែរក្រហមដែលស្ថិតនៅខាងលិចស្ទឹងជីក្រែង ក៏ដកថយក្រោយវិញដែរដោយទុកចោល សាកសពទាហានរបស់ខ្លួនម្នាក់ នៅផ្សារដើមពោធិ៍នោះផង ។ នៅភូមិរំលងឯណេះវិញខ្ញុំបានក្រឡេកភ្នែកមើលមុន ឃើញប្រធានវរសេនាតូចស្រុកម្នាក់ឈ្មោះ កយ បានកាន់កាំភ្លើង M.16 ដើរឱនៗលបៗ យ៉ាងប្រុងប្រយ័ត្នដោយភ្នែកទាំងពីរ សម្លឹងមើលយ៉ាងមុតស្រួច ពីលើថ្នល់ជាតិមកកាន់ភូមិរំលង ព្រោះលោក ថុន ណុល បានឲ្យរូបគាត់មកតាមរកមើលពួកយើងខ្ញុំ ។ ម៉ោងប្រហែលជាដប់ព្រឹកទើបបានឃើញលោក នូ ផល្លា ប្រធានគណបញ្ជាការឯកភាពស្រុកសូទ្រនិគម និងលោក ភឿង ផុន អធិការនគរបាលស្រុក សរុបប្រមាណជិត ១០ នាក់ បានមកដល់និងជួបលេខាបក្សស្រុកជីក្រែង ។ ការប្រយុទ្ធគ្នានាពេលនោះកម្លាំងខាងយើង ពុំមានការខូចខាតអ្វីទេ តែមានប្រជាជនម្នាក់ពិការភ្នែកឈ្មោះ ហ៊ាង នៅភូមិប៉ាតត បានត្រូវគ្រាប់ផ្លោង ៨០ មីល្លីម៉ែត្រ ស្លាប់នៅក្រោមដើមត្នោតខាងលិចភូមិ ។ ចំពោះទាហានខ្មែរក្រហម ខ្ញុំបានឃើញផ្ទាល់ភ្នែកឃើញស្លាប់ម្នាក់ នៅដើមផ្លូវឡើងទៅកាន់ភូមិក្របីរៀល ដោយស្លៀកពាក់ខោអាវពណ៌ស្លឹកឈើ (ជំនួយពីប្រទេសចិន) ដួលដែកនៅក្បែរតុលក់បបរយាយហ៊ាង ហើយមានចម្ងាយ ១០ ម៉ែត្រពីថ្នល់ជាតិ និង ពីដើមពោធិ៍បុរាណមួយដើមទៀតផង ។ ឱកាសនោះនៅស្ងាត់មនុស្សនៅឡើយទេ ឃើញមែកឈើមួយចំនួន ត្រូវបានបាក់និងដាច់ធ្លាក់រាយមកលើថ្នល់ជាតិ ហើយខ្ញុំក៏មានក្តីបារម្ភជាខ្លាំង ចំពោះសុវត្ថិភាពនៃភរិយានិងកូនតូចៗរបស់ខ្ញុំ ដែលពួកគេរស់នៅក្នុងផ្ទះមួយលើដីចំណីផ្លូវជាតិក្បែរនោះដែរ ? ចុងក្រោយខ្ញុំក៏សម្រេចចិត្ត បញ្ជូនក្រុមគ្រួសារតូចរបស់យើងមួយនេះ ឲ្យធ្វើការភៀសសឹកឆ្ពោះមករស់នៅ ក្នុងក្រុងសៀមរាបចាប់ពីថ្ងៃសៅរ៍ ទី ០៨ ខែ ធ្នូ ឆ្នាំ១៩៩០ រៀងរហូត.តមក ៕

មកនៅផ្ទះថ្ម  ព្រោះកណ្តៀរស៊ីរូង

មកនៅក្នុងក្រុង  ព្រោះតែសង្រ្គាម

 

                                                                  សៀមរាប , ថ្ងៃពុធ ទី ២១ ខែ មេសា ឆ្នាំ ២០២១

                                                                    អ្នករំលឹកនិងចងក្រងជាអត្ថបទ 

                                                                               សៀវ សុផុន