Call Us: +855 (0) 12 763 462
(Telegram, WhatsApp, Messenger)

 

                                                                              ព្រឹត្តិការណ៍ថ្ងៃទី១៥  ខែមេសា ឆ្នាំ១៩៧៧

(ឧក្រិដ្ឋកម្មមួយក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប)

ចងក្រងដោយ កៅ សំរិទ្ធ
ព.ស ២៥៦៣  គ.ស ២០២០ 

អារម្ភកថា

ភាពភ័យរន្ធត់ សោកស្តាយ និងឈឺចាប់ដែលដិតដាមក្នុងអារម្មណ៍ខ្ញុំអស់រយៈពេល៤៣ឆ្នាំមកហើយនោះ គឺហេតុការណ៍មហាប្រល័យដែលកើតឡើងនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៧៧ គឺចំកណ្តាលថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ  ដែលក្រោយមកត្រូវបានប្រជាជនហៅថា «ព្រឹត្តិការណ៍ថ្ងៃទី១៥មេសា» ជាឧក្រិដ្ឋកម្មមួយប្រព្រឹត្តដោយពួកខ្មែរក្រហមនៅឃុំគោកធ្លកលើ ស្រុកជីក្រែង ដែលជាស្រុកកំណើតរបស់ខ្ញុំ។​  លោកឪពុកជាទីគោរពរបស់ខ្ញុំ រួមជាមួយប្រជាជនស្លូតត្រង់ជាង១០០នាក់ទៀត ត្រូវបានពួកឃាតកអាវខ្មៅអារ.កសម្លាប់ដោយអយុត្តិធម៌ និងដោយសាហាវឃោរឃៅបំផុត  ដែលនេះជាមូលហេតុដែលខ្ញុំត្រូវតែចងក្រងជាសៀវភៅមួយនេះឡើង ដើម្បីជាប្រវត្តិគ្រួសារផង និងដើម្បីជាឯកសារប្រវត្តិសាស្ត្រសម្រាប់មនុស្សជំនាន់ក្រោយបានដឹងផង។ ខ្ញុំបាទបានរួមបញ្ចូលផងដែរនូវហេតុការណ៍ប្រល័យជីវិតប្រជាជនស្លូតត្រង់ដែលកើតនៅទីកន្លែងដទៃក្នុងខេត្តសៀមរាប ក្រោមស្នាដៃខ្មែរក្រហមដូចគ្នា ក្នុងអំឡុងពេលប្រហាក់ប្រហែលគ្នា ហើយដែលប្រហែលជានៅមិនទាន់មានអ្នកណាចងក្រងទុកនៅឡើយ ដែលអាចនឹងបាត់បង់ជារៀងរហូតនៅពេលដែលសាក្សីរស់ទទួលមរណភាពទៅ។​

ផ្អែកលើពុទ្ធោវាទមួយឃ្លាដែលចែងថា «ពៀររម្ងាប់ដោយការមិនចងពៀរ»  ខ្ញុំគ្មានចេតនាគាស់កកាយរឿងនេះឡើងដើម្បីជាការសងសឹកឬចងគំនុំទេ តែសង្ឃឹមថាមនុស្សជំនាន់ក្រោយនឹងយល់ដឹងយ៉ាងត្រឹមត្រូវពីរបប «កម្ពុជាប្រជាធិបតេយ្យ»   ឬរបប «៣ឆ្នាំ ៨ខែ ២០ថ្ងៃ» ហើយចៀសវាងនូវទស្សនៈ និងទង្វើដែលនាំឲ្យកើតឡើងនូវភាពច្រំដែលនៃប្រវត្តិសាស្ត្រ។

សូមឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធលោកឪពុក​​​ កៅ  ស៊ន ហៅ ស៊ត  និងវិញ្ញាណក្ខន្ធជនរងគ្រោះទាំងជាង១០០នាក់ដែលបានចែកឋានក្នុងថ្ងៃតែមួយ  អោយទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ធ្វើនៅថ្ងៃពុធ ៨រោជ ខែចេត្រ ឆ្នាំជូត ព.ស២៥៦៣  ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២០    

                                       កៅ សំរិទ្ធ


មាតិការឿង
 

  • ព័ត៌មានទូទៅ
  • ផែនការ ១ហិកតា៣តោន ក្រោមមាគ៌ាមហាលោតផ្លោះមហាអស្ចារ្យ
  • ការមកដល់របស់ពួកភូមិភាគនិរតី
  • ប្រផ្នូលមរណៈ
  • ថ្ងៃមហាសោកនាដកម្ម
  • មហាទុក្ខសោករបស់គ្រួសារខ្ញុំ
  • យុទ្ធនាការបោសសំអាតខ្មាំង
  • វាលពិឃាតនាពេលបច្ចុប្បន្ន
  • ខ្សែជីវិតរបស់ពួកឃាតក
  • ទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ
  • សេចក្តីថ្លែងអំណរគុណ
  • ប្រវត្តិសង្ខេបរបស់លោកឪពុកខ្ញុំ
  • អាស័យដ្ឋានទាក់ទងរបស់ខ្ញុំ

 ព័ត៌មានទូទៅ

១-ភូមិសាស្ត្រ​ និងប្រជាជន

ឃុំគោកធ្លកលើ ស្ថិតនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប។ ទីរួមស្រុកជីក្រែងស្ថិតនៅឃុំកំពង់ក្តីតាមបណ្តោយផ្លូវជាតិលេខ៦ ចម្ងាយ៦២គីឡូម៉ែត្រ ខាងកើតក្រុងសៀមរាប។ ទីតាំងឃុំគោកធ្លកលើស្ថិតនៅភូមិគោកធ្លក ចម្ងាយ១០គីឡូម៉ែត្រខាងជើងទីរួមស្រុក ប៉ែកខាងលិចស្ទឹងជីក្រែង។ ឃុំមានភូមិចំនួន១៣គឺ ខ្លាឃ្មុំ‚ ត្រពាំងវែង‚ សាលា‚ សង្កែ‚ គោកធ្លក‚ តាភ្ញា‚ ថ្លុកស្មាច់‚ ព្រៃធំ‚ ស្លែងកោង‚ ស្វាយពក‚ ថ្នល់‚ តាលៀននិងម្កាក់។ នៅដើមទសវត្សរ៍ទី៨០ ភូមិស្លែងកោងនិងស្វាយពកត្រូវប្តូរទីតាំងទៅនៅខាងជើងភូមិថ្លុកស្មាច់ ឯភូមិតាលៀនត្រូវរើទៅខាងត្បូងភូមិម្កាក់ដោយ សារត្រូវទឹកជំនន់លិចជារៀងរាល់ខែវស្សាព្រោះតែសំណង់ទំនប់ម្កាក់។  នៅក្នុងឃុំមានវត្តតែមួយគត់គឺ វត្តឥន្ទកេសរា­រាម ហៅវត្តគោកធ្លក ដែលមានអាយុកាលជាង១០០ឆ្នាំមកហើយ។​

កាលពីមុនឆ្នាំ១៩៧០ ឃុំគោកធ្លកលើបច្ចុប្បន្ន រួមនឹងឃុំគោកធ្លកក្រោម ឃុំពង្រក្រោម និងពង្រលើ ស្ថិតនៅក្នុងឃុំតែមួយជាមួយគ្នា គឺឃុំទ័ពសៀម។ ស្ថិតក្រោមការកាន់កាប់របស់ខ្មែរក្រហមតាំងពី១៩៧០មកដោយសារឃុំទ័ពសៀមមានវិសាលភាពធំពេកពិបាកគ្រប់គ្រង ខ្មែរក្រហមក៏បំបែកចេញជា៤ឃុំខាងលើ (កាលនោះគេប្រើពាក្យសង្កាត់ ជំនួសពាក្យឃុំ)។

នាឆ្នាំ១៩៧៣ ក្រោមគោលនយោបាយកំចាត់វណ្ណៈនាយទុន ខ្មែរក្រហមជម្លៀសអ្នកផ្សារកំពង់ក្តីដែលគេនិយមហៅថាចិនកំពង់ក្តី អោយទៅរស់នៅភូមិតាភ្ញា ថ្លុក­ស្មាច់‚ ភូមិថ្នល់‚ ស្វាយពក‚ ស្លែងកោង‚ ម្កាក់ និងតាលៀន។ រីឯអ្នករដ្ឋការចាស់ដែលនៅក្នុងមុខសញ្ញាត្រូវសម្លាប់ឬធ្វើបាបត្រូវបានជម្លៀសទៅភូមិព្រៃឆ្ការ និងព្រៃស្នឹប ដែលជាភូមិត្រូវគេបោះបង់ចោល។​

នៅពេលដែលរបប លន់ នល់ ដួលរលំនាថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥ ប្រជាជនដែលរស់នៅក្នុងក្រុងនានាទូទាំងប្រទេសត្រូវបានជម្លៀសចេញដោយបង្ខំ។ ឃុំគោកធ្លកលើទទួលប្រជាជនថ្មីជាច្រើនរយគ្រួសារដែលភាគច្រើនជម្លៀសចេញពីក្រុងសៀមរាប ហើយដែលមួយចំនួនត្រូវអង្គការបញ្ជូនឲ្យទៅរស់នៅតាមភូមិជាមួយអ្នកមូលដ្ឋានចាស់ជាលក្ខណៈជនបញ្ញើ។ ឯប្រមាណជាង១០០គ្រួសារទៀតដែលមានគ្រួសារខ្ញុំផងដែរ ត្រូវបញ្ជូនឲ្យទៅបង្កើតជាភូមិថ្មីមួយហៅថាភូមិព្រៃវាំង ជាភូមិចាស់ដែលគេបោះបង់ចោលយូរហើយ ស្ថិតនៅចម្ងាយ៣គីឡូម៉ែត្រខាងជើងភូមិគោកធ្លក។ ប្រជាជនចំនួន១២០គ្រួសារដែលជាគ្រួសារទាហាន­ប៉ូលិស​ និងរដ្ឋការស៊ីវិលរបបលន់ នល់ត្រូវគេយកទៅឲ្យទៅរស់នៅភូមិព្រៃស្នឹប។

នៅភូមិម្កាក់មានសំណង់ដ៏ល្បីល្បាញមួយឈ្មោះថាទំនប់ម្កាក់ដោយសារតែការចំណាយកម្លាំងពលកម្ម និង   សម្ភារៈយ៉ាងច្រើនសម្បើម និងជាកន្លែងពិឃាតប្រជាជនរាប់រយនាក់ផងដែរ។ វាជាទំនប់កាត់ស្ទឹងជីក្រែងដើម្បីបង្វែរទឹកឲ្យហូរតាមប្រឡាយជីកថ្មីទៅស្រោចស្រពដីស្រែរាប់រយហិកតាក្នុងភូមិសាស្ត្រឃុំគោកធ្លកលើ‚ គោកធ្លកក្រោម‚ ពង្រក្រោម​ និងកំពង់ក្តី។

នៅក្បែរទំនប់ម្កាក់មានមូលដ្ឋានយោធាមួយ ដែលដំបូងគ្រាន់តែជាអង្គភាពការពារគណៈស្រុក (តាស៊ុន) ប៉ុណ្ណោះ  តែប្រែក្លាយជាមជ្ឈមណ្ឌលពិឃាតពីឆ្នាំ១៩៧៥ដល់១៩៧៧ ប្រល័យជីវិតមនុស្សទាំងគ្រួសារៗមកពីគ្រប់មជ្ឈដ្ឋាននៃរបបសាធារណរដ្ឋខ្មែរ  តាំងពីទាហាន­ប៉ូលីស អ្នករដ្ឋការគ្រប់ថ្នាក់  ជនស៊ីវិល  អ្នកជាប់ខ្សែស្រឡាយវៀតណាម ពលករពីបណ្តាកងចល័ត/ការដ្ឋានលត់ដំទំនប់ម្កាក់។ល។  មជ្ឈ­មណ្ឌលពិឃាតនេះចាប់ផ្តើមដំណើរការភ្លាមៗនាថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥ ហើយជនរងគ្រោះដំបូងៗគឺមានតាំងពីមន្រ្តីថ្នាក់ខ្ពស់ខេត្តសៀមរាប (ដូចជាឧត្តមសេនីយឯម សាន មេបញ្ជាការយោធភូមិភាគ) បណ្តាមេបញ្ជាការ­-មេបញ្ជាការរងតាមអង្គភាព និងជាពិសេសគឺយុទ្ធជននៅសមរភូមិមុខ។ ទីតាំងប្រល័យជាច្រើនកន្លែងស្ថិតក្នុងភូមិសាស្ត្រក្បែរៗនោះដូចជាភូមិស្វាយពកចាស់ និងអូរវល្លិ៍យាវ(ក្បែរភូមិព្រៃស្នឹប)ជាដើម។  នាពាក់កណ្តាលឆ្នាំ១៩៧៧ ទើបមូលដ្ឋានយោធាម្កាក់នោះត្រូវគណៈស្រុកដែលមកពីភូមិភាគនិរតីរំសាយចោល។

 ២-ប្រភពព័ត៌មាន
ហេតុការណ៍ស្ទើរតែទាំងអស់ដែលសរសេររៀបរាប់ក្នុងសៀវភៅនេះគឺបានមកពីអស់លោកជាសាក្សីរស់ដែលបានឆ្លងកាត់ផ្ទាល់ និងអស់លោកដែលបានដឹងឮ និងនៅមានការចងចាំច្រើន។​ នាមរបស់អស់លោកទាំងអស់នោះមាននៅក្នុងទំព័រថ្លែងអំណរគុណនៅចុងបញ្ចប់នៃសៀវភៅនេះ។

៣-ពាក្យពេចន៍

ពាក្យពេចន៍មួយចំនួនដែលខ្ញុំប្រើប្រាស់ក្នុងសៀវភៅនេះគឺជាពាក្យដែលប្រើក្នុងសម័យនោះ ដែលអ្នកអានសម័យក្រោយអាចនឹងពិបាកយល់បន្តិច ដូចជា ៖

អង្គការ  = អង្គការបដិវត្តន៍(សំដៅលើមេដឹកនាំ)

  • ជួរ = អង្គការបដិវត្តន៍(សំដៅលើអង្គភាព)។ ចូលជួរ គឺចូលបំរើបដិវត្តន៍។
  •  កម្មាភិបាល  = មន្រ្តីខ្មែរក្រហម។
  • តា ឬអ៊ំ (គ្រាមភាសាអ្នកសៀមរាបគឺអុំ) = ប្រើសម្រាប់ហៅកម្មាភិបាលដែលមានឋានៈខ្ពស់ (ធម្មតាចាប់ពីគណៈស្រុកឡើងទៅ)
  • ​ សមមិត្ត​ /សមមិត្តនារី = ប្រើសំរាប់ហៅពួកកម្មាភិបាលខ្មែរក្រហម ជាពាក្យដែលប្រើជំនួសពាក្យលោក­-លោកស្រីដែលយើងប្រើក្នុងសម័យនេះ។ ​
  • មិត្ត ​= ជាពាក្យដែលពួកកម្មាភិបាលប្រើសំរាប់ហៅប្រជាជន ឬក៏ប្រជាជនហៅប្រជាជនដូចគ្នា  ឧទាហរណ៍៖ មិត្តឯង មិត្តសុខ មិត្តសៅ។ ពាក្យនេះក៏ប្រើសំរាប់ហៅពួកយោធិនផងដែរ គឺពួកមិត្ត ដែលផ្ទុយគ្នានឹងពាក្យពួកខ្មាំង។
  • យោធា = យោធិន
  • ក្តាប់ =  គ្រប់គ្រង ត្រួតត្រា(ឲ្យជាប់ក្នុងកណ្តាប់ដៃ)។
  • ឈ្លប = អ្នកយកការណ៍។
  • ស្នើ = សុំ ។​ ពាក្យនេះពិរោះស្តាប់ តែមានន័យដាច់ខាតបំផុត ក៏ត្រូវបានប្រើសម្រាប់ការចាប់មនុស្សផងដែរ ឧ. អង្គការស្នើមិត្តឯង មានន័យថាអង្គការត្រូវចាប់ខ្លួនអ្នកឯង។
  • កម្ទេច = សម្លាប់។​ ពាក្យនេះបង្កប់នូវការអុចអាលពេជ្ឈឃាតឲ្យកាន់តែសាហាវឃោរឃៅ  គឺសឹងតែសម្លាប់ហើយកម្ទេចសាកសពឲ្យក្លាយជាធូលី ។
  • ទិស = ផែនការ  ឧ. អង្គការដាក់ទិស។
  • សមូហភាព = រួម   ផ្ទុយនឹងសួនតួ = ឯកជន។
  • ចាត់តាំង = បង្គាប់  ប្រើ។
  • និរសារ  = អ្នករត់សំបុត្រ
    កងចល័ត = កងកម្លាំងយុវជន-យុវនារីក្នុងក្របខណ្ឌសង្កាត់ ឬស្រុក ដែលត្រូវអង្គការដាក់ទិសអោយចល័តទៅការដ្ឋានការងារប្រមូលផ្តុំដើម្បីបំពេញការងារស្ទូងដក ឬធ្វើទំនប់ប្រឡាយជាដើម។
  • សហករណ៍ = គឺជាទីកន្លែងប្រមូលផ្តុំទ្រព្យសម្បត្តិឯកជនមកដាក់ជាសម្បត្តិរួម ជាពិសេសគឺស្រូវរួមទាំងចានឆ្នាំងផងដែរ សំដៅលុបបំបាត់ការហូបចុកជាលក្ខណៈគ្រួសារនៅតាមផ្ទះ។ 
  • នៅមានពាក្យខ្លះទៀតដែលខ្ញុំមិនបានប្រើក្នុងសៀវភៅនេះ គឺ៖
    សម្រាក = ដេក
    ប្រពន្ធ (ឬប្តី) = គ្រួសារ​​​
    លត់ដំ = តស៊ូ (ក្នុងការបំពេញភារកិច្ចដើម្បីបដិវត្តន៍)
    កសាង = កែប្រែ
    ទៅរៀនសូត្រ  = ទៅស្លាប់ (យើងស្វែងយល់ពីនិយមន័យនេះតាមការសង្កេតជាក់ស្តែង ព្រោះរាល់អ្នកដែលត្រូវអង្គការស្នើទៅរៀនសូត្រ មិនដែលឃើញវិលត្រឡប់មកវិញទេ) ។
    ហូប = ត្រូវបានប្រើប្រាស់ជំនួសពាក្យ ញ៉ាំ/ស៊ី/

  • ផែនការ «១ហិកតា៣តោន»
     
    ក្រោមមាគ៌ាមហាលោតផ្លោះមហាអស្ចារ្យ

ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ប្រជាជនត្រូវបានបែងចែកជា២ប្រភេទគឺ ប្រជាជនមូលដ្ឋានចាស់ ដែលជាអ្នករស់នៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហមតាំងពីឆ្នាំ១៩៧០ និងប្រជាជន១៧មេសា (ប្រជាជនថ្មី) ដែលជាអ្នកធ្លាប់រស់នៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលលន់ នល់។  ប្រជាជន១៧មេសា ត្រូវអ្នកមូលដ្ឋានចាស់រើសអើង និងប្រមាថមាក់ងាយយ៉ាងខ្លាំង ហើយទទួលរងការកាប់សម្លាប់យ៉ាងរង្គាល ជាពិសេសអតីតទាហាន និងប៉ូលីស។ ប៉ុល ពត­ –  នួន ជាដែលជាមេក្លោងរបស់ខ្មែរក្រហមបានដាក់ចេញនូវគោលនយោបាយ៨ចំណុច  ដែលចំណុចទី៥ គឺកម្ទេច (សម្លាប់) នូវរាល់មន្ត្រីរដ្ឋការរបបលន់ នល់។  ការអនុវត្តចំណុចនេះមានកំរិតតឹងតែងខុសគ្នាទៅតាមការចាត់ចែងដឹកនាំរបស់កម្មាភិបាលនៅតាមមូលដ្ឋាន ៖ ​
– នៅស្រុកជីក្រែងដែលជាទីដែលគ្រួសារខ្ញុំជម្លៀសទៅ ក្នុង២ឆ្នាំដំបូង(មុនការមកដល់របស់ភូមិភាគនិរតី) មិនមានការសម្លាប់គ្រូបង្រៀន ពេទ្យ និងបញ្ញវន្តផ្សេងៗទេ គឺសម្លាប់តែទាហាន ប៉ូលិស​ និងអ្នករដ្ឋការស៊ីវិលថ្នាក់ខ្ពស់។ អ្នកដែលមានឋានៈចាប់ពីស័ក្តិមួយ(អនុសេនីយត្រី)ឡើងទៅត្រូវបានសម្លាប់ទាំងគ្រួសារ  ចាប់ពីឋានៈព្រិន្ទបាលឯកចុះក្រោម ត្រូវលើកលែងមិនសម្លាប់ប្រពន្ធកូន។
– ឯស្រុកស្វាយលើជាប់គ្នានឹងស្រុកជីក្រែងឯណោះវិញ គ្រូបង្រៀនរួមទាំងប្រពន្ធកូន និងអ្នករស់នៅជាមួយត្រូវអង្គការស្នើទាំងអស់។​ នៅទីនោះ ខ្ញុំបាត់បង់ជីទួតមួយរបស់លោកប៉ា គឺលោកអ៊ុំ សុខ សម្បត្តិ (ដែលជាសាស្រ្តាចារ្យបរិញ្ញាប័ត្រផ្នែកភាសាខ្មែរនៅវិទ្យាល័យសៀមរាប) និងក្រុមគ្រួសាររបស់គាត់ មានប្រពន្ធ កូន២នាក់ ម្តាយក្មេក ប្អូនថ្លៃ និងក្មួយៗមួយចំនួន។​
– នៅស្រុកបារាយណ៍ ខេត្តកំពង់ធំដែលជាស្រុកកំណើតរបស់ប្រពន្ធខ្ញុំ រាល់បណ្តាមនុស្សដែលជម្លៀសចេញពីទីក្រុងត្រូវគេសម្លាប់ផ្តាច់ពូជចាប់តាំងពីទារករហូតដល់មនុស្សចាស់ជរាដើរមិនរួច។​

រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យក្រោមការដឹកនាំដោយបក្សកុម្មុយនិស្តកម្ពុជាបានកំណត់យកកសិកម្មជាមូលដ្ឋានគ្រឹះក្នុងការកសាងសេដ្ឋកិច្ចជាតិក្រោមពាក្យស្លោក «មានស្រូវគឺមានអ្វីៗទាំងអស់»  ដូច្នេះហើយបានជាទាំងប្រជាជនមូលដ្ឋានចាស់ទាំងប្រជាជនថ្មី១៧មេសាត្រូវបានអង្គការបក្សជម្រុញឲ្យបង្កបង្កើនផលស្រូវយ៉ាងពេញទំហឹង។ កម្មសិទ្ធិដីធ្លីត្រូវបានលុបបំបាត់ចោលទាំងស្រុង  ហើយអ្វីៗគ្រប់យ៉ាងគឺជាទ្រព្យសម្បត្តិរបស់សមូហភាព។ រដ្ឋបាលសាធារណៈ ទីផ្សារ សាលារៀន សូម្បីតែមន្ទីរពេទ្យក៏ត្រូវបំបិទចោល  ហើយគ្រប់ៗគ្នាត្រូវចូលរួមក្នុងការបង្កបង្កើនផល ស្រូវ។​ គណៈដឹកនាំមូលដ្ឋានចាប់ពីថ្នាក់សង្កាត់ឡើងទៅសុទ្ធសឹងជាកម្មាភិបាលក្នុងជួរ ដែលចេះអាន ចេះសរសេរបានតិចតួចតែចេះទ្រឹស្តីបដិវត្តន៍ច្រើន ហើយរាល់សម្តីរបស់ពួកគេគឺជាបញ្ជា ដែលមិនអាចប្រកែកឬតវ៉ាបានឡើយ។

នាខែវិច្ឆិកា១៩៧៥ អង្គការបក្សបានរៀបចំធ្វើមហាសន្និបាតសេដ្ឋកិច្ចដោយ​កំណត់ផែនការបង្កើតទិន្នផលស្រូវឲ្យកើនជាលំដាប់ដូចតទៅ​​៖
-១៩៧៦: សម្រេចទិន្នផល៣​តោនក្នុង១ហិកតា

-១៩៧៧: ៤-៥តោន
-១៩៧៨ ​ :៦​​​​​​​​​​​​​-៧ តោន

ផែនការខាងលើនេះជាផែនការធំហួសមាឌ គឺដោយសារតែមហិច្ឆតារបស់ ប៉ុល ពត ដែលចង់អួតដាក់ពិភពលោកពីស្នាដៃដឹកនាំរបស់ក្រុមខ្លួន តែមិនគិតគូរទាល់តែសោះដល់លទ្ធភាពនៃការអនុវត្តន៍ក្នុងស្ថានភាពដ៏លំបាក គឺប្រទេសជាតិទើបតែចប់សង្គ្រាមដ៏មហន្តរាយ និងពោរពេញទៅដោយការកាប់សម្លាប់ធនធានមនុស្សដែលប្រកប​ដោយសក្តានុពល។ ដោយដើរតាមមនោគមន៍វិជ្ជាបដិវត្តន៍វប្បធម៌របស់ចិន អង្គការបក្សក៏ដាក់ចេញនូវផែនការនយោបាយប្រកបដោយគ្រោះថ្នាក់មួយ គឺបន្តតស៊ូប្រឆាំងពួកចក្រពត្តិនិយម  តស៊ូវណ្ណៈឲ្យកាន់តែខ្លាំងក្លា និងពង្រឹងនយោបាយខ្លួនទីពឹងខ្លួនឯករាជ្យម្ចាស់ការ ដែលក្នុងការអនុវត្តន៍ជាក់ស្តែងគឺជាការបង្ហូរឈាមប្រជាជនឯងរាប់លាននាក់។

​​ អង្គការបក្សទាត់ចោលស្ទើរតែទាំងស្រុងនូវអ្វីដែលគេហៅថាកម្អែលពីរបបចាស់  មិនបានប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកទេស និងពលករជំនាញដែលមានស្រាប់ទេ តែជឿជាក់ថាជំនឿស៊ប់លើបក្ស និងការចូលរួមបង្កបង្កើនផលយ៉ាងសស្រាក់សស្រាំដោយកម្លាំងពលកម្មសរុបអាចនឹងសម្រេចផែនការរបស់បក្សបានដោយងាយ។ ជាលទ្ធផលនៃការគិតបែបនេះប្រជាជនទូទៅធ្វើការធ្ងន់ធ្ងរបាក់កម្លាំងខ្លះឈឺស្លាប់ អត់បាយក្រហាយទឹកស្គមស្គាំងរីងរៃ ហើយនៅតែមិនសម្រេចបានតាមផែនការដែលដាក់ចុះទៀតផង។ ដើម្បីជៀសវាងពីការចោទប្រកាន់ថា​«ក្បត់»  ឬ​ «ខ្មាំង» គណៈដឹកនាំគ្រប់ថ្នាក់តែងតែរាយការណ៍យកល្អ មិនដែលឲ្យថ្នាក់លើដឹងថាខ្លួនមិនបានសម្រេចទៅតាមផែនការនោះទេ ដូច្នេះហើយទើបមានការនាំចេញស្រូវយ៉ាងច្រើន ដែលធ្វើឲ្យប្រជាជនក្នុងស្រុកខ្វះស្រូវអង្ករហូប ត្រូវហូបដំឡូងឬក្តួច ដាំបាយលាយស្លឹកដំឡូងឬស្លឹកបន្លែព្រៃដើម្បីបំពេញការខ្វះខាត។ លើសពីនោះ អំបិលក៏ខ្វះខាតណាស់ដែរដោយសារតែអភិបាលកិច្ចដ៏ទន់ខ្សោយ និងប្រព័ន្ធគមនាគមន៍ត្រូវបំផ្លិចបំផ្លាញស្ទើរទាំងស្រុង។

ក្នុងឆ្នាំ១៩៧៥នោះ  សហករណ៍កំរិតខ្ពស់នៅមិនទាន់ត្រូវបានបង្កើតឡើងនៅឡើយ  ប្រជាជនភាគច្រើននៅដាំបាយតាមផ្ទះ។ ដើម្បីកុំឲ្យដាច់បាយស្លាប់ ប្រជាជន១៧  មេសាខ្លះដែលមានគ្រឿងអលង្ការជាប់នឹងខ្លួនបានធ្វើការដោះដូរជាមួយប្រជាជនមូលដ្ឋានចាស់យកអង្ករ និងអំបិលមកហូប។  ខ្សែកមាសមួយខ្សែទម្ងន់ប្រហែល៥ជី ដូរបានអំបិលប្រមាណមួយកំប៉ុងទឹកដោះគោប៉ុណ្ណោះ។ ខ្ញុំឃើញមានប្រជាជនជាច្រើនហើមខ្លួនឈឺស្លាប់ដោយសារតែខ្វះជាតិអំបិល។

ទីបំផុត  អង្គការបក្សថ្នាក់កំពូលបានដឹងពីបរាជ័យនៃផែនការ១ហិកតា៣តោន តែមិនទទួលស្គាល់ថាបណ្តាលមកពីការដឹកនាំដ៏ឆ្កួតលេលារបស់ខ្លួនទេ  បែរជាចោទប្រកាន់ថាជាកំហុសនៃការដឹកនាំរបស់ថ្នាក់ក្រោមទៅវិញ។ កួបផ្សំនឹងជំនឿថាខ្មាំងសត្រូវបរទេសនៅតែមានផែនការប្រឆាំងនឹងបដិវត្តន៍ ប៉ុល ពត – ­នួន ជាក៏ធ្វើការសន្និដ្ឋានដោយទុទិដ្ឋិនិយមថាការមិនសំរេចតាមផែនការកន្លងមកគឺជាស្នាដៃរបស់ខ្មាំងបង្កប់ក្នុងជួរថ្នាក់ដឹកនាំ ទើបបញ្ជាឲ្យចាប់ខ្លួនកម្មាភិបាលថ្នាក់ភូមិភាគ។ ដោយអនុវត្តទ្រឹស្តី “ជីកស្មៅត្រូវជីកទាំងឫស” ការចាប់ខ្លួនក៏រាលដាលដល់ថ្នាក់ក្រោមជាបន្តបន្ទាប់រហូតដល់ថ្នាក់ស្រុក និងសង្កាត់។ កម្មាភិបាលភូមិភាគឧត្តរត្រូវជាប់ចោទថាក្បត់  ត្រូវចាប់ខ្លួនបញ្ជូនទៅថ្នាក់លើ  ហើយកម្មាភិបាលពីភូមិភាគនិរតីដែល ប៉ុល ពត­ – នួន ជាទុកចិត្តត្រូវបានបញ្ជូនអោយទៅក្តាប់វិញម្តង ។

 ការមកដល់របស់ពួកភូមិភាគនិរតី

នៅស្រុកជីក្រែងខេត្តសៀមរាបជាទីដែលខ្ញុំរស់នៅក្នុងសម័យនោះ នាដើមឆ្នាំ១៩៧៧ឃើញការមកដល់នៃកម្មាភិបាល មកពីភូមិភាគនិរតី ដែលមានជំនួយដោយយោធាមកពីភូមិភាគបូព៌ា។ ពួកទាំងនោះមាន​ ៖­
តាសុក ជាគណ:ស្រុក
តាសន ជាអនុប្រធាន-
– សមមិត្ត បើន ជាប្រធានយោធាស្រុក
គ្រាន់តែមកដល់ភ្លាម ពួកនេះប្រើល្បិចហៅតាស៊ុន (គណៈស្រុកចាស់)  និងតាសឿន (ប្រធានយោធាស្រុក)ទៅប្រជុំ ហើយចាប់បញ្ជូនទៅថ្នាក់តំបន់(សៀមរាប)។​​ តាកត់ដែលជាអនុប្រធាន និងសមមិត្តស៊ីមដែលជាសមាជិកស្រុកត្រូវបានគេសម្រួលសតិអារម្មណ៍ឲ្យធ្វើការបន្តទៀត តែតាមពិតគឺជាការបោកប្រើសិន មុននឹងចាប់ខ្លួន នៅពេលដែលលែងមានប្រយោជន៍។  កងយោធាស្រុកជីក្រែងដែលធ្លាប់នៅក្រោមការគ្រប់គ្រងរបស់តាស៊ុនត្រូវបានដកអាវុធចេញទាំងអស់។

​ ភារកិច្ចបន្ទាប់របស់ពួកនេះគឺ «រកខ្មាំង» ដោយប្រើល្បិចមួយដ៏ថោកទាប គឺញុះញង់ប្រជាជនជនឲ្យស្អប់​ និងបះបោរប្រឆាំងនឹងពួកកម្មាភិបាលដែលធ្លាប់ស្ថិតនៅក្រោមការដឹកនាំរបស់តាស៊ុន  ដើម្បីជាលេសក្នុងការបង្ក្រាប។ អស់រយ:ពេលប្រមាណ​២-៣​ខែ ដែលពួ​កតាសុក​-តាសនជិះឡានទៅប្រជុំតាមភូមិ-សង្កាត់  ពាក់អាវស ដៃខ្លី ធ្វើឫកពាដូចជាអ្នកស្លូតបូតចេះដឹង និយាយថ្កោលទោសគណៈស្រុកចាស់ថាក្បត់មាគ៌ាបក្ស​ កាប់សម្លាប់  បង្អត់បាយប្រជាជន បង្ខំឲ្យធ្វើការងារហួសកម្លាំង គ្មានផ្សារ/សាលារៀន/ វត្តអារាម។ល។ នៅកន្លែងខ្លះ មានការអនុញ្ញាតអោយធ្វើបុណ្យភូមិដោយមានការរាំរែក និងច្រៀងបទចម្រៀងពីសង្គមចាស់ផងដែរ ដូចជានៅភូមិត្រពាំងវែង សង្កាត់កំពង់ក្តីជាដើម។

ថ្ងៃមួយនាដើមខែមេសា ឆ្នាំ១៩៧៧ តាសុកបានជិះឡានទៅប្រជុំពលករនៅឯភូមិទ័ពសៀម សង្កាត់គោកធ្លកក្រោម នាការដ្ឋានកាយដីបាតត្រពាំងយកទៅធ្វើជាជីដាក់ស្រែ ។  គាត់មានអាយុជាង៥០ឆ្នាំ ជក់ថ្នាំតាំងមូរស្លឹកសង្កែ ពាក់អាវព៌ណស បត់ក្រមាជាពីរដាក់ពាក់លើស្មាម្ខាង មើលទៅទំនងដូចជាអាចារ្យម្នាក់យ៉ាងដូច្នោះ។  នៅក្នុងពេលប្រជុំ គាត់ស្រក់ទឹកភ្នែកយំយែកនិយាយអាណិតអាសូរប្រជាជននៅទីនោះដែលធ្វើការពលកម្មពីព្រលឹមទល់ព្រលប់  មិនដែលបានហូបគ្រប់គ្រាន់ បែកកូន បែកឪពុកម្តាយ  ហើយត្អូញត្អែរថាគ្មានវត្តគ្មានលោកសង្ឃធ្វើបុណ្យ  គ្មានសាលាឲ្យក្មេងៗរៀន។ល។  នៅពេលនោះគ្មានអ្នកណាម្នាក់ដែលមិនជឿការសម្តែងដ៏សមឥតខ្ចោះនោះទេ ចាប់ផ្តើមមានកំហឹងនឹងគណៈស្រុកចាស់ ហើយមានការជឿទុកចិត្តយ៉ាងខ្លាំងលើគណៈស្រុកថ្មី។

​​​​​​ នៅភូមិព្រៃធំឃុំគោកធ្លកលើមានព្រឹទ្ធាចារ្យម្នាក់ឈ្មោះយានដែលមានស្រុកកំណើតនៅខេត្តតាកែវ ប្រជាជនបាននិយាយតៗគ្នាថាគាត់ធ្លាប់បានបួសរៀនជាមួយតាសុក  ដែលធ្វើឲ្យអ្នកភូមិព្រៃធំ និងក្រោយមកឃុំគោកធ្លកលើទាំងមូលកាន់តែជឿទុក ចិត្តលើគណៈស្រុកថ្មី។  ភូមិនីមួយៗមានការជ្រើសរើសចាត់តាំងកងនិរសារដើម្បីធ្វើការទាក់ទងគ្នាជាមួយថ្នាក់សង្កាត់និងស្រុក។ មានចាស់ៗអ្នកភូមិខ្លះនៅចាំបានថាឃើញពួកនិរសារបង្ហាញសំបុត្រមកពីថ្នាក់ស្រុកដែលមានបោះត្រាពណ៌ក្រហមទៀតផង។​ ​តាមពិតគឺជាការក្លែងសំបុត្រដើម្បីបោកបញ្ឆោតប៉ុណ្ណោះ។

ជារៀងរាល់ថ្ងៃ បណ្តាបុរសៗទាំងជាអ្នកមូលដ្ឋានចាស់ និងអ្នក១៧មេសាផងដែរ ប្រដាប់ដោយផ្គាក់ពូថៅប្រមូលផ្តុំគ្នាជាក្រុមៗដើរពីភូមិមួយទៅភូមិមួយដើម្បីកែនកម្លាំងអោយបានកាន់តែច្រើន។ ពួកគាត់ទៅដល់ភូមិណា ភូមិនោះត្រូវដាំបាយកាប់ជ្រូកធ្វើម្ហូបទទួលដោយពុំបាច់មានការសម្រេចពីប្រធានភូមិ ឬប្រធានសហករណ៍ឡើយ។

ថ្ងៃមួយអំពើហឹង្សាក៏បានផ្ទុះឡើងនៅសង្កាត់គោកធ្លកលើ គឺពួកក្រុមបាតុករបានដេញកាប់សម្លាប់កម្មាភិបាលថ្នាក់សង្កាត់ ៖ សមមិត្តឈឿងត្រូវបានក្រុមបាតុកររកឃើញនៅវាលស្រែខាងលិចភូមិទ័ពសៀម ហើយកាប់គាត់ស្លាប់ដោយមានកាន់គ្រាប់ បែកនៅនឹងដៃ។ នៅខាងត្បូងភូមិបន្តិច សមមិត្តហេងក៏ត្រូវបានសម្លាប់ផងដែរ។ សមមិត្តហ៊ាត្រូវបានសម្លាប់នៅខាងកើតភូមិគោកធ្លក។​ សមមិត្តសាដែលជាគណៈសង្កាត់​ ជាមេកើយរបស់អ្នកទាំង៣ខាងលើ បានរត់ពួនគេចខ្លួនផុតពីការប្រមាញ់របស់ក្រុមបាតុករនាពេលនោះ។

ព្រឹត្តិការណ៍បះបោរប្រឆាំងនឹងកម្មាភិបាលខ្មែរក្រហមបានឆ្លងពីសង្កាត់មួយទៅសង្កាត់មួយទៀតយ៉ាងឆាប់រហ័ស ហើយទីបំផុតក៏រាលដាលដល់ការដ្ឋានការងារដ៏ធំមួយនៅរហាលព្រួល ក្នុងភូមិសាស្រ្តឃុំល្វែងឫស្សី ស្រុកជីក្រែង  ជាប់ព្រុំប្រទល់គ្នានឹងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។  នៅទីនោះ អង្គការបានបញ្ជូនកងចល័តរាប់ពាន់នាក់ពីតាមសង្កាត់នានាទៅធ្វើទំនប់យ៉ាងវែងតាមបណ្តោយទន្លេសាបដើម្បីស្ទាក់យកទឹកនារដូវវស្សាទុកធ្វើស្រែប្រាំង។ ​​ ​

នៅថ្ងៃទី១២ខែមេសាឆ្នាំ១៩៧៧  មានអ្នកជិះសេះម្នាក់កាន់កាំភ្លើង និងមនុស្សមួយចំនួនទៀតប្រដាប់ដោយផ្គាក់និងពូថៅមកពីសង្កាត់ជីក្រែងបានបំផុសអ្នកនៅការដ្ឋានឲ្យងើបបោះបោរឡើង។ ពពួកបណ្តាមិត្តក្នុងជួរ និងកម្មាភិបាលគ្រប់គ្រងការដ្ឋានបាននាំគ្នារត់យ៉ាងប្រផាប់ប្រភីង ហើយក្រុមបាតុករបានកាប់សម្លាប់ សមមិត្តខេងដែលជាកម្មាភិបាលថ្នាក់ស្រុកទទួលបន្ទុកសិក្សាធិការ និងកម្មាភិបាលមួយចំនួនទៀត។ ការដ្ឋានទាំងមូលច្របូកច្របល់ក្រឡាប់ចាក់  បណ្តាពលករក្នុងកងចល័តក៏រត់ចេញវិលត្រឡប់ទៅជួបជុំគ្រួសារនៅតាមភូមិរៀងៗខ្លួនវិញ។ លោកពូហ៊ុត  ជាអ្នកភូមិតាភ្ញាឃុំគោកធ្លកលើ កាលនោះធ្វើជាប្រធានកងដឹកជញ្ជូនប្រចាំការដ្ឋាន មានរទេះគោ២០០គ្រឿងជាសមាជិក បររទេះរត់ចេញពីការដ្ឋានទៅផ្ទះនៅគោកធ្លកលើ បានប្រទះឃើញសពកម្មាភិបាល២នាក់(ប្រុសម្នាក់ស្រីម្នាក់)នៅតាមផ្លូវ។​ អ្នករួមដំណើរជាមួយគាត់មានបំណងចង់ដោះនាឡិកាពីដៃសពនារីនោះ តែត្រូវលោកពូហ៊ុតរារាំង។ 

ហេតុការណ៍បះបោរនៅការដ្ឋានរហាលព្រួលបានធ្វើឲ្យកំសួលបាតុកម្មនៅតាមបណ្តាសង្កាត់នានាកាន់តែពុះពោរឡើង។ នៅសង្កាត់គោកធ្លកលើ ក្រុមបាតុករបានបង្កើនការស្វែងរក សមមិត្តសា ដែលជាគណៈសង្កាត់ និងព្យាយាមចូលទៅកាន់កាប់មូលដ្ឋានទ័ពនៅទំនប់ម្កាក់  តែមិនបានសម្រេច ដោយពួកយោធានៅទីនោះនៅមានអាវុធមួយដើម ហើយប្តេជ្ញាតដៃការពារខ្លួនរហូតដល់នាទីចុងក្រោយ។

តាមរយៈការទាក់ទងគ្នាចុះឡើងជាប្រចាំរបស់ពួកនិរសារ  ក្រុមបាតុករបានទទួលដំណឹងថានឹងមានការធ្វើបាតុកម្មធំនៅ ថ្ងៃសុក្រទី​១៥ មេសា ១៩៧៧  ហើយថ្នាក់លើនឹងបញ្ជូនទ័ពមកជាជំនួយផងដែរ​។

ប្រផ្នូលមរណៈ

  • នាខែមិនាឆ្នាំ១៩៧៧ ដើមស្វាយព្រៃធំៗទាំង៥-៦ដើមនៅតាមរបងវត្តគោកធ្លក មានកើតរឿងចម្លែកមួយដែលធ្វើប្រជាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង គឺមានស្នាមម៉្យាងរាងដូចបាតជើងមនុស្សតាំងពីគល់ដល់ចុងស្វាយគ្រប់ដើម។​ ស្នាមនិមួយៗដិតជ្រៅទៅក្នុងសំបក ទក់ដូចគេដំនឹងញញួរ ហើយមានប្រវែងពី៣ទៅ៥តឹកឯណោះ។ ប្រជាជនមានជំនឿថានឹងមានហេតុការណ៍សំខាន់មួយកើតឡើងក្នុងពេលខាងមុខជាមិនខាន។​
  • លោកប៉ាខ្ញុំជាកូនទោលក្នុងគ្រួសារ ដូច្នេះគាត់គ្មានបងប្អូនបង្កើតទេ មានតែប្អូនជីដូនមួយតែប៉ុណ្ណោះ។ ម្នាក់ក្នុងចំណោមនោះគឺជាសមមិត្តអ៊ុន ដែលជាកម្មាភិបាលថ្នាក់សង្កាត់ក្រោមការគ្រប់គ្រងរបស់សមមិត្តសា។ គាត់ជាមនុស្សនិយមកណ្តាល ចូលចិត្តនិយាយបែបកំប្លែង មិនដែលយកទោសអូសដំណើរអ្នកណាទេ ទើបបានជាពួកបាតុករមិនសម្លាប់គាត់ គ្រាន់តែដាក់កំហិតឲ្យនៅតែផ្ទះប៉ុណ្ណោះ។ ដោយសារមានផ្ទះនៅមិនឆ្ងាយប៉ុន្មានពីគ្នា សមមិត្តអ៊ុនតែងតែទៅសម្រាកពេលយប់ជាមួយលោកប៉ា ព្រោះពួកគាត់ស្រឡាញ់គ្នាណាស់។ មានយប់មួយនោះ ពួកគាត់និយាយគ្នាពីរឿងសភាពការណ៍ស្រុកទេសដូចសព្វដង ហើយក៏ប្រឡែងលេងធ្វើដូចជាអារកសម្លាប់គ្នាដោយយកម្រាមដៃធ្វើជាកាំបិត។ គ្មានអ្នកណានឹកស្មានសោះថាល្បែងហ្នឹងគឺជាប្រផ្នូលមរណៈរបស់ពួកគាត់ឡើយ។​
  • ប្អូនស្រីខ្ញុំម្នាក់ឈ្មោះខឹមដែលម្តងនោះជើងកើតដំបៅចោះជ័រដើរទៅណាឆ្ងាយមិនបាន តែងទៅអង្គុយមើលលោកប៉ាពូនរងដម្លូងជ្វានៅខាងក្រោយផ្ទះ។ ថ្ងៃមួយគាត់និយាយប្រាប់ខឹមថា «សភាពការណ៍ស្រុកទេសសព្វថ្ងៃពិបាកណាស់ ។ មើលទៅប៉ាបែបជាមិនអាចរស់បានយូរប៉ុណ្ណាទៀតទេ តែក៏នឹងមិនរត់ទៅណាដែរ សុខចិត្តស្លាប់នៅទីនេះឲ្យកូនៗបានឃើញឆ្អឹង។  ពេលអត់ពីប៉ាទៅ កូនត្រូវមើលថែយាយផង»។ (ខ្ញុំស្រក់ទឹកភ្នែក នៅពេលដែលខ្ញុំសរសេរដល់ចំណុចនេះ និងនៅរាល់ពេលដែលខ្ញុំអានបណ្តាំចុងក្រោយនេះរបស់លោកឪពុក)។ 

ថ្ងៃមហាសោកនាដកម្ 

តាំងពីព្រលឹមអុរនាថ្ងៃទី១៥ខែមេសាឆ្នាំ១៩៧៧ គ្រប់ភូមិទូទាំងសង្កាត់គោកធ្លកលើ​មានសភាពអ៊ូអរ ស្រីៗក្រោកដាំបាយខ្ចប់ ប្រុសៗប្រដាប់ដោយផ្គាក់ពូថៅជួបជុំពិភាក្សាពីរឿងសំខាន់ដែលនឹងត្រូវធ្វើនាថ្ងៃនោះ។ លោកមា  ទៀង អួននៅភូមិខ្លាឃ្មុំដឹងច្បាស់ថានឹងមានការបង្ក្រាបក្រុមបាតុករ ព្រោះកាលពីមួយថ្ងៃមុននោះមានយោធាម្នាក់ឈ្មោះសមមិត្តហឿនបានជិះកង់ពីកំពង់ក្តីមកពឹងគាត់ឲ្យទៅប្រាប់ឪពុកគេនៅភូមិសង្កែផងថាកុំចូលរួមធ្វើបាតុកម្មឲ្យសោះ ព្រោះអង្គការនឹងចុះមកបង្ក្រាបហើយ។ ហឿនបញ្ជាក់ថាខ្លួនគេផ្ទាល់ត្រូវបញ្ជូនចេញពីមូលដ្ឋានទ័ពនៅកំពង់ចាមដើម្បីទៅបង្ក្រាបការបោះបោរនៅតាយ៉ែក(កាលនោះតាយ៉ែកស្ថិតក្នុងស្រុកជីក្រែង)។ លោកមាទៀង អួនបានប្រាប់រឿងនេះដល់អ្នកភូមិជាមួយគ្នា ខ្លះក៏ជឿគាត់ អ្នកខ្លះក៏មិនជឿ។

នាព្រឹកនោះ លោកប៉ាខ្ញុំបានរៀបចំខ្លួនចេញដំណើរទៅក្រៅ ដោយស្លៀកពាក់ខោអាវឈុតក្រណាត់កាណាដាពណ៌បៃតងក្រមៅ បង់កនឹងក្រណាត់ទេសឯកពណ៌សលាយផ្កាពណ៌ស្វាយ ជាក្រណាត់ជំនួយរបស់ចិនដែលប្រធានភូមិទើបនឹងចែកអោយ។ គាត់និយាយប្រាប់ម្តាយខ្ញុំថាព្រឹកនោះគាត់នឹងទៅជួបកម្លាំងទ័ពដែលចុះមកជួយ ពេលរួចរាល់ហើយនឹងបង្ហួសទៅយកខ្ញុំ (កៅ សំរិទ្ធ) ពីទន្លេសាបមកផ្ទះវិញ។ នៅពេលនោះរូបខ្ញុំកំពុងធ្វើការនេសាទត្រីនៅឯស្ទឹងកំបុតនាមាត់ទន្លេសាបក្នុងភូមិសាស្ត្រស្រុកជីក្រែង។ លោកប៉ាបានបីនិងថើបកូនស្រីពៅឈ្មោះ ម៉ាលីដែលទើបនឹងមានអាយុ៧­-៨ខែ ហើយនៅពេលដែលលោកមាវនមកដល់ ពួកគាត់ទាំងពីរក៏ដើរបណ្តើរគ្នាចេញទៅទិសខាងកើត។ លោកយាយហួត  អ្នកម្តាយ និងប្អូនៗខ្ញុំមាន មង់ ខឹម គីង និងអូនបានសម្លឹងមើលលោកប៉ាចាកចេញពីផ្ទះ ហើយមិនបានដឹងថាថ្ងៃនោះគាត់ចាកចេញពីពួកយើងជារៀងរហូតសោះឡើយ។

ប្រមាណជាម៉ោងជាង៧ព្រឹក រថយន្តយោធា៣គ្រឿងដែលដឹកនាំដោយតាសុក ជាគណៈស្រុកថ្មី បានមកដល់ដើមភូមិខ្លាឃ្មុំ(ផ្នែកខាងត្បូង)។ ពួកយោធាក្មេងៗប្រមាណជាង២០នាក់ ស្លៀកខោរឹតខ្មៅមូរជើងដល់ជង្គង់ អាវខ្មៅ មានក្រមាបង់ក​ ប្រដាប់ដោយកាំភ្លើងអាកា៤៧ ​និងអិម៧៩ ចុះពីឡានយោធាចិន ដើររាយគ្នាព័ទ្ធភូមិជា២ខ្សែ ៖ មួយខ្សែដឹកនាំដោយ សមមិត្តបើនដែលជាប្រធានយោធាស្រុកថ្មីរបស់តាសុក និងមួយខ្សែទៀតដឹកនាំដោយ សមមិត្តស៊ីម(ដែលជាសមាជិកស្រុករបស់គណៈស្រុកចាស់របស់តាស៊ុន) ។ ​ ឯតាសុកដែលជាមេដឹកនាំប្រតិបត្តិការ ពាក់អាវពណ៌ពងក្រសារខុសគេ  បត់ក្រមាជាពីរពាក់លើស្មាម្ខាងដូចសព្វដង មាត់បៀមបារីថ្នាំតាំងមូរស្លឹកសង្កែ ជិះឡានហ៊្សីបមួយគ្រឿង និងមានកងការពារបួនប្រាំនាក់ជិះឡានហ្សីបមួយគ្រឿងទៀតតាមពីក្រោយ។ គាត់ឈប់ឡាននៅកន្លែងមួយដែលមានមនុស្សជុំគ្នាហើយស្រែកសួរថា«មានផ្គាក់ពូថៅបាយកញ្ចប់ព្រោងព្រាតហ្នឹងបំរុងទៅធ្វើអ្វីនៅឯណា?» ពេលនោះដើម្បីបញ្ជៀសគ្រោះថ្នាក់ លោកមាទៀង អួន និងគ្នីគ្នាគាត់ប៉ុន្មាននាក់ប្រញាប់ឆ្លើយឲ្យបានមុនគេថា«ទៅកាប់ចំការ»។ តាសុកក៏ស្រែកតបវិញថា «បើអញ្ចឹងប្រញាប់ទៅកាប់ទៅ» ហើយក៏បញ្ជាឲ្យហៅពួកទ័ពដែលកំពុងព័ទ្ធភូមិអោយត្រឡប់មកឡើងឡានវិញហើយធ្វើដំណើរទៅមុខទៀត។

នៅពេលឡានតាសុកទៅដល់ដើមភូមិត្រពាំងវែង ម្តុំស្ពានទី១ បុរសម្នាក់ឈ្មោះអេតបានក្រឡេកឃើញហើយស្មានថាជាកម្លាំងទ័ពដែលមកជួយក្រុមបាតុករក៏ដើរសំដៅទៅក្បួនឡាន ហើយនិយាយស្វាគមន៍។ ភ្លាមៗក្រោយពីដឹងថាគាត់ជាបាតុករ យោធាម្នាក់បានបាញ់គាត់ដួលស្លាប់​​ ហើយបានស្រែកសួរអ្នកភូមិដែលនៅជិតនោះថា  «តើម្នាក់នេះជាអ្នកមូលដ្ឋានចាស់ឬ១៧​មេសា?»​​ អ្នកភូមិឆ្លើយថា «ជាអ្នក១៧មេសា»។  តាសុកក៏បញ្ជាឲ្យកងយោធាហ៊ុំព័ទ្ធភូមិ និងហៅមនុស្សឲ្យទៅប្រជុំនៅស្ពានទី២ស្ថិតនៅចុងខាងជើងភូមិចម្ងាយប្រមាណ៣០០ម៉ែត្រ​ពីស្ពានទី១។ បុរសស្ត្រីដែលនៅតាមផ្ទះក្តី អ្នកឃ្វាលគោ អ្នកឡើងត្នោត អ្នកដំណើរថ្មើរជើង កង់ រទេះគោក្តី ត្រូវពួកយោធាបង្ខំឲ្យទៅប្រជុំទាំងអស់។

នៅចុងខាងជើងភូមិ ពួកយោធាបានឃាត់ខ្លួនអ្នកភូមិម្នាក់ឈ្មោះព្រឿន ដែលកន្លងមកត្រូវបានគេចាត់តាំងអោយធ្វើជានិរសាររបស់ក្រុមបាតុករប្រចាំភូមិ។  នៅពេលនោះគាត់ទើបនឹងវិលត្រឡប់មកពីមើលស្ថានការណ៍បាតុកម្មនៅភូមិគោកធ្លក។ ដោយយល់ច្រឡំដែរថាពួកនោះជាកងទ័ពដែលមកជួយ ទើបបានជាគាត់និយាយប្រាប់ពួកនោះថា«ប្រជាជនកំពុងធ្វើបាតុកម្ម » ហើយនៅពេលដែលពួកយោធាសួរថាអ្នកណាជាអ្នកឲ្យធ្វើ  គាត់ឆ្លើយប្រាប់ថា  «គណៈភូមិ»។ ភ្លាមនោះពួកយោធាក៏ចាប់គាត់ចងស្លាបសេក ហើយបញ្ជាឲ្យទៅហៅគណៈភូមិត្រពាំងវែងទាំង៣នាក់។ លោកអាចារ្យនល់  និងលោកមាខាន់ ត្រូវពួកយោធាអាវខ្មៅទៅហៅឲ្យចេញពីផ្ទះ។ លោកមាយីដែលទើបមកពីឡើងត្នោតនៅខាងលិចភូមិ មកដល់ផ្ទះជួនពេលនឹងពួកយោធាមកដល់ដែរ។ គាត់ព្យួរបំពង់ទឹកត្នោតនឹងកាំជណ្តើរ ដើរចេញទៅប្រជុំដោយស្លៀកក្រមាពីលើខោខ្លីមួយប៉ុណ្ណោះ។

លោកមាព្រំ រី ជាប្រជាជនធម្មតាដែលពេលនោះកំពុងឡើងត្នោត ក៏ត្រូវគេហៅដែរ។  មុននោះគាត់បានដឹងពីការបាញ់សម្លាប់ឈ្មោះអេតនៅដើមភូមិ គាត់សង្ស័យថាមានរឿងមិនស្រួល ក៏ឆៀងចូលផ្ទះយកគ្រាប់បែកដៃ២គ្រាប់ដែលសល់ពីសម័យសង្គ្រាម លាក់ក្នុងខោខ្លី រួចដើរទៅប្រជុំទាំងមានកាំបិតត្នោតក្នុងស្រោមសៀតនឹងខ្សែក្រវាត់ (ជាខ្សែក្រវាត់ទាហានលន់ នល់) នឹងចង្កេះផងដែរ ដែលកាំបិតនោះត្រូវ សមមិត្តស៊ីមដកហូត​ និងប្រគល់ទៅឲ្យតាសុកតាសុកដកកាំបិតចេញពីស្រោម​ ពិនិត្យមើល  ហើយក៏សរសើរថាកាំបិតនោះមានរាងស្អាតហើយមុតល្អទៀត។  ដៃកាន់កាំបិត ភ្នែកសម្លឹងសកម្មភាពចាប់មនុស្សមកប្រជុំ  ហើយមួយសន្ទុះក្រោយមកគាត់ក៏និយាយថា «មើលទៅត្រូវតែចាត់ការមនុស្សមួយភូមិនេះទាំងអស់ហើយ»។

​​ អ្នកដែលសកម្មក្នុងការហៅមនុស្សចំៗឈ្មោះឲ្យទៅប្រជុំនោះគឺយោធាម្នាក់ឈ្មោះ សមមិត្តធា ជាអ្នកភូមិព្រៃធំនៅក្បែរនោះ​​ ដែលជាសមាជិកកងយោធាស្រុកពីសម័យគណៈស្រុកចាស់គឺ តាស៊ុន និងប្រចាំការនៅមូលដ្ឋានទ័ពទំនប់ម្កាក់។ មានប្រជាជនមួយចំនួនបានឃើញថា កាលពីល្ងាចថ្ងៃ១៤មេសា គាត់នៅឯទំនប់ម្កាក់ឯណោះទេ ស្រាប់តែព្រឹកថ្ងៃទី១៥មេសា ​​​​​ឃើញមកជាមួយក្បួនទ័ពដែលចេញពីកំពង់ក្តីទៅវិញ។ នេះប្រហែលជាមកពីដោយសារតែគាត់ជាពេជ្ឈឃាតដ៏ចំណានម្នាក់នៅទំនប់ម្កាក់ ហើយក៏ជាអ្នកមូលដ្ឋានឃុំគោកធ្លកលើ ស្គាល់មនុស្សច្រើន  ទើបគេហៅឲ្យទៅកំពង់ក្តីទាំងយប់ដើម្បីចូលរួមក្នុងប្រតិបត្តិការថ្ងៃទី១៥មេសា។

ក្នុងការប្រជុំ កម្មាភិបាលម្នាក់ថ្លែងលើកឡើងអំពីពលិកម្មសាច់ស្រស់ឈាមស្រស់របស់យុទ្ធ­មិត្តរហូតដល់បដិវត្តន៍ដណ្ដើមរដ្ឋអំណាចមកកាន់កាប់ តែសត្រូវបដិវត្តន៍នៅតែមានបំណងប្រឆាំងជានិច្ច ជាក់ស្តែងពេលនេះគឺនាំគ្នាបះបោរធ្វើបាតុកម្មសម្លាប់កម្មាភិបាលបដិវត្តន៍។ បដិវត្តន៍ត្រូវតែកម្ទេចខ្មាំងទាំងអស់នោះជាដាច់ ខាត។ បន្ទាប់ពីការថ្លែងនោះ ស្រ្តីៗដែលមួយចំនួនមានបីកូនតូចផងនោះត្រូវបានអនុញ្ញាតិឲ្យត្រឡប់ទៅផ្ទះវិញ ហើយប្រុសៗត្រូវគេប្រាប់ឲ្យអង្គុយបំបែកគ្នារវាងអ្នកមូលដ្ឋានចាស់ និងអ្នក១៧មេសា លើកលែងតែអ្នកណាដែលពួកវាដឹងថាមានជាប់ពាក់ព័ន្ធនឹងបាតុកម្មត្រូវនៅអង្គុយកន្លែងដដែល។ អ្នក១៧មេសាខ្លះដឹងខ្លួនថាមានរឿងមិនស្រួលក៍បន្លំខ្លួនចូលទៅអង្គុយជាមួយអ្នកមូលដ្ឋានចាស់  តែឈ្មោះរៀមដែលជាអ្នកមូលដ្ឋានចាស់ដេញចេញមិនឲ្យអង្គុយជាមួយឡើយ។ ពួកយោធាអាវខ្មៅបញ្ជាអោយបណ្តាអ្នកដែលស្ថិតក្នុងមុខសញ្ញាត្រូវសម្លាប់ ឈរតម្រង់ជួរហើយពួកវាចាប់ផ្តើមចងស្លាបសេកដោយប្រើខ្សែគោដែលរឹបយកពីអ្នកឃ្វាលគោ និងអ្នកបររទេះ ឬយកក្រមារបស់ជនរងគ្រោះមកចង។ នៅពេលកំពុងចង វាក៏ឆ្លៀតសម្លុតសួរជនរងគ្រោះអោយប្រាប់វាថាអ្នកណាខ្លះទៀតដែលបានចូលរួមធ្វើបាតុកម្មដែរ។ អ្នកទាំងឡាយណាដែលត្រូវគេឆ្លើយដាក់ត្រូវពួកវា ចងភ្លាមៗដោយគ្មានការសួរបញ្ជាក់បន្ថែមឡើយ។

ក្នុងខណៈនោះដែរ លោកមាម៉ៅ ស៊ន់កំពុងនាំឆ្កែដេញសត្វព្រៃនៅវាលស្រែខាងលិចភូមិ។ គាត់បានដេញទន្សាយមួយក្បាលដែលរត់ទៅចំកន្លែងដែលពួកយោធាអាវខ្មៅកំពុងដាក់ខ្សែត្រៀម។ យោធាម្នាក់បានបោយដៃហៅគាត់ឲ្យទៅជួប តែមាម៉ៅ ស៊ន់សង្ស័យថាមានរឿងមិនស្រួលក៏រត់បកក្រោយវិញ។ ពួកយោធាក៏បាញ់ តែបាញ់មិនត្រូវ។ គាត់រត់ឆ្វែលទៅទិសខាងត្បូងនិងឆ្លងផ្លូវនៅចន្លោះភូមិត្រពាំងវែងនិងប៉ាតតសំដៅទៅផ្ទះដែលនៅប៉ែកខាងកើតភូមិ។ ដោយមិនអស់ចិត្តពីរឿងដែលទើបនឹងកើតឡើងអំបាញ់មិញ គាត់ក៏ឡើងដើមក្រឡាញ់មួយដើមធំខ្ពស់ដើម្បីសង្កេតមើលហេតុការណ៍ ឃើញយោធាអាវខ្មៅម្នាក់ទាញយកកាំបិតចេញពីឡានហ៊្សីប ស្រាយក្រណាត់រុំចេញហើយកាន់ដើរសំដៅទៅរកហ្វូងមនុស្សដែលអង្គុយនៅវាលស្រែខាងលិចស្ពាន។ គាត់ជឿថាកាំបិតនោះនឹងត្រូវគេយកទៅសម្លាប់មនុស្សក៏ប្រញាប់ចុះមកដីហើយរត់ទៅប្រាប់ចាស់ៗដែលនៅក្បែរនោះឲ្យបានដឹង។

នៅឯខាងជើងស្ពានទី២ឯណោះវិញ មានពួកយោធាអាវខ្មៅមួយក្រុមឈរយាមផ្លូវទៅភូមិសង្កែ ឆ្ពោះទៅសាលាសង្កាត់គោកធ្លកលើ។ ពួកក្រុមនោះចាប់ខ្លួនមនុស្សម្នាដែលធ្វើដំណើរឆ្លងកាត់ដោយមិនរើសមុខ។ លោកមាព្រំ រី យល់សភាពការណ៍ពេលនោះថាប្រាកដជាមានការសម្លាប់មនុស្សជាមិនខាន ទើបគាត់ស្លុតចិត្តយ៉ាងខ្លាំងនៅពេលដែលបានឃើញពួកអាវខ្មៅឃាត់ខ្លួនលោកប៉ាខ្ញុំ លោកអាចារ្យយាន ពេទ្យផាត់ និងលោកមាវន ដែលជិះកង់តាមផ្លូវនោះ។ ពួកគាត់ត្រូវក្រុមយោធាចាប់ចងនឹងក្រមា និងនាំខ្លួនទៅអោយអង្គុយជាមួយអ្នកជាប់ចំណងផ្សេងទៀតនៅវាលស្រែក្បែរស្ពាន។

​​​​ យុវជនហឿន អាយុ១៧ឆ្នាំ ដៃជាប់ចំណងនៅមិនឆ្ងាយប៉ុន្មានពីឡាន តាសុក បានឃើញយោធាអាវខ្មៅបីបួននាក់ចាក់ស្រា.សចេញពីកានផឹកនៅក្នុងឡាន ហើយម្នាក់ក្នុងចំណោមអ្នកទាំងនោះទាញកាំបិតមួយចេញមក ស្រាយក្រណាត់រុំពណ៌សចេញរួចគ្រវីដើរសំដៅទៅអ្នកជាប់ចំណង។ យោធាម្នាក់នោះឈ្មោះយី មានអាយុ២២ឆ្នាំ ជាអ្នកភូមិគោកធ្លកដែលនៅមិនឆ្ងាយប៉ុន្មានពីភូមិត្រពាំងវែង។

លោកមាខាន់ដែលដៃគាត់ស្លាក់ខ្យល់ដោយសារចំណងខ្សែគោដ៏តឹងប៉ែស មានការឈឺចាប់ហួសប្រមាណក៏ស្រែកជេរពួកយោធាអាវខ្មៅថា «ពួកអាត្រូវគ្រាប់! ពួកអ្ហែងចងដៃអញឈឺយ៉ាងនេះ ឆាប់យកអញទៅសម្លាប់ទៅ! យកទៅអារ.កឬវ៉ៃចោលក៏វ៉ៃទៅ អញមិនខ្លាចស្លាប់ទេ ធ្វើបដិវត្តន៍ដូចតែគ្នាទេតើ!» ពេលនោះសមមិត្តយីកាន់កាំបិតមួយ សមមិត្តធាក៏មានកាន់កាំបិតត្នោតមួយដែរ និងគ្នីគ្នាប្រមាណ១០នាក់ទៀត ស្ទុះទៅទាញលោកមាខាន់ លោកអាចារ្យនល់ និង៨នាក់ផ្សេងទៀតអោយក្រោកឈរ រឹតចំណងឲ្យកាន់តែតឹងជាងមុន គឺរឹតទាល់តែកែងដៃជាប់គ្នា ហើយចងភ្ជាប់គ្នាមួយខ្សែ៥នាក់តឹងសឹងតែខ្នងទល់នឹងខ្នង។ ពួកពេជ្ឈឃាតចាប់អូសជនរងគ្រោះទាំង២ខ្សែដែលដើរសឹងមិនកើតដោយសារតែចំណង យកទៅអារ.កសម្លាប់នៅគុម្ពោតព្រៃខាងលិចចម្ងាយប្រមាណ១០០ម៉ែត្រពីកន្លែងប្រជុំ​។

លោកមាព្រំ រី មិនត្រូវបានពួកយោធាចង្អុលមុខឲ្យទៅឈរតម្រង់ជួរដើម្បីចងស្លាបសេកដូចអ្នកផ្សេងឡើយ។ ឃើញដូច្នោះតាសុកក៏ចង្អុលនិងស្រែកថា«ចុះម៉េចក៏មិនចងអាម្នាក់នេះផងទៅ?»សមមិត្តស៊ីមដែលនៅក្បែរនោះក៏តបថា «ម្នាក់នេះជាអ្នកមូលដ្ឋានចាស់ មានប្រវត្តិល្អទេ»។ តាសុកក៏តបថា «អើ មើលអ្នកណាមានប្រវត្តិល្អឲ្យទៅ(ផ្ទះ)វិញទៅ»។លោកព្រំ រីដែលកាលនោះមានអាយុ៣០ឆ្នាំគត់ ធ្លាប់ឆ្លងកាត់ការប្រយុទ្ធក្នុងសមរភូមិច្រើនដងបានសច្ចាក្នុងចិត្តថានឹងតដៃឲ្យបានមុនគេចាប់ចង បំណាច់តែនឹងស្លាប់ដូចតែគ្នា។​ រូបគាត់ សមមិត្តស៊ីម លោកអាចារ្យនល់ លោកមាខាន់ ធ្លាប់បួសរៀនជាមួយគ្នានៅវត្តគោកធ្លក ។ ក្នុងចំណោមជនរងគ្រោះទាំង១០នាក់ដំបូងដែលពួកអាវខ្មៅទើបនឹងប្រល័យ គឺមានលោកមាខាន់ និងលោកអាចារ្យនល់ផងដែរ។ ប្រហែលជាដោយ សារតែរឿងហ្នឹងទើបសមមិត្តស៊ីមដាក់គូទអង្គុយមិនឆ្ងាយប៉ុន្មានពីលោកព្រំ រី  និងពោលថា  «បើធ្វើបែបហ្នឹងស្លាប់ប្រជាជនអស់ហើយ»។

ក្រោយពីប្រល័យជីវិតក្រុមដំបូងហើយ ពួកក្រុមពេជ្ឃឃាតបានត្រឡប់មកជនរងគ្រោះបន្ទាប់ទៀតដែលជាក្រុមទី២។ មានបុរសម្នាក់នៅពេលឃាតកឲ្យក្រោកឈរដើម្បីរឹតខ្សែចំណង គាត់ក៏ស្រែកឡើងថា «ជយោបដិវត្តន៍កម្ពុជា!»។ តាសុកក៏ស្រែកតបថា «បដិវត្តន៍ចោរម្រាយអ្ហែងអី បើអញមិនទាន់មកដល់ផងនាំគ្នាបះបោររកកាប់អញ?» ពេលនោះយោធាម្នាក់បានរើសយកប្រែករទេះដែលបាក់ជា២កំណាត់ដែលគេទុកចោលនៅវាលស្រែសំពងគាត់ដួល ហើយម្នាក់ទៀតយកកាំបិតទៅអារ.កគាត់បាញ់ឈាមឆ្វាចប្រកាច់ស្លាប់នៅចំពោះមុខជនរងគ្រោះផ្សេងទៀត។

បុរសម្នាក់មានមុខមាត់ស្អាតបាតដូចកូនកាត់ចិនដែលជាប់ចំណងអង្គុយរង់ចាំវេនប្រល័យមានការតក់ស្លុតយ៉ាងខ្លាំង គាត់ស្រែកទ្រហោរយំបែរបន់គុណម៉ែគុណឪឲ្យជួយ។ លោកមា ព្រំ រីឃើញលោកប៉ាខ្ញុំស្ថិតក្នុងចំណោមជនរងគ្រោះក្រុមបន្ទាប់ដែលមានចំនួន១០នាក់ ក្នុងនោះមានទាំងលោកអាចារ្យយាន ពេទ្យផាត់ និងលោកមាវនផងដែរ។

​ ក្នុងអំឡុងពេលដែលពួកពេជ្ឈឃាតកំពុងប្រល័យ  ពួកយាមផ្លូវបានឃាត់អ្នកបរទេះម្នាក់ឈ្មោះតិដែលគេតែងហៅគាត់ថាចិនតិ កំពុងបររទេះគោម្នាក់ឯងក្នុងគោលបំណងទៅលេងបងប្អូនគាត់នៅឯកំពង់ក្ដី ដែលជាភូមិកំណើតរបស់គាត់។  ជាអកុសល គាត់ទៅដល់ចំពេលពួកអាវខ្មៅកំពុងចាប់មនុស្សគ្មានរើសមុខ។ ពួកវាឲ្យគាត់ចុះពីរទេះ តែគាត់ជជែកតវ៉ាថា «រឿងអីដែលពួកអ្ហែងចាប់អញ? អញគ្មានបានទៅធ្វើបាតុកម្មឯណាទេ»។ សំដីតវ៉ាបែបនេះបានធ្វើអោយពួកវាខឹងហើយទាញចន្ទល់រទេះវាយគាត់ដួលសន្លប់។ មួយសន្ទុះក្រោយមកគាត់ក៏ដឹងខ្លួនខ្លះៗ ហើយនិយាយដោយមមើមមាយស្ដាប់មិនបាន ចំពេលដែលពួកពេជ្ឃឃាតត្រឡប់មកយកជនរងគ្រោះផ្សេងទៀតទៅប្រហារ ក៍យកកាំបិតអារ.កគាត់ស្លាប់នៅនឹងកន្លែងនោះតែម្ដងទៅ។

យុវជនហឿន (ដែលមុននោះឃើញពួកពេជ្ឈឃាតផឹកស្រាលើឡានឡាន) កំពុងជាប់ចំណងអង្គុយរង់ចាំវេនមរណៈដោយគ្មានក្ដីសង្ឃឹមបន្តិចណាឡើយ តែខណៈដែលឃើញតាសុកដើរមកក្បែរ ក៍ប្រមែប្រមូលសេចក្ដីក្លាហាននិយាយអង្វរថា «អ៊ំអើយខ្ញុំអត់ដឹងអីទេ ខ្ញុំទើបនឹងមកពីរហាលព្រួលល្ងាចមិញនេះឯង»។ តាសុកសម្លឹងមុខរួចក៍បញ្ជា​​​យោធាម្នាក់ថា​ «លែងវាទៅ វានៅក្មេងឈាមរាវទេ»។​ ជាមហាសំណាងបំផុតមិនមែនតែសម្រាប់ហឿនម្នាក់ទេ តែយុវ​ជន៣នាក់ទៀត(ភាត់​ នួន និងង៉ិក)​​ ដែលអង្គុ​យក្បែរគ្នាក៏ត្រូវបានដោះលែងដែរ។ ហឿនអរពេក មិនដឹងខ្លួនថាឈឺអីទេ ទាល់តែទៅដល់ផ្ទះទើបឈឺដៃដែលស្លាក់ខ្យល់ដោយសារចំណង រមួលខ្លួនប្រកាច់ប្រកិន ហើមចេញទឹករងៃដូចដៃសាកសព។

លោកមា ព្រំ រី គឺជាប្រជាជនតែម្នាក់គត់ដែលអង្គុយមើលហេតុការណ៍នាពេលនោះសឹងតែពីដើមដល់ចប់។ គាត់ឃើញមានស្រា.សមួយកានដាក់លើឡានរបស់ពួកកងការពារ និងឃើញពួកពេជ្ឈឃាតចេញចូលផឹកស្រវឹងជោកជាំ។ ក្រោយពីការប្រហារជនរងគ្រោះទាំង៣ក្រុមហើយ ពួកវារៀបចំបន្តដំណើរទៅមុខទៀត។ លោកមា រីសួរ សមមិត្តស៊ីមថា «បងទៅណាទៀត?» ស៊ីមឆ្លើយថា «ទៅភូមិគោកធ្លក។  លោកប្អូនកុំភ្លេចទៅប្រាប់បងប្អូនយើងអោយទុកដាក់អ្នកទាំងនោះ(សពជនរងគ្រោះ)ផង»។ មួយសន្ទុះមក តាសុកដើរមកប្រាប់បន្ថែមទៀតថា «មិត្តឯងទៅកប់ខ្មោចផង  ហើយដើរប្រមូលផ្គាក់ពូថៅតាមផ្ទះយកទៅទុកក្នុងរោងយាមនៅចុងភូមិ»។​ នៅពេលដែលពួកនោះចេញទៅផុត លោកមាដើរប្រាប់អ្នកភូមិឲ្យប្រមូលផ្គាក់ពូថៅទៅទុកនៅរោងយាម  ហើយគាត់ទៅផ្ទះដើម្បីយកចបកប់សព។

ពេលទៅដល់លានពិឃាត  លោកមាស្លុតចិត្តស្ទើរទន់ជង្គង់ដួល ដោយសារឃើញសព ៣៧ នាក់រណូករណែលគរជើងលើគ្នាក្បែរគម្ពោតព្រៃ ដែលសពនិមួយៗមានក្បាលស្ទើរតែដាច់ចេញពីដងខ្លួន ផ្ទៃមុខជោកជាំដោយឈាម។  គាត់បីសពលោក អាចារ្យនល់  លោកមាខាន់  និងលោកមាយីទៅដាក់នៅម្លប់ឈើ ចំណែកសាកសពដទៃទៀត គាត់កាត់ចំណងមុននឹងកប់ក្នុងរណ្តៅរួម។ ដើម្បីជាការងាយស្រួលប្រាប់បងប្អូនឲ្យស្វែងរកនាពេលក្រោយ  គាត់ដាក់សពអ្នកដែលគាត់ស្គាល់ក្នុងទិសដៅផ្ទុយពីសពដទៃ។ ដោយឡែកសពលោកប៉ាខ្ញុំ គាត់ដាក់ឈើមួយកំណាត់ពីលើទុកជាការចំណាំមុននឹងលប់ដី។​

នៅពេលធ្វើដំណើរកាត់តាមភូមិសង្កែ ពួកក្រុមឃាតកបានសម្លាប់បុរសៗមួយចំនួនដែលវាជួបនៅតាមផ្លូវ។ ជនរងគ្រោះម្នាក់ក្នុងចំណោមអ្នកទាំងនោះឈ្មោះនៅ ត្រូវជាអ៊ំបង្កើតរបស់ពេជ្ឈឃាតយី។  មានអ្នកដឹងពីរឿងនោះថា ពីដំបូងយីស្ទាក់ស្ទើរមិនចង់សម្លាប់គាត់ទេ គឺគ្រាន់តែធាក់ឲ្យដួលហើយឲ្យធ្វើពុតជាស្លាប់ ប៉ុន្តែអ៊ំនៅបានស្រែកខ្លាំងៗថា «យើសអាកូនចង់សម្លាប់ឪឯងផង?» ពេលនោះយី ដែលប្រហែលជាខ្លាចបែកការណ៍ទៅដល់តាសុកថាត្រូវរ៉ូវគ្នាជាមួយខ្មាំង ក៏អារ.កសម្លាប់គាត់តែម្តងទៅ។

មានយុវជនអ្នកធ្វើដំណើរនិងបុរសៗអ្នកភូមិដែលពួកវាហៅអោយចេញពីផ្ទះចំនួន២៥នាក់ទៀតក៏ត្រូវបានពួកវាចាប់ចងដែរ។ ប្រហែលជាប្រញាប់បន្តដំណើរទៅភូមិគោកធ្លកទៀតទើបពួកវាមិនទាន់សម្លាប់ ហើយចាត់តាំងយោធាមួយចំនួនអោយបណ្តើរទៅកំពង់ក្តី។ ក្នុងចំណោមអ្នកទាំងនោះ មានយុវជនម្នាក់ឈ្មោះឈង់ដែលរស់នៅជាមួយបងស្រីនៅភូមិត្រពាំងវែងមិនឆ្ងាយប៉ុន្មានពីស្ពានទី២។ នាថ្ងៃកើតហេតុនោះគាត់ក្រោកពីព្រលឹមទៅយករទេះពីភូមិម្កាក់មកទុកនៅផ្ទះវិញ តែជាអភ័ព្ទដែលគាត់បររទេះមកផ្ទះវិញក៏ជួបនឹងពួកក្រុមឃាតកនៅភូមិសង្កែឃាត់ខ្លួននិងចាប់ចង។ នៅពេលដែលគេបណ្តើរគាត់ទៅដល់មុខផ្ទះ ឈង់ក៏ស្រែកទ្រហោរយំដាក់បងស្រីថា«បងអើយ! ប្អូនមិនសង្ឃឹមថាបានរស់ទេ»។ បងស្រីរបស់ឈង់ភាំងស្មារតី គ្មានពាក្យអ្វីតបមកប្អូនវិញឡើយក្រៅពីការសោកសង្រេង។

ក្រុមឃាតកបានចេញពីភូមិសង្កែទៅដល់ភូមិគោកធ្លក បានឃើញក្រុមមនុស្សលីផ្គាក់ពូថៅដើរព្រោងព្រាត ក៏ធ្វើការបាញ់រះ តែជាសំណាងល្អដែលមិនមានអ្នករងគ្រោះទេ។ ពេជ្ឈឃាតធា បានដើរពីផ្ទះមួយទៅផ្ទះមួយសម្លុតប្រជាជនសួររកផ្គាក់ពូថៅដែលយកទៅប្រើធ្វើបាតុកម្ម។ ពេជ្ឈឃាតយីដែលមានផ្ទះនៅគោកធ្លកបានឆ្លៀតចូលទៅប្រាប់យាយទឺជាម្តាយថា​​ «ម៉ែអើយអ៊ំនៅស្លាប់ហើយ ខ្ញុំទៅជួយគាត់មិនទាន់»។ នោះជាការនិយាយបំភ្លៃការពិតដើម្បីលុបលាងទង្វើដ៏ឃោរឃៅព្រៃផ្សៃរបស់វា។

នៅឯក្នុងសាលាឆាន់វត្តគោកធ្លកឯនោះ បាតុករមួយក្រុមប្រមាណ៣០​-៤០​នាក់កំពុងជុំគ្នា។ នៅពេលឮស្នូរកាំភ្លើង ពួកគាត់ក៏រត់គេចតាមវាលស្រែទៅទិសខាងជើងនិងខាងលិចបែកគ្នាអស់។ បុរសម្នាក់ឈ្មោះ ម៉ាន ត្រូវគ្រាប់កាំភ្លើងអឹម៧៩ស្លាប់នៅភូមិថ្នល់ចាស់ប្រមាណ៥០០ម៉ែត្រខាងជើងវត្ត។

ពួកអាវខ្មៅរាយគ្នាជា២ខ្សែព័ទ្ធភូមិតាភ្ញាដែលនៅខាងខាងលិចវត្តគោកធ្លក បាញ់គំរាមពេញភូមិ។ ប្រុសៗត្រូវបានពួកវាបង្ខំឲ្យទៅប្រជុំនៅឯវត្ត ប៉ុន្តែបុរសៗខ្លះដែលភាគច្រើនជាអ្នកមូល­ដ្ឋានចាស់សម្រេចចិត្តទៅប្រជុំដោយសារតែការចង់ដឹងចង់ឮ និងទុកចិត្តថានឹងមានសុវត្ថិភាព។ បងទីវ វិចារតន៍ដែលកំពុងនៅលេងនៅផ្ទះបងទីវ សារិននៅក្បែរវត្ត ភ័យនឹងស្នូរកាំភ្លើងក៏រត់ពួនក្នុងច្បារអំពៅ ប៉ុន្តែនៅពេលឃើញសមមិត្តបើន ប្រធានយោធាស្រុកថ្មីដែលជាមនុស្សស្គាល់គ្នាកាលនៅការដ្ឋានទំនប់ម្កាក់ ក៏សម្រេចចិត្តទៅប្រជុំដែរ។

យុវជនអាយុ២៣ឆ្នាំម្នាក់ឈ្មោះសៀវ សុផុនដែលរស់នៅឯភូមិថ្នល់តាសិតក្បែរថ្នល់ជាតិចម្ងាយ៩គីឡូម៉ែត្រពីទីនោះបានឮសូរស្នូរកាំភ្លើងអឹម៧៩ជាច្រើនគ្រាប់។ គាត់និងអ្នកភូមិអន្ទះសារចង់ដឹងនូវហេតុការណ៍ដែលកំពុងកើតឡើងនោះយ៉ាងខ្លាំង។

មិនដូចកាលនៅត្រពាំងវែងដែលមានការប្រជុំសិនមុននឹងចង តែលើកនេះគឺចាប់ចងតែម្តងដោយមិនរើសមុខ ដោយប្រើវល្លិ៍និងខ្សែគោពីរោងសិប្បកម្មនៅក្នុងវត្ត ហើយក៏មានខ្សែនីឡុង និងក្រណាត់ស្បង់លោកផងដែរ។ ពួកវាលូកហោប៉ៅយកថ្នាំជក់និងដែកកេះពីជនរងគ្រោះអស់គ្មានសល់។ មនុស្សប្រមាណ១០០នាក់ដែលជាប់ចំណង ត្រូវបានពួកវាឲ្យអង្គុយសណ្តូកជើងជាជួរក្នុងទីធ្លាវត្ត មួយចំនួនទៀតដែលវាចាប់ពីទិសខាងកើតត្រូវវាចងទុកនៅរបងវត្តក្បែរខ្លោងទ្វារចូលវត្ត​  ហើយ ខាងត្បូងទីនោះបន្តិចគឺជាទីដែលតាសុកចតឡាន។

ពូសាគី ជាអ្នកមូលដ្ឋានចាស់មកពីភូមិតាភ្ញាដែលក្លាហាននិងសំដីបានផងដែរនោះបានតវ៉ានឹងពួកទាហានអាវខ្មៅថា «កាលពីមិនទាន់បានរដ្ឋអំណាចពួកមិត្តឯងហៅពួកខ្ញុំថាពុកៗពេញមាត់។ ឥឡួវបដិវត្តន៍បានជោគជ័យម៉េចក៏បែរទៅជាចងពុកឯងទៅវិញ?» គ្មានពួកអាវខ្មៅម្នាក់ណាតបតទៅគាត់វិញទេ។

ខណៈពេលដែលកំពុងមានការចាប់ចងនោះ គេឃើញសមមិត្តអ៊ុនដើរចូលទៅក្នុងបរិវេណវត្ត ហើយជួបនិយាយជាមួយសមមិត្តស៊ីមដែលជាមនុស្សស្គាល់គ្នា។ មិនដឹងជាពួកគាត់និយាយគ្នាថាម៉េចខ្លះទើបបានជាមានបញ្ជាអោយចងស្លាបសេកគាត់ហើយបណ្តើរចេញទៅចងភ្ជាប់នឹងដើមស្វាយព្រៃមួយដើមដែលនៅមិនឆ្ងាយប៉ុន្មានពីឡានតាសុក។ គឺដើមស្វាយនោះហើយដែលកាលពីមួយខែមុនមានស្លាកស្នាមចម្លែកធ្វើឲ្យអ្នកភូមិឆ្ងល់គ្រប់គ្នា។

សមមិត្តស៊ីមជាអ្នកភូមិគោកធ្លក ទើបបានជាស្គាល់មនុស្សច្រើន។ គាត់ឃើញតាឈឹម និងអ្នកមូលដ្ឋានចាស់ទាំងអស់ដែលអង្គុយជុំគ្នា ដូចជាតាយ៉ោកតាយឹម, តាស៊ឹង‚ តាសាគីតាកង។ល។ ក៏ណែនាំអោយអ្នកទាំងអស់នោះទៅអង្គុយនៅម្លប់ស្វាយខាងត្បូងព្រះវិហារ ប្រមាណ៥០ម៉ែត្រពីអ្នក១៧មេសា។ យុវជនរី (ឡៅ សុភារី) អាយុ១៧ឆ្នាំដែលជាអ្នក១៧មេសាបានប្រថុយបន្លំខ្លួនទៅអង្គុយជាមួយអ្នកមូលដ្ឋានចាស់ តែគ្មានអ្នកណាដេញចេញដូចហេតុការណ៍នៅភូមិត្រពាំងវែងកាលពីព្រឹកនោះទេ។​ នៅទីនោះ ពួកយោធាស្រាយចំណងអោយ រួចចែកថ្នាំអោយជក់ បន្ទាប់មកមានកម្មាភិបាលម្នាក់បាននិយាយសម្រួលសតិអារម្មណ៍អ្នកទាំងនោះថា«សូមកុំអន់ចិត្តអន់ថ្លើមនឹងអង្គការដែលបានចាប់ចងអ្នកទាំងអស់គ្នាអី អង្គការរកមុខតែអ្នកប្រឆាំងនឹងបដិវត្ត៍ប៉ុណ្ណោះ សូមអ្នកទាំងអស់គ្នាទៅផ្ទះវិញចុះ»។​ នៅតាមផ្លូវទៅផ្ទះ អ្នកភូមិដែលឃើញពួកគាត់ដើរចេញពីវត្ត ក៏សាកសួរចង់ដឹងថាមានអ្វីកើតឡើង តែគ្មាននរណាឆ្លើយទេ ដើរឱនមុខដូចគ្មានវិញ្ញាណនៅក្នុងខ្លួន។ មានតែយុវជនប៉ោង (កូនតាកង)ទេដែលសើចឃឹកៗដូចគ្មានរឿងភិតភ័យអ្វីទាំង អស់។

នៅឯទីធ្លាវត្ត ពួកពេជ្ឈឃាតចាប់ផ្តើមចងភ្ជាប់ជនរងគ្រោះមួយក្រុម៣-៥នាក់ បណ្តើរទៅសម្លាប់ម្តងមួយក្រុមៗ ដែលនៅមិនឆ្ងាយប៉ុន្មានពីកន្លែងដែលជនជាប់ចំណងអង្គុយ គឺពួកគាត់អាចមើលឃើញការប្រល័យដោយផ្ទាល់ភ្នែក។ ដោយសារតែការប្រល័យនោះមានភាពសាហាវឃោរឃៅពន់ពេក សាក្សីដែលរួចជីវិតពីព្រឹត្តិការណ៍នោះមានការចងចាំខុសគ្នាពីរបៀបដែលពួកសម្លាប់ជនរងគ្រោះដូចខាងក្រោម៖

  • អារ.កសម្លាប់ជនរងគ្រោះម្នាក់ម្តងៗ ហើយរាល់ពេលជនរងគ្រោះនិមួយៗត្រដរខ្យល់ដួល វាកាត់ផ្តាច់ខ្សែចំណងចេញពីចំណងរួមក្រុម រួចចាត់ការជនរងគ្រោះបន្ទាប់ៗទៀត។
  • អារ.កសម្លាប់ម្តងម្នាក់ៗដោយមិនកាត់ផ្តាច់ចេញពីចំណងរួម។
  • យកគល់ឫស្សីដងផ្គាក់ (ប្រវែងមួយម៉ែត្រដែលនៅមិនទាន់ដាប់បញ្ចុះផ្លែផ្គាក់នៅឡើយ) វាយសំពងជនរងគ្រោះអោយដួលសិនទើបយកកាំបិត ឬធាងត្នោតអារ.កសម្លាប់ជាក្រោយ។

មានយុវជនម្នាក់ឈ្មោះឆេកាំងដែលជាអ្នកភូមិថ្នល់ បានរត់ទាំងចំណងរួចពីការប្រល័យ៖ គាត់ត្រូវបានពួកឃាតកចងមួយខ្សែជាប់គ្នាសរុប៥នាក់ ហើយប្រើវិធីទី១ដូចរៀបរាប់ខាងលើ គឺសម្លាប់ហើយផ្តាច់ចំណងចេញម្នាក់ម្តងៗ។ ឆេកាំងគឺជាជនទី៥ដែលនឹងត្រូវសម្លាប់។ នៅពេលដែលជនរងគ្រោះទី៤ត្រូវបានពេជ្ឈឃាតអារកនិងផ្តាច់ចំណងចេញពីគាត់ ឆេកាំងក៏រត់គេចខ្លួនទាំងដៃជាប់ចំណងស្លាបសេកកាត់តាមគុម្ពោតព្រៃតាមវាលស្រែទៅទិសខាង កើត។ ពួកយោធាដែលកំពុងយាមអ្នកជាប់ចំណងក្នុងទីធ្លាវត្តក៏ស្ទុះរត់ទៅដេញបាញ់។ រត់បានចម្ងាយប្រមាណ៣០០­៤០០ម៉ែត្រក៏ឃើញគាត់ដួល ពួកវាគិតថាគាត់ត្រូវគ្រាប់ហើយក៏ប្រញាប់វិលត្រឡប់មកកន្លែងដើមវិញដោយប្រញាប់ទៅយាមអ្នកជាប់ចំណងនៅឯក្នុងវត្ត។ តាមពិត  ឆេកាំងដួលដោយសារគាត់រត់ធ្លាក់ក្នុងអន្លុងដែលគេជីកក្តាមទេ។ នៅពេលដែលពួកយោធាវិលត្រលប់ទៅវិញ គាត់ក្រោករត់ទៅដល់ភូមិម្កាក់ដែលនៅប្រមាណ៣គីឡូម៉ែត្រពីទីនោះ  ហើយបានអ្នកភូមិជួយស្រាយចំណងដោយក្តីអាណិតអាសូរជាទីបំផុត។

ក្នុងពេលដែលពួកយោធាកំពុងរត់ដេញបាញ់ឆេកាំងនោះ មានយុវជនជាប់ចំណងម្នាក់និយាយបបួលមិត្តភក្តិនៅជិតៗខ្លួនថា «នេះជាឱកាសល្អសំរាប់យើងគេចខ្លួនហើយ ទាន់ពួកវាមិននៅក្បែរ»​ តែគ្មានអ្នកណាប្រថុយរត់តាមគាត់បបួលទេ ដោយនៅតែសង្ឃឹមថាគេនឹងមិនសម្លាប់មនុស្សដែលគ្មានកំហុសឡើយ។​ យុវជនដែលបបួលគេនោះក៏ជឿតាមមិត្តភក្តិ សុខចិត្តនៅរង់ចាំយុត្តិធម៌ ដូចរង់ចាំក្តីមរណៈទាំងអស់គ្នា។​

នៅពេលដែលត្រឡប់មកពីដេញបាញ់ឆេកាំងវិញ ពួកយោធាអាវខ្មៅក៏វិលត្រលប់មកកន្លែងមនុស្សជាប់ចំណង និងបន្តការប្រល័យ។ ពេជ្ឈឃាតមួយក្រុមប្រមាណ៥-៦នាក់ប្រើកាំបិតត្នោត២​​-៣ (ប្រហែលជាកាំបិតត្នោតដែលពួកវារឹ​បយកពីអ្នកឡើងត្នោតនៅភូមិត្រពាំងវែង) សម្រាប់អារ.ក។  នៅរាល់ពេលដែលពួកវាត្រឡប់ពីលានពិឃាដមកយកជនរងគ្រោះផ្សេងៗទៀតដែលកំពុងអង្គុយជុំគ្នា ដៃវាកាន់កាំបិតដែលប្រឡាក់ឈាម សួរថា«អ្នកណាទៀត?» (មានន័យថាអ្នកណាចង់ទៅស្លាប់នៅវេននេះ?) គ្រប់គ្នាឱនមុខចុះយ៉ាងភ័យរន្ធត់។

យុវជនជម្លៀសពីកំពង់ក្តីម្នាក់ឈ្មោះហ៊ីងដែលជាប់ចំណងម្នាក់ឯងឆ្ងាយពីគេបន្តិច មិនដឹងថាពួកអាវខ្មៅខឹងពីរឿងអ្វី បានជាវាចាក់គាត់នឹងកាំបិតចំពុះទុង ធ្លាយពោះវៀនទ្រេល ឈាមជោកដីប្រកាច់ស្លាប់យ៉ាងវេទនា។ មានយុវជនក្លាហានម្នាក់ដែលកំពុងត្រូវពេជ្ឈឃាត​​​បណ្តើរយកទៅប្រហារបានស្រែកសុំទៅពួកវាថា«ស្តាយណាស់ដែលមិនបានរស់នៅធ្វើបដិវត្តន៍បន្តទៀត។ សូមមិត្តកុំធ្វើបាបខ្មែរគ្នាឯងអី»។ គាត់ត្រូវពួកវាប្រហារនៅផ្លូវរទេះខាងជើងសាលា ឆាន់។

បងរិនដែលជាអ្នកជម្លៀសមកពីកំពង់ក្តី ជាប់ចំណងជាមួយសាច់ញាតិម្នាក់ឈ្មោះ ជិន​ និងបុរសម្នាក់ឈ្មោះ ម៉ៃ។ គាត់កំពុងតែស្លុតចិត្តនឹងការប្រហារ ជាពិសេសតក់ស្លុតនឹងការស្លាប់របស់យុវជនហ៊ីងនៅក្បែរនោះ។ គាត់បានឃើញសមមិត្តស៊ីមដើរចូលទៅហើយនិយាយជាមួយយោធាម្នាក់ទៀត (ប្រហែលជាសមមិត្តបើន) និងសម្លឹងមកគាត់។ បងរិននឹកថាដល់វេនគេយកគាត់ទៅសម្លាប់ហើយ តែបែរជាឃើញពួកយោធាដើរមកស្រាយចំណងឲ្យទាំងបីនាក់ហើយដេញថា«ទៅៗ»។ គាត់គិតក្នុងចិត្តថាប្រហែលជាវាប្តូរវិធីសម្លាប់ដោយឲ្យមនុស្សដើរចេញហើយសឹមបាញ់ពីក្រោយ។ សឹងតែគ្មានព្រលឹងនៅក្នុងខ្លួន ពួកគាត់នាំគ្នាដើរផងរត់ផងសំដៅទៅផ្ទះដែលនៅខាងលិចវត្ត  ត្រចៀកផ្ទៀងស្តាប់ស្តាប់ស្នូរកាំភ្លើងជានិច្ច ទាល់តែទៅដល់ផ្ទះទើបជឿថានេះជាការដោះលែងពិតមែន។ ពេលនោះគាត់យល់បានថាហេតុអ្វីទើបមានការដោះលែង នោះគឺមកពីសមមិត្តស៊ីមស្គាល់ឪពុកគាត់ (ជាងទង់) ដែលជាជាងកង់នៅកំពង់ក្តីតាំងពីសង្គមចាស់  ជម្លៀសមកនៅភូមិតាភ្ញាជាមួយនឹងសោ និងគ្រឿងបន្លាស់កង់មួយចំនួន។ ជារឿយៗកម្មាភិបាលខ្មែរក្រហមរួមទាំងស៊ីមផង តែងយកកង់មកឲ្យគាត់ជួសជុល។
ឯបងរតន៍វិញដែលកំពុងអង្គុយជាប់ចំណង នៅពេលឃើញសមមិត្តបើនដើរមកជិតក៏ហៅថា «បង! ខ្ញុំអត់មានបានធ្វើអីនឹងគេទេ នៅធ្វើការឯទំនប់ម្កាក់ដូចបងធ្លាប់ឃើញហើយ»។ សមមិត្តបើនសម្លឹងមុខ ក៏សួរបញ្ជក់ថា «មិត្តឯងដែលតែងដាំបាយអោយខ្ញុំហូបមែនទេ?» បងរតន៍ឆ្លើយថា«បាទ»។ បើនក៏ស្រាយចំណងអោយ និងនិយាយថា«ទៅផ្ទះចុះ អង្គការរកមុខតែជនក្បត់ទេ»។ ​នៅពេលដែលគាត់ទៅដល់ផ្ទះបងរិនហើយ​ បងរតន៍ក៍ស្នាក់នៅទីនោះបន្តដោយមិនទាន់ហ៊ានទៅផ្ទះម្នាក់ឯងទេ។ អ្នកផ្ទះគាត់មានការបារម្មណ៍យ៉ាងខ្លាំងពីការបាត់ខ្លួនសមាជិកគ្រួសារ ក៏ឲ្យសារ៉ូនដែលជាប្អូន និងគ្នីគ្នា២­-៣នាក់ទៅលួចមើលថាមានអ្វីកើតឡើងនៅវត្ត។ ដោយដើរកាត់តាមវាលស្រែ ​​​​​​​​​​​​​​​​​​​​​​​​គាត់ក៏ឈួសគ្នាជាមួយបង រតន៍ដែលកំពុងស្នាក់នៅផ្ទះបងរិន។​ ជាសំណាងល្អដែលនៅពេល សារ៉ូនមកដល់ ពួកឃាតកបានចាកចេញផុតពីវត្តបាត់ទៅហើយ។ សារ៉ូនបានប្រទះឃើញសាកសពដែលត្រូវបានប្រហារនៅផ្លូវរទេះក្បែររបងវត្តខាងជើងសាលាឆាន់ មើលស្គាល់ថាជាសាកសពបងមុនី បងសិ បងច្រុច បងថៃ បងវន​និងអ្នកខ្លះទៀតដែលគាត់មិនស្គាល់។ រឿងដែលអាណោចអធ័មគឺនៅក្បែរសាកសពឃើញមានធាងត្នោតមួយកំណាត់ដែលមានប្រឡាក់ឈាមជោកជាំ ដែលប្រាកដជាត្រូវបានពួកពេជ្ឈឃាតយកទៅអារ.កសម្លាប់ពួកគាត់។ សពយុវជនមាឌធំម្នាក់ក្នុងចំណោមនោះមានការប្រកាច់ទធាក់ជើងយ៉ាងយូរទំរាំតែស្លាប់  ទើបបានជាកែងជើងរបករបាញខ្លាំង ហើយដីនិងស្មៅជុំវិញជើងគាត់ក៏ទក់ខ្ទេចខ្ទី។ ដោយមានការបារម្ភថា បងរតន៍ស្ថិតនៅក្នុងចំណោមសាកសព សារ៉ូនបានដើរទៅរកមើលនៅកន្លែងផ្សេងៗទៀត ប្រទេះឃើញសាកសពប្រមាណ៤០­-៥០នាក់នៅម្តុំស្រះគោកខ្មោចខាងកើតវត្ត មួយចំនួនទៀតនៅខាងជើងព្រះវិហារក្បែរដើមពោធិ៍ តែមិនឃើញបងរតន៍ទេ។ សារ៉ូនចាប់ផ្តើមមានសង្ឃឹមខ្លះៗ ហើយនៅពេលត្រឡប់មកផ្ទះវិញដោយដើរកាត់តាមភូមិ ក៏ប្រទះឃើញបងរតន៍នៅឯផ្ទះបងរិន។

លោកឈាង ដែលជាអតីតគ្រូបង្រៀនម្នាក់មានផ្ទះនៅមិនឆ្ងាយប៉ុន្មានពីរបងវត្តប៉ែកខាងត្បូង ជាអ្នកដែលពួនក្នុងផ្ទះលួចមើលឃើញសកម្មភាពអារ.កសម្លាប់ជនរងគ្រោះសឹងតែពីដើមដល់ចប់។ គាត់មើលឃើញថាសមមិត្តអ៊ុនត្រូវគេយកទៅចងនឹងដើមស្វាយព្រៃទុកមួយ រយៈ ហើយត្រូវពួកអាវខ្មៅយកទៅសម្លាប់ក្រោយគេបង្អស់។

នៅពេលដែលឃើញពួកឃាតកបើកឡានចេញទៅមួយសន្ទុះធំហើយនោះ លោកខ្លូត ឈឿនដែលបានទទួលដំណឹងតាមរយៈការខ្សឹបខ្សៀវគ្នាថា​សមមិត្តអ៊ុនដែលត្រូវជាបងថ្លៃត្រូវគេចាប់ចង ក៏បបួលអ្នកជិតខាង២នាក់ទៀតទៅរកមើល ក៏ឃើញសពគាត់នៅតែម្នាក់ឯងក្បែរដំបូកធំមួយ។ នៅពេលពួកគាត់កំពុងគិតគូរពីរឿងជីករណ្តៅកប់សាកសព ស្រាប់តែឃើញឡានហ៊្សីបរបស់ពួកកងការពារត្រឡប់មកវិញ។ សមមិត្តធាដែលជាមនុស្សស្គាល់គ្នាគំហកសួរគាត់ថា «អ្ហែងមករកអីនៅទីនេះ? ឆាប់ទៅផ្ទះវិញទៅ!» យោធាម្នាក់ទៀតដែលនៅក្បែរសមមិត្តធាពោលថា «មុននេះបើសិនជាពួកយើងពួនចាំមើលសិន អាចនឹងឃើញមានគ្នាវាមកថែមទៀត ដឹងតែឆ្ងាញ់ដៃហើយ»។   ពួកពេជ្ឈឃាតទាំងនោះបានប្រើអ្នកភូមិឡើងបេះផ្លែដូងឲ្យវាផឹកទឹក ហើយប្រមាណជាម៉ោង៤­-៥រសៀលទើបចាកចេញត្រឡប់ទៅកំពង់ក្តីវិញ។ នៅតាមផ្លូវ ពួកវាស្រែកប្រាប់អ្នកភូមិអោយទៅកប់សពនៅឯវត្ត។

ស្អែកឡើងទើបមានអ្នកភូមិដែលនៅក្បែរៗវត្តនាំគ្នាទៅកប់សាកសព។ លោកសួស មី អាយុ៦៦ឆ្នាំជាអ្នកភូមិគោកធ្លកបានដើររាប់ឃើញសពទាំងអស់ដល់ទៅ៧២នាក់ ច្រើនជាងនៅវាលពិឃាតត្រពាំងវែងដល់ទៅពីរដងឯណោះ។

មហាទុក្ខសោករបស់គ្រួសារខ្ញុំ

ក្នុងពេលដែលការដ្ឋានទំនប់រហាលព្រួលកំពុងដំណើរការ រូបខ្ញុំនិងមិត្តរួមការងារ២នាក់ទៀតគឺ បងកិ ដែលជាអ្នកជម្លៀសមកពីភ្នំក្រោម និងកាំង (អ្នកកំពង់ក្តី) ត្រូវបានអង្គការចាត់តាំងឲ្យទៅនេសាទត្រីនៅស្ទឹងកំបុតក្នុងភូមិ­សាស្ត្រស្រុកជីក្រែងដើម្បីយកទៅផ្គត់ផ្គង់កងចល័តនៅឯការដ្ឋាន។ កាលនោះខ្ញុំទើបនឹងមានអាយុ១៧ឆ្នាំប៉ុណ្ណោះ។ ពួកយើងបានដឹងពីព្រឹត្តិការណ៍បះបោរសម្លាប់ សមមិត្តខេង និងដឹងផងដែរថាបណ្តាពលករកងចល័តត្រូវរំសាយវិលត្រឡប់ទៅភូមិវិញ។ គាប់ជួនគ្នានឹងផែនការពួកយើងដែលគិតថានឹងវិលត្រឡប់ទៅផ្ទះវិញ ឪពុករបស់កាំងបានបររទេះគោមកយកកូនគាត់ដែរ ប៉ុន្តែដោយសារយើងរកត្រីបានដល់ទៅមួយបាតទូកឯណោះដែលសុទ្ធតែជាត្រីដំរីធំៗ យើងក៏សម្រេចចិត្តស្នាក់នៅទីនោះមួយថ្ងៃទៀតសិនដើម្បីឆ្អើរ ងាយស្រួលយកទៅផ្ទះ។ យើងមិនបានដឹងថាថ្ងៃដែលយើងឆ្អើរត្រីនោះដែលជាថ្ងៃមហាប្រល័យនៅឯគោកធ្លកលើទេ។

បងកិ និងឪពុករបស់កាំងពិភាក្សាគ្នានិងសម្រេចចាកចេញពីស្ទឹងកំបុតនៅប្រមាណម៉ោង៥ល្ងាចថ្ងៃទី១៥មេសាដើម្បីអោយឆាប់បានទៅដល់ផ្ទះនៅថ្ងៃបន្ទាប់។  យប់នោះពួកយើងសម្រាកនៅក្រោមដើមអំពិលធំមួយដើមនៅភូមិមួយដែលខ្ញុំមិនចាំឈ្មោះក្នុងសង្កាត់ជីក្រែង  ហើយប្រមាណជាម៉ោង៥ព្រឹកថ្ងៃបន្ទាប់ យើងចាកចេញពីភូមិនោះសំដៅទៅផ្ទះនៅឃុំគោកធ្លកលើ។ ខ្ញុំនិងបងកិប្តូរគ្នាជិះកង់ម្នាក់ម្តង ឯកាំងនិងឪពុកប្តូរគ្នាបររទេះគោ។

ពួកយើងទៅដល់ដើមភូមិខ្លាឃ្មុំនៅពេលភ្លឺស្រាងៗ។ ឪពុករបស់ កាំង កាន់ពូថៅដើរមុខរទេះ ខ្ញុំជិះកង់ពីក្រោយរទេះ ហើយ បងកិកាន់ពូថៅដើរពីក្រោយកង់។ ទិដ្ឋភាពភូមិខ្លាឃ្មុំស្ងាត់ជ្រងុំដូចគ្មានមនុស្សរស់នៅ តែពួកយើងមិនបានចាប់អារម្មណ៍ទេដោយគិតថានៅពេលព្រឹកព្រលឹមដូច្នោះ មនុស្សនៅមិនទាន់ភ្ញាក់ពីដំណេក។ លុះទៅដល់ដើមភូមិត្រពាំងវែងនាពេលដែលថ្ងៃរះកំពស់ចុងឈើ ទើបយើងឆ្ងល់  តែរកសួរអ្នកណាមិនកើតដោយសារភាគច្រើនផ្ទះបិទទ្វារ ឬបង្ហើបតែបន្តិចប៉ុណ្ណោះ ហើយម្តងម្កាលឃើញមនុស្សអើតចេញងាកមើលឆ្វេងស្តាំតែមួយភ្លែតក៏លឹបចូលក្នុងផ្ទះវិញ។ ទីបំផុត នៅពេលដែលយើងហៀបនឹងដើរផុតចុងភូមិទៅហើយ ទើបខ្ញុំឃើញបុរសអាយុប្រមាណជាង៤០ឆ្នាំម្នាក់ចុះពីផ្ទះមកដីប្រកបដោយទឹកមុខស្រងូតស្រងាត់។ ខ្ញុំក៏សួរគាត់ថា «ពូ! ម៉េចក៏ស្ងាត់ម៉្លេះ?» គាត់សម្លឹងមើលផ្លូវទៅកំពង់ក្តីមួយភ្លែតទើបឆ្លើយថា«ម្សិលមិញនៅឯស្ពានខាងមុខនោះ ពួកមិត្តចាប់មនុស្សអារកស្លាប់ច្រើនណាស់ ឆាប់លាក់ពូថៅ ហើយប្រញាប់ទៅផ្ទះទៅព្រោះបន្តិចទៀតបែបជាមកម្តងទៀតហើយ »។ ឮដូច្នោះពួកយើងមានការស្រឡាំងកាំង និងភិតភ័យយ៉ាងខ្លាំង ឪពុករបស់កាំង និងបងកិយកពូថៅលាក់ក្រោមកន្ទេលដែលក្រាលរទេះហើយបំបោលគោស្រូតដំណើរឲ្យបានលឿនឆាប់ទៅដល់ផ្ទះ។

នៅពេលដែលខ្ញុំជិះកង់ទៅដល់ស្ពានទី២ ប្រមាណ២០-­៣០ម៉ែត្រខាងឆ្វេងដៃ ខ្ញុំឃើញជញ្ជ្រាំងស្រូវទក់វ៉ល់ មានមួកស្លឹកត្នោត និងក្រមាដែលដាច់រហែកនៅរាយប៉ាយ ហើយហួសពីទីនោះប្រមាណ៣០ម៉ែត្រនៅខាងស្តាំដៃ ខ្ញុំឃើញសាកសពបុរសម្នាក់ដាច់បំពង់កផ្កាប់មុខ នៅចង្កេះមានពាក់ខ្សែក្រវ៉ាត់ ដែលអ្នកឡើងត្នោតនិយមប្រើសម្រាប់សៀតកាំបិត។ ខ្ញុំមិនបានដឹងទាល់តែសោះថាសពលោកប៉ាស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីនោះ។

ទៅដល់ផ្ទះបងកិនៅភូមិសង្កែ ពួកយើងចែកចាយរបស់របរគ្នា ខ្ញុំយកកូនបង្វិចខោអាវ និងត្រីឆ្អើរមួយបាច់ស្ពាយដើរកាត់ព្រៃខាងក្រោយភូមិគោកធ្លកសំដៅទៅផ្ទះឯភូមិតាភ្ញាដែលនៅចម្ងាយប្រមាណ២គីឡូម៉ែត្រពីផ្ទះបងកិ។ ខ្ញុំដើរចូលក្នុងផ្ទះដោយមិនបានស្រែកហៅពីចម្ងាយ ធ្វើឲ្យលោកយាយនិងម្តាយខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ដោយក្តីត្រេកអរដោយសារឃើញខ្ញុំនៅមានជីវិត លាយនឹងទុក្ខសោកដោយសារបាត់ដំណឹងលោកប៉ា ពួកគាត់ស្ទុះមកអោបខ្ញុំជាមួយនឹងទឹកភ្នែកហូរសស្រាក់ យំរៀបរាប់ពីការបារម្ភដ៏ធំធេង។ ប្អូនៗខ្ញុំដែលនៅជំទង់​ នាំគ្នាអង្គុយត្របោមក្បាលជង្គង់មានទឹកមុខស្រងូតស្រងាត់ព្រោះយល់បានពីទុក្ខសោករបស់គ្រួសារ លើកលែងតែប្អូនស្រីពៅម៉ាលីដែលនៅតូចមិនទាន់ដឹងអីនៅឡើយ។

មួយសន្ទុះក្រោយមក លោកតាកៅ លួនដែលមកពីភូមិខាងជើង លីចបចូលមកប្រាប់ខ្ញុំអោយនៅតែក្នុងផ្ទះកុំចេញទៅណា គាត់នឹងទៅកប់សាកសពនៅឯវត្តហើយស្វែងរកលោកប៉ាផង។ ពេលគាត់ត្រឡប់មកវិញនៅវេលាថ្ងៃត្រង់ គាត់និយាយប្រាប់លោកយាយថាលោកប៉ាមិននៅទីនោះទេ (វត្តគោកធ្លក) ប្រហែលជានៅឯភូមិត្រពាំងវែងឯណោះ។ ទីបំផុតនៅថ្ងៃរសៀលយើងបានទទួលដំណឹងដ៏សោកសៅថា គេប្រទះឃើញសពលោកប៉ានៅឯភូមិត្រពាំងវែង ហើយបានបញ្ចុះក្នុងផ្នូររួមជាមួយសពអ្នកដទៃទៀត។ ដំណឹងនោះធ្វើអោយពួកយើងយំម្តងទៀត ។ អ្នកម្តាយយំរៀបរាប់ពីអនុស្សាវរីយ៍កន្លងមក និងអំពីកូនស្រីពៅដ៏កំសត់ដែលនៅតូចមិនទាន់ស្គាល់ឪពុកនៅឡើយ។ អ្វីដែលធ្វើឲ្យខ្ញុំក្តុកក្តួលចិត្តបំផុតទប់ទឹកភ្នែកមិនបាននោះគឺឃើញអ្នកម្តាយយកបង្វិចខោអាវរបស់លោកប៉ា និងរបស់បងកំសាន្ត(គាត់ស្លាប់កាលពី១១ខែមុន) មកស្រាយហើយថើប និងយំរៀបរាប់ថា «កូនទៅចោលម្តាយមិនទាន់បានមួយឆ្នាំផង ប្តីទៅចោលទៀត» «រូបកាយអ្នកទាំងពីរបាត់បង់ទៅហើយ នៅសល់តែក្លិន ធ្វើអោយអ្នកនៅរស់សែននឹករលឹកសោកសង្រេងអ្វីម៉្លេះទេ»។

ប្រមាណជាមួយខែក្រោយព្រឹត្តិការណ៍ថ្ងៃ១៥មេសា  លោកមាចាន់ អ៊ុក និងចាន់ អ៊ុល រស់នៅភូមិទ័ពសៀមដែលជាប្អូនជីដូនមួយ និងដែលសុទ្ធតែមានសន្តានចិត្តគោរពស្រលាញ់លោកប៉ាយ៉ាងជ្រាលជ្រៅ ហើយមានសេចក្តីក្លាហានប្រឈមមុខនឹងអង្គការផងនោះ  បានទៅគាស់យកអដ្ឋិធាតុលោកប៉ាចេញពីផ្នូររួម។ លោកមាទាំងពីរបានខ្ចប់អដ្ឋិធាតុលោកប៉ានឹងក្រណាត់មួយផ្ទាំងដឹកតាមរទេះគោក្នុងពេលយប់ជ្រៅដើម្បីគេចពីភ្នែកអង្គការ។  នៅតាមផ្លូវ ឈ្លបម្នាក់បានសួរថាដឹកអីមកពីណា។  លោកមាឆ្លើយថាដឹកប្រហុកមកពីទន្លេ  ឈ្លបនោះក៏ឈប់សួរដេញដោល។​

ពួកលោកមា និងមីងៗបានរៀបចំធ្វើពិធីបង្សុកូល និងបូជាធាតុលោកប៉ានៅក្នុងភូមិទ័ពសៀមដែលពួកគាត់រស់នៅ ដោយមានចាស់ៗមួយចំនួនចូលរួមផង។  ពិធីដ៏ប្រថុយប្រថាននោះធ្វើដោយសង្ខេបបំផុតដោយខ្លាចក្រែងពួកកងឈ្លបមកឃើញ។   ភ្លាមៗក្រោយបូជារួច លោកយាយហួតបានយកក្រណាត់ផាឌឹបពណ៌សមួយផ្ទាំងដែលគាត់បានត្បាញ វេចខ្ចប់ធាតុ ហើយទុកលាក់ក្នុងកន្ត្រកម្លូដើរសំដៅទៅផ្ទះនៅឯភូមិតាភ្ញាជាមួយនឹងទឹកភ្នែកហូរសស្រាក់។ នៅពេលទៅដល់កាំជណ្តើរផ្ទះ គាត់ស្រែកទ្រហោរយំរៀបរាប់ថា «កូនតែមួយគ្រាប់របស់ម្តាយអើយ! កាលពីថ្មីៗហ្នឹងសោះដែលកូនចាកចេញទៅជាមួយនឹងរូបកាយទាំងសាច់ទាំងឈាម តែពេលនេះម្តេចក៏កូនត្រលប់មកវិញក្នុងរូបរាងជាផេះជាធ្យូងទៅវិញ?»។ ពេលនោះគ្មានអ្នកណាម្នាក់អាចទប់អារម្មណ៍មិនឲ្យក្តុកក្តួល ទប់ទឹកភ្នែកមិនឲ្យហូរចំពោះមហាទុក្ខសោកដែលមានជំរៅដូចបាតសមុទ្រនេះបានឡើយ។

ប៉ុន្មានថ្ងៃក្រោយមក ប្រធានភូមិបានដឹងពីរឿងបូជាសព ហើយចោលសំដីដៀមដាមថាមានអ្នកខ្លះថាធ្វើបុណ្យអោយខ្មាំងដែលប្រឆាំងនឹងបដិវត្តន៍។ ជាសំណាងល្អដែលគាត់នោះមិនបានធ្វើការចោទប្រកាន់ និងចាប់ចងពួកយើងទេ។​

យុទ្ធនាការបោសសំអាតខ្មាំង

មុននឹងបញ្ជូនឲ្យមកក្តាប់ស្រុកជីក្រែង អង្គការថ្នាក់លើប្រាកដជាដាក់ទិសឲ្យក្រុមតាសុកយកការចាប់ចង និងសម្លាប់ជាការងារអាទិភាព ក្រោមពាក្យស្លោកបោសសម្អាតខ្មាំង។​  ក្នុងការប្រជុំនានាតាមសហករណ៍ និងតាមបណ្តាកងចល័ត ពួកវាតែងលើកឡើងថាខ្មាំងមាន២ប្រភេទគឺ ខ្មាំងជាមនុស្ស និងខ្មាំងសតិអារម្មណ៍។ ខ្មាំងជាមនុស្សគឺ រាល់អ្នកណាដែលធ្លាប់បាន ឬកំពុងប្រឆាំងនឹងបដិវត្តន៍ អ្នកដែលធ្លាប់ធ្វើការបំរើរបបចាស់  អ្នកមានជំនាញ/ទេព្យកោសល្យ/កេរ្តិ៍ឈ្មោះល្បី  អ្នកមានការអប់រំខ្ពស់រាប់តាំងពីសិស្សវិទ្យាល័យឡើងទៅ  អ្នកមានទ្រព្យធនច្រើន។ល។  រួមទាំងសមាជិកគ្រួសាររបស់ពួកគេទាំងអស់ផងដែរ។  ខ្មាំងសតិអារម្មណ៍គឺជាការគិតពីអ្វីៗដែលខុសពីការណែនាំដែលបណ្តាលឲ្យមិនសម្រេចបានតាមទិសអង្គការ ឬមានកំហុសឆ្គងក្នុងពេលបំពេញការងាររួមមានការធ្វើឲ្យបាក់ភ្នៀងនង័្គល  បាក់ស្លាបព្រាសម្រាប់ហូបបាយជាដើម (ស្លាបព្រាដែលខ្មែរក្រហមផលិតពីការស្លម៉ាស៊ីនឡាន មានគុណភាពអន់បំផុត)។ ​ គឺខ្មាំងទាំងពីរប្រភេទខាងលើនេះហើយដែលខ្មែរក្រហមធ្វើការតាមដានស្រាវជ្រាវយកទៅប្រហារទាំងយប់ទាំងថ្ងៃ។

មានសំដីមួយឃ្លាដែលខ្ញុំតែងឮពួកកម្មាភិបាលនិយាយជាញឹកញយណាស់ក្នុងពេលប្រជុំថា «នៅសល់តែមួយចំហៀងខ្លួនក៏នៅតែអាចធ្វើបដិវត្តន៍បានដែរ» បានន័យថាពួកវាសម្លាប់ទាល់តែអស់មនុស្សរលីងក៏គ្មានបញ្ហា។ សមមិត្តផេងដែលជាកម្មាភិបាលក្នុងជួរម្នាក់បានខ្សឹបប្រាប់អ្នកមីង គង់ វ៉ាតនៅភូមិតាភ្ញាពីផែនការសម្ងាត់មួយគឺអង្គការ ដែលនឹងទុកតែយុវជន­យុវនារីខ្មែរតែមួយចំនួនប៉ុណ្ណោះដែលមានរូបរាងស្អាត និងសុខភាពល្អដើម្បីបង្កាត់ជាមួយជនជាតិចិនឲ្យបានជាមនុស្សជំនាន់ថ្មីមួយ។  នៅក្រោយរបបខ្មែរក្រហមនាចុងឆ្នាំ១៩៧៩ ខ្ញុំក៏ធ្លាប់បានអានអត្ថបទកាសែតមួយអំពីរឿងហ្នឹងដែរ។

ក្រោយថ្ងៃមហាប្រល័យ១៥មេសា នៅពេលដែលបរិវេណវត្តមិនទាន់បាត់ក្លិនឈាមជនរងគ្រោះនៅឡើយ មានរថយន្តដឹកទំនិញជាច្រើនគ្រឿងបានមកដល់ ដើម្បីដឹកស្រូវដែលស្តុកក្នុងព្រះវិហារ។ ស្ត្រីៗដែលរស់នៅក្បែរៗវត្តត្រូវបានគេហៅឲ្យទៅកើបស្រូវចេញពីក្នុងព្រះវិហារទៅដាក់ក្នុងឡាន។ បរិមាណស្រូវកាលនោះច្រើនណាស់ គឺពេញព្រះវិហារ មានកម្ពស់លិចដងខ្លួនព្រះបដិមាអង្គធំ  ហើយត្រូវគេដឹកចេញទាល់តែអស់រលីង។

ក្រោយពីអស់ស្រូវហើយ ព្រះពុទ្ធបដិមាអង្គធំក៏ត្រូវវាយបំផ្លាញ ព្រះវិហារក៏ត្រូវប្រើជាកន្លែងចងអ្នកទោសឃុំឃាំងទុកមុននឹងដឹកឡានចេញទៅសៀមរាប (ប្រហែលជាដឹកទៅសម្លាប់នៅភូមិអង្គ្រង​​ ចម្ងាយ១៤គីឡូម៉ែត្រខាងកើតសៀមរាប)។ អ្នកដែលពាក់ព័ន្ធនឹងបាតុកម្មកន្លងមក អ្នករដ្ឋការចាស់ អ្នកដែលពួកវាហៅថាអនុធន (គឺដូចជាគ្រូបង្រៀន ពេទ្យ ជាដើម) ហើយសូម្បីតែសិស្សវិទ្យាល័យចាប់ពីថ្នាក់ទី៣ចាស់ (បច្ចុប្បន្នថ្នាក់ទី១០) គឺត្រូវចាប់ទាំងអស់។ ជារៀងរាល់ថ្ងៃ ខ្ញុំឃើញឡានហ្សេអឹមសេបិទបាំងដោយធាងដូងចូលមកដឹកជនរងគ្រោះទាំងនោះ។

នាយប់មួយ ប្រជាជនដែលរស់នៅក្បែរវត្ត បានឮ សម្លេងស្រ្តីជនរងគ្រោះម្នាក់ស្រែកអង្វរថា«ធ្វើអីខ្ញុំក៏ធ្វើចុះ តែសូមទុកជីវិតកូនខ្ញុំផង»។ ស្រ្តីនោះអាចជាអតីតគ្រូបង្រៀនដែលពួកវាចាប់យកមកពីភូមិព្រៃវាំង ប្រហែលជាពួកវារំលោភរួចសម្លាប់នៅម្តុំទួលគោកខ្មោចខាងកើតវត្ត។

ទន្ទឹមនឹងការចាប់មនុស្សដាក់ឡានធាងដូងដឹកយកទៅសម្លាប់នៅក្រៅភូមិសាស្រ្តស្រុក ពួកយោធាស្រុកក៏តែងដើរចាប់ចងប្រជាជនតាមភូមិជារៀងរាល់យប់  បណ្តើរយកទៅសម្លាប់នៅកំពង់ក្តីដែរ។ ជារៀងរាល់ម៉ោង៥­៦ល្ងាច ពួកយោធាដែលមានគ្នាពី១៥-­៣០នាក់ ចេញពីកំពង់ក្តីដោយដើរកាត់វាលស្រែ (ដើម្បីមិនអោយប្រជាជនឃើញ) តម្រង់ទៅភូមិនានាជាគោលដៅរបស់វា។ វាតែងនាំគណៈភូមិ​ និងកងឈ្លបដើរជាមួយដើម្បីងាយស្វែងរកជនរងគ្រោះ។ គណៈភូមិខ្លះមានចិត្តមេត្តាបានជួយលាក់បាំង និងសង្គ្រោះជីវិតមនុស្សបានជាច្រើន តែខ្លះទៀតដែលមានចិត្តទោសៈ បានរាយការណ៍ប្រាប់ពួកយោធាដោយគ្មានលាក់លៀម ធ្វើឲ្យអ្នក១៧មេសាក្នុងភូមិត្រូវស្លាប់ស្ទើរគ្មានសល់។

លោកមា ព្រំ រីដែលរួចជីវិតពីព្រឹត្តិការណ៍ថ្ងៃ១៥មេសា បានក្លាយជាមនុស្សដែលពួកយោធាស្រុកស្គាល់ និងទុកចិត្ត។ គាត់ត្រូវបានពួកវាចាត់តាំងអោយស្រង់ឈ្មោះអ្នក១៧មេសាទាំងអស់ដែលរស់នៅក្នុងភូមិត្រពាំងវែងដើម្បីចាប់ខ្លួន។ ដោយមានចិត្តមេត្តាដ៏លើសលប់ និងដោយមានសេចក្តីក្លាហានផងនោះ គាត់បានរាយការណ៍កុហកពួកវាថាក្នុងទូទាំងភូមិមានតែប្រជាជនមូលដ្ឋានចាស់ទេ។ ការធ្វើដូច្នោះ គឺគាត់បានជួយអ្នក១៧មេសាទាំងអស់ឲ្យបានរួចជីវិត ក្នុងនោះមានទាំងលោកយាយម៉ែម៉ឺន តារាភាពយន្តដ៏ល្បីល្បាញ និងភរិយាទាំងពីរនាក់របស់លោក លី  វ៉ាដែលជាចាងហ្វាងផលិតកម្មភាពយន្តផងដែរ។

លោកពូសុខ ប្រធានភូមិថ្លុកស្មាច់ ដែលមានផ្ទះទល់មុខនឹងផ្ទះខ្ញុំ ជាប្រធានភូមិចិត្តធម៌ដែលបានជួយសង្គ្រោះជីវិតខ្ញុំ។ អ្នកមីងស៊ានដែលជាប្រពន្ធលោកពូសុខបាននិយាយដំណាលថា ថ្ងៃមួយនាពាក់កណ្តាលអាធ្រាត មានយោធាអាវខ្មៅ៣នាក់បានមកសួរគាត់រកគ្រួសារអ្នក១៧មេសា លោកពូសុខឆ្លើយថាភូមិនេះគ្មានអ្នក១៧មេសាទេ។ បើសិនជាពេលនោះគាត់គ្រាន់តែបូញមាត់តែបន្តិច ជីវិតខ្ញុំ និងក្រុមគ្រួសារប្រាកដជាត្រូវសូន្យបង់ជាមិនខាន។ មានម្តងនោះលោកពូសុខដែលទើបមកពីប្រជុំរឿងផែនការចាប់ចង បានដើរមកប្រាប់ខ្ញុំថា«បើមានគេសួរថារៀនដល់ថ្នាក់ទីប៉ុន្មាន ត្រូវប្រាប់គេថារៀនដល់ថ្នាក់ណាដែលទាបបានហើយ»។

លោកអ៊ំហេង ជុយជាអ្នកមូលដ្ឋានចាស់ តែជាប់និន្នាការជាអ្នករដ្ឋការចាស់ក៍ត្រូវគេចាប់ចងដាក់ក្នុងព្រះវិហារដែរ។ ថ្ងៃមួយគាត់បានឃើញបុរសម្នាក់ដែលជាប់ចំណងអង្គុយក្បែរជញ្ជាំងបាននិយាយអង្វរពួកអ្នកយាមឲ្យបន្ធូរចំណងដៃបន្ដិច តែត្រូវពួកវាបាញ់បំបែកក្បាលខ្ចាយខួរនិងឈាមខ្ទាតប្រឡាក់ជញ្ជាំងដែលបន្សល់ទុកស្លាកស្នាមអស់រយៈពេលជាច្រើនឆ្នាំ។ អ៊ំហេង ជុយមានសំណាងណាស់ដែលបានអ្នកយាមម្នាក់មានមនោសញ្ចេតនាអាណិត ក៍ស្រាយចំណងឲ្យគាត់ត្រលប់ទៅផ្ទះវិញ និងមានជីវិតរស់នៅមកដល់សព្វថ្ងៃនេះ។

ជាទូទៅ ពួកយោធាខ្មែរក្រហមហាក់ដូចជាស្រេកឃ្លានជីវិតមនុស្សណាស់ គឺវាចាប់នូវអ្នកទាំងឡាយណាដែលវាជួបតាមផ្លូវ។ នាចុងឆ្នាំ១៩៧៧ មានបុរសម្នាក់ឈ្មោះអេង  ហុកឡន អាយុ៣១ឆ្នាំដែលកំពុងដើររកគោនៅក្នុងភូមិសាស្រ្តភូមិពោធិសិរីខាងកើតកំពង់ក្តី ត្រូវពួកបើកឡានធាងដូងជួប ហើយចាប់ចងបោះដាក់ក្នុងឡានយកទៅបាត់។  យុវជនម្នាក់ទៀតឈ្មោះជា សុវេត អាយុ២៨ឆ្នាំ រស់នៅភូមិក្របីរៀល ជិះកង់ទៅភូមិសង្កែមានជ័យកាត់ក្បែរសាលាស្រុក ក៏ត្រូវពួកអ្នកយាមចាប់ចងយកទៅប្រហារផងដែរ។

ចាប់តាំងពីមានការចោទប្រកាន់កម្មាភិបាលភូមិភាគឧត្តរថាជា«ខ្មាំង»ក្បត់អង្គការបក្ស  កម្មាភិបាលមកពីភូមិភាគនិរតីត្រូវបានបញ្ជូនឲ្យមកក្តាប់  ហើយយុទ្ធនាការបោសសំអាតខ្មាំងត្រូវបានអនុវត្តយ៉ាងទូលំទូលាយ។ កាលពីមុន មុខសញ្ញាខ្មាំងមានតែនៅក្នុងចំណោមអ្នក១៧មេសាទេ  តែលើកនេះគឺមាននៅក្នុងជួរកម្មាភិបាលជំនាន់មុនរួមទាំងពួកយោធាដែលទើបត្រូវគេរំសាយពីជួរផងដែរ ហេតុនេះហើយបានជាពេលនោះអ្នកមូលដ្ឋានចាស់មិនសូវរើសអើងអ្នក១៧មេសាដូចកាលមុនទេ។​

លោកណែម សារីដែលជម្លៀសទៅនៅភូមិជាស្មន់ សង្កាត់មានជ័យ ស្រុកសៀមរាប (បច្ចុប្បន្នស្រុកប្រាសាទបាគង) បានរំលឹកព្រឹត្តិការណ៍ដ៏សាហាវឃោរឃៅប្រព្រឹត្តដោយពួកកម្មាភិបាលមកពីភូមិភាគនិរតីដែលមានឈ្មោះតាហុនជាប្រធានគណៈតំបន់ តាំងពីពួកវាមកក្តាប់ភូមិភាគឧត្តរនាចុងឆ្នាំ១៩៧៦។ កិច្ចការដំបូងរបស់ពួកនោះគឺចាប់ខ្លួនពួកកម្មាភិបាលជំនាន់មុនតាំងពីថ្នាក់សង្កាត់ឡើងទៅ។ ចំពោះអ្នក១៧មេសាកាលពីជំនាន់គណៈតំបន់មុន មិនមានបញ្ជាឲ្យចាប់ខ្លួនសិស្ស និស្សិត គ្រូបង្រៀន ពេទ្យ  និងបញ្ញវន្តដែលគេហៅជារួមថាវណ្ណៈអនុធនទេ តែនៅជំនាន់គណៈតំបន់តាហុនគឺត្រូវចាប់ខ្លួនទាំងអស់  សូម្បីតែអ្នកធ្លាប់ធ្វើជាកងស្វ័យត្រាណតែមួយថ្ងៃក្តី។ អតីតគ្រូបង្រៀនខ្លះត្រូវពួកវាហៅឲ្យចុះពីលើផ្ទះ(ខ្ទម) ហើយបាញ់សម្លាប់នៅនឹងកាំជណ្តើរតែម្តង។

នាដើមឆ្នាំ១៩៧៧ លោកណែម សារីត្រូវគេចាត់តាំងឲ្យទៅឡើងត្នោតនៅភូមិកក្រាញ់ ប៉ែកខាងត្បូងក្រុងសៀមរាប តាមដងស្ទឹង។ គាត់បានដឹងថា ពួកយោធាខ្មែរក្រហមពិការដោយសង្គ្រាមដែលគណៈតំបន់មុនរៀបចំការប្រពន្ធ និងរស់នៅម្តុំវត្តស្វាយ មិនឆ្ងាយប៉ុន្មានពីភូមិកក្រាញ់ ត្រូវគណៈតំបន់ថ្មីបញ្ជាអោយយកទៅសម្លាប់ចោលទាំងអស់ ដោយចោលសំដីថា «ពួកនោះស៊ីបាយអស់បាយ ស៊ីអង្ករអស់អង្ករ»។ ទីពិឃាតអ្នកទាំងនោះគឺនៅក្នុងព្រៃអង្គរ ម្តុំបញ្ជរលក់សំបុត្រទស្សនាប្រាសាទ(ចាស់)។ លោកណែម សារីក៏ជាសាក្សីរស់ដែលបានឃើញរថយន្តដឹកអ្នកភូមិភ្នំ­ក្រោម (ដែលមានរបរនេសាទត្រី) ទៅសម្លាប់មួយថ្ងៃមួយឡាន ជួនកាលពីរឡាន អស់រយៈពេលប្រមាណមួយខែ​ ដែលមនុស្សមួយឡានៗមានប្រហែលជា៣០­-៤០នាក់។

ល្បិចញុះញង់ប្រជាជនអោយងើបបះបោរ ហើយធ្វើការ បង្ក្រាបក្រោមលេស<ដើម្បីរកខ្មាំង> មិនមែនកើតឡើងនៅតែស្រុកជីក្រែងមួយទេ គឺមាននៅឃុំកែវពណ៌ ស្រុកពួកផងដែរ។ លោកណែម សារីដដែលបានឲ្យដឹងថា កាលពីដើមឆ្នាំ១៩៧៧ប្រជាជនភេទប្រុសក្នុងទូទាំងឃុំកែវពណ៌ស្រុកពួកត្រូវពួកខ្មែរក្រហមចាប់យកទៅសម្លាប់ទាំងអស់ ក្រោមលេសមួយដែលមានដំណើររឿងដូចតទៅ ៖

នាចុងឆ្នាំ១៩៧៦ កម្មាភិបាលមកពីភូមិភាគនិរតីបានមកដល់ ហើយបានដើរបញ្ចុះបញ្ចូលប្រជាជនទូទាំងឃុំឲ្យមានកំហឹង និងងើបបះបោរប្រឆាំងនឹងកម្មាភិបាលថ្នាក់មូលដ្ឋាន។ ពួកវាបានបំពាក់កាំភ្លើងធុនស្រាល និងគ្រាប់បែកដៃមួយចំនួនដល់ប្រជាជន និងជំរុញពួកគាត់អោយទៅវាយប្រហារមូលដ្ឋានទ័ពមួយកន្លែងនៅអាងអន្លង់សារនាមាត់ទន្លេសាប ដើម្បីដណ្តើមយកកាំភ្លើងទៅពង្រីកកម្លាំងបន្ថែមទៀត។ ដោយសារតែកាំភ្លើង និងគ្រាប់បែកដៃទាំងនោះត្រូវពួកវាដោះយកគ្រឿងក្នុងមួយចំនួនចេញបាត់ទៅហើយ បានជាក្នុងពេលប្រយុទ្ធគ្នានោះក្រុមបះបោរគ្មានបាញ់ចេញមួយគ្រាប់ណាទេ ឯគ្រាប់បែកក៏សុទ្ធតែស្អុយ ធ្វើអោយគ្នាគាត់ទាំង៣០-­៤០នាក់ត្រូវពួកវាចាប់បានទាំងអស់ ហើយសម្លាប់ចោលគ្មានសល់ម្នាក់។ ដោយយកហេតុការណ៍នោះធ្វើជាលេស ពួកអាវខ្មៅក៏ធ្វើការចាប់ខ្លួនប្រជាជនភេទប្រុសតាំងពីក្មេងជំទង់អាយុ១៥ឆ្នាំឡើងក្នុងឃុំកែវពណ៌ទាំងមូល និងភូមិខ្លះទៀតក្នុងឃុំផ្សេង ហើយដឹកយកទៅសម្លាប់នៅម្តុំបារាយណ៍ទឹកថ្លា។

លោកណែម សារី ក៏បានរៀបរាប់នូវរឿងរ៉ាវពិឃាតដ៏រន្ធត់ទាក់ទងនឹងឡានបាំងធាងដូងដែលគាត់បានដឹងពីស្រ្តីម្នាក់ឈ្មោះវ៉ាត់ ដែលពួកឃាតកអាវខ្មៅបានដោះលែង។ ប្តីអ្នកស្រីធ្លាប់បានធ្វីជាកងស្វ័យត្រាណក្នុងជំនាន់លន់ នល់ ហើយត្រូវបានជម្លៀសទៅនៅភូមិជាស្មន់ជាមួយលោកសារីដែរ។ នៅពេលដែលពួកឈ្លបស្រាវជ្រាវដឹង ទាំងពីរនាក់ប្តីប្រពន្ធត្រូវចាប់ខ្លួនយកទៅវាលពិឃាតនៅភូមិអង្គ្រង (ផ្សារអង្គ្រងក្នុងស្រុកប្រាសាទបាគងបច្ចុប្បន្ន) ដែលអ្នករស់នៅភូមិនោះត្រូវបានគេជម្លៀសចេញអស់តាំងពីឆ្នាំ១៩៧៥។ នៅទីនោះ អ្នកស្រីបានឃើញឡានបាំងធាងដូងមកពីទិសខាងកើត ពោរពេញទៅដោយមនុស្សជាប់ចំណង ត្រូវពួកអាវខ្មៅនាំយកទៅវាយសម្លាប់ទម្លាក់ចូលក្នុងអណ្តូងលូតាមផ្ទះដែលអ្នកភូមិធ្លាប់តែដងទឹកយកមកប្រើប្រាស់។ គាត់ឮសម្លេងជនជាប់ចំណងស្រែកអង្វរករសុំឲ្យទុកជីវិត និងសម្រែកឈឺចាប់ដោយសារដៃជាប់ចំណងស្លាក់ខ្យល់រាប់ម៉ោង។ នៅរាល់ពេលដែលជនរងគ្រោះម្នាក់ៗត្រូវពួកវាសម្លាប់ គាត់ឮសូរសម្លេងវាយសំពងភូស និងសម្រែកអូយយ៉ាងអាណោចអធ័មជាទីបំផុត។ ប្តីរបស់អ្នកស្រីក៏ត្រូវបានសម្លាប់នៅពេលនោះដែរ។  ប្រហែលដោយសារតែគាត់ជាស្រ្តីតែម្នាក់គត់នៅទីពិឃាតនោះ ទើបមេឃាតកសម្រេចដោះលែងឲ្យវិលត្រឡប់ទៅផ្ទះវិញ។ នោះជាសំណាងតែមួយក្នុងរាប់ពាន់គ្រោះថ្នាក់របស់គាត់។

ថ្ងៃមួយនាដើមឆ្នាំ១៩៧៧ លោកណែម សារីបររទេះគោកាត់តាមទីពិឃាត នោះ ក៏បានឃើញក្បាលជនរងគ្រោះ៤­៥ត្រូវពួកពេជ្ឈឃាតដោតតម្រៀបគ្នាលើបង្គោលរបងធ្វើជាល្បែងកម្សាន្ត។

វាលពិឃាតនាពេលបច្ចុប្បន្ន

១- ­វាលពិឃាតភូមិត្រពាំងវែង
​អស់រយៈពេល៤៣ឆ្នាំកន្លងមកនេះ វាលពិឃាតដែលពីមុនគឺជាស្រែដែលមានគុម្ពោតព្រៃរបោះមានសណ្ឋានខ្ពស់ទាប បានផ្លាស់ប្តូរទៅជាវាលស្រែ​រាបស្មើដែលមានតែដើមឈើខ្លះៗប៉ុណ្ណោះ។ ស្ពានឈើទី២ដែលជាទីកន្លែងចាប់ចង និងប្រហារជនរងគ្រោះខ្លះនាពេលនោះ ក្រោយមកត្រូវប្រជាជនហៅថាស្ពានអារ.ក។  នៅឆ្នាំ១៩៩៨  នៅពេលមានការជួសជុលផ្លូវ ស្ពានត្រូវគេរុះរើចោលហើយចាក់ដីលុបបំពេញ ដែលបច្ចុប្បន្នគ្រាន់តែជាផ្លូវថ្នល់ប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី ឈ្មោះស្ពានអារ.កនៅតែត្រូវបានប្រជាជនប្រើសម្រាប់ហៅទីតាំងម្តុំនោះ។ ​ស្លាកស្នាមប្រវត្តិសាស្រ្តដ៏ជូរចត់បានរលុបបាត់ហើយ នៅឡើយតែភាពតក់ស្លុតនិងសោកសៅដែលដក់ជាប់ក្នុងអារម្មណ៍មនុស្សដែលមានអាយុពី៥៥ឆ្នាំឡើងទៅប៉ុណ្ណោះ។​

២­- វាលពិឃាតវត្តគោកធ្លក
ភាគច្រើននៃគ្រួសារជនរងគ្រោះក្នុងព្រឹត្តិការណ៍ថ្ងៃ១៥មេសា មិនបានទៅគាស់យកអដ្ឋិធាតុសមាជិកក្រុមគ្រួសារយកមកទុកដាក់ភ្លាមៗទេដោយខ្លាចប្រធានភូមិឬពួកឈ្លបចោទប្រកាន់ថាជាប់ជំពាក់ជាមួយខ្មាំង។ ទាល់តែក្រោយការដួលរលំនៃរបបខ្មែរក្រហមទើបពួកគាត់ស្វះស្វែងរកដោយផ្អែកលើព័ត៌មានពីអ្នកដែលរួចជីវិត ឬអ្នកកប់សាកសព ជាពិសេសគឺសម្លៀកបំពាក់ដែលជនរងគ្រោះស្លៀកនាថ្ងៃនោះ។ អ្នកខ្លះមានសំណាងបានរកឃើញ អ្នកខ្លះទៀតរកមិនឃើញ។

នៅឆ្នាំ១៩៧៩ ព្រះសង្ឃនិងចាស់ៗអ្នកភូមិដែលរៀបចំកសាងវត្តគោកធ្លកឡើងវិញ បានដើរប្រមែប្រមូលធាតុជនរងគ្រោះពីតាមរណ្តៅខ្លះ តាមវាលស្រែខ្លះនិងសាងសង់តូបមួយក្បែរព្រះវិហារសម្រាប់ទុកដាក់។ ធាតុមួយចំនួនត្រូវបានដឹកយកទៅទុកនៅវត្តពោធិវង្ស (ហៅវត្តថ្មី) នៅក្រុងសៀមរាប។ ជាអកុសល អដ្ឋិធាតុដែលនៅសល់ទាំងប៉ុន្មាន ត្រូវព្រឹទ្ធាចារ្យម្នាក់យល់ថា  ៉ទុកក្នុងវត្តខ្លាចចង្រៃដល់វត្ត  ៉ ក៏ជំរុញអោយយកទៅដាក់នៅគោកខ្មោចក្រៅបរិវេណវត្ត  គ្មានការថែទាំជាច្រើនឆ្នាំក៏ត្រូវបាត់បង់អស់ដោយសារគោស៊ី និងឆ្កែពាំ។

ដូចគ្នានឹងវាលពិឃាតភូមិត្រពាំងវែងដែរ វត្តគោកធ្លកបច្ចុប្បន្នស្ទើរតែគ្មានបន្សល់ស្លាកស្នាមនៃការប្រល័យអ្វីទេ ក្រៅពីដើមពោធិធំមួយដើមដែលក្រុមរងគ្រោះចុងក្រោយត្រូវពួកពេជ្ឈឃាតយកទៅប្រល័យនៅក្បែរនោះ។  ព្រះវិហារដែលធ្លាប់ជាកន្លែងឃុំឃាំងជនស្លូតត្រង់ក៏ត្រូវរុះរើចោលនិងសាងសង់ជាថ្មី។ ព្រឹត្តិការណ៍ថ្ងៃ១៥មេសាដ៏ភ័យរន្ធត់មានតែនៅក្នុងការចងចាំរបស់ចាស់ៗមួយចំនួនដែលនៅមានជីវិតនៅឡើយតែប៉ុណ្ណោះ។

៣- ការដ្ឋានទំនប់រហាលព្រួល
ទីដែលជាផ្ទុះឡើងនូវបាតុកម្មសម្លាប់កម្មាភិបាលខ្មែរក្រហមកាលពីថ្ងៃទី១២ខែមេសាឆ្នាំ១៩៧៧នោះ ត្រូវបានកសាងបញ្ចប់នៅឆ្នាំ១៩៧៨ទើបបានជាមានឈ្មោះថាទំនប់៧៨មកដល់សព្វថ្ងៃនេះ។ ក្នុងសម័យខ្មែរក្រហម មន្ទីរសន្តិសុខរហាលព្រួលគឺជាកន្លែងឃុំឃាំង និងជាទីពិឃាតដ៏ធំបង្គួរមួយដែរ។ បច្ចុប្បន្ននេះយើងមិនឃើញមានសល់ស្លាកស្នាមទារុណកម្មឬប្រល័យអ្វីទាំងអស់ក្រៅតែពីអានុស្សាវរីយ៍ដ៏ខ្លោចផ្សានៃអ្នកដែលធ្លាប់ទៅធ្វើពលកម្មនៅទីនោះក្នុងសម័យខ្មែរក្រហម។​

ខ្សែជីវិតពួកឃាតក

ដោយសារតែមានស្នាដៃល្អក្នុងការងារនៅស្រុកជីក្រែង ទើបបានជាអង្គការបញ្ជូនសមមិត្តយីទៅធ្វើការងារបោសសំអាតខ្មាំងនៅស្រុកវ៉ារិន។ នៅទីនោះ យីដឹកនាំកម្លាំងមួយក្រុមដើរចាប់ចងមនុស្សតាមបណ្តាភូមិបញ្ជូនទៅថ្នាក់តំបន់។​ បណ្តាមនុស្សដែលយីចាប់ចងគឺពពួកក
ម្មាភិបាលពីជំនាន់គណៈស្រុកចាស់ ចាប់តាំងពីអ្នកបំរើផ្នែកពេទ្យដែលមានឋានៈទាបបំផុត រួមទាំងអ្នក១៧មេសាដែលជាប់និន្នាការអនុធន និងសិស្សវិទ្យាល័យផងដែរ។ 
តាមការរៀបរាប់របស់លោក ទៀង ហែម និងភរិយារបស់គាត់អ្នកស្រី ស៊ត់ ដែលបំរើការផ្នែកសុខាភិបាលនៅទីនោះ ថាអ្នក១៧មេសាដែលជាប់ក្នុងវណ្ណៈអនុធនត្រូវបានយីចាប់ស្ទើរគ្មានសល់ដោយសារតែអ្នក១៧មេសាដូចគ្នារាយការណ៍ប្រាប់។ អ្នករាយការណ៍ទាំងនោះជោរនឹងការដែលគេចាត់តាំងអោយធ្វើជាប្រធានកង/ប្រធានក្រុម ក៏ធ្វើបាបគ្នាឯងគ្មានប្រណី។ ជាសំណាងរបស់លោកទៀង ហែម និងអ្នកស្រីស៊ត់ ដែលយីបានការពារមិនអោយមានអ្នកណាធ្វើបាប ព្រោះជាអ្នករស់នៅភូមិជាមួយគ្នា ហើយជាប់សាច់ញាតិនឹងគ្នាផងដែរ។​
ក្នុងរយៈពេលតែប់ុន្មានខែ យីបំពេញការងារចាប់ចងមនុស្សរាប់រយនាក់ ហើយក៏បានសម្លាប់ដោយផ្ទាល់ដៃខ្លះផងដែរ។ នាពេលមួយនោះ យីបាក់ចិត្តស្រឡាញ់នារីកងចល័តម្នាក់ឈ្មោះ លាម ក៏ស្
នើអង្គការអោយបញ្ចូលនាងក្នុងជួរក្នុងអង្គភាពជាមួយ និងក្រោយមករៀបការជាប្តីប្រពន្ធ។

នៅដើមឆ្នាំ១៩៧៨ អង្គការរំសាយយីអោយទៅភូមិគោកធ្លកវិញវិញ ហើយពីរនាក់ប្តីប្រពន្ធទៅធ្វើការក្នុងកងចល័តជាមួយប្រជាជនដទៃរហូតទាល់តែរបបខ្មែរក្រហមដួលរលំនៅថ្ងៃទី៧ ខែមករាឆ្នាំ១៩៧៩។  នាដើមឆ្នាំ១៩៧៩ក្នុងរបបសាធារណរដ្ឋប្រជាមានិតុកម្ពុជា យីត្រូវបានគេចាត់តាំងអោយធ្វើជាប្រធានភូមិ។ ធ្វើបានពីរបីឆ្នាំ យីកើតជម្ងឺលើសឈាមធ្វើការលែងកើត ក៏សុំលាលែងពីការងារ។ យីស្លាប់មួយចំហៀងខ្លួន រស់នៅយ៉ាងត្រដាបត្រដួសអស់ជាច្រើនឆ្នាំ និងស្លាប់នៅឆ្នាំ១៩៩២ក្នុងអាយុ៣៧ឆ្នាំ។
ជារឿងចៃដន្យបំផុតដែលប្រធានភូមិបន្ទាប់ពី​យី គឺ ម៉ៅ ដែលធ្លាប់ជាពេជ្ឈឃាតដៃឆៅម្នាក់ទៀតដែរ សកម្មក្នុងការចាប់ខ្លួនមនុស្សចងស្លាបសេកឲ្យរត់មុខកង់ ជួនកាលសេះ ក្នុងចម្ងាយផ្លូវជាង១០គីឡូម៉ែត្រ។ 

ប្រហែលជានៅពាក់កណ្តាលឆ្នាំ១៩៧៧ គណៈស្រុកសុកបានរំសាយបណ្តាកងយោធាស្រុកពីជំនាន់តាស៊ុនឲ្យទៅនៅមូលដ្ឋាន (ភូមិកំណើត) 

 ឯពេជ្ឈឃាតធា (ហៅម៉ែនហែម)វិញ ត្រូវបានប្រធានភូមិបញ្ជូនឈ្មោះឲ្យធ្វើជាគ្រូបង្រៀនតាំងពីឆ្នាំ១៩៧៩ រហូតដល់អាយុចូលនិវត្តន៍។ គាត់ក៏មានជម្ងឺទុរន់ទុរាអស់ជាច្រើនឆ្នាំដែរ ហើយស្លាប់ប្រមាណជា៥-៦ឆ្នាំមុននេះ។ 

សមមិត្តស៊ីមជាអ្នកភូមិគោកធ្លកដែលបានជួយជីវិតមនុស្សមួយចំនួនក្នុងព្រឹត្តិការណ៍១៥មេសានោះ ក្រោយពីត្រូវតាសុកបោកប្រើរួចហើយ ក៏ត្រូវចាប់ខ្លួនទាំងប្តីទាំងប្រពន្ធបញ្ជូនទៅដាក់គុកនៅសៀមរាបមួយរយៈមុននឹងយកទៅសម្លាប់ចោល។ លោកស៊ុំ រិទ្ធីដែលធ្លាប់ជាប់គុកក្នុងបន្ទប់តែមួយជាមួយគ្នា បានរំលឹកសម្តីស៊ីមថា  «បដិវត្តន៍នេះ មិនស្មោះត្រង់ក៏ស្លាប់​​  ស្មោះត្រង់ក៏នៅតែស្លាប់»។ ដោយសារតែធ្លាប់ជាកម្មាភិបាលថ្នាក់ស្រុកម្នាក់ នៅថ្ងៃដែលគេយកគាត់ទៅសម្លាប់ គេរៀបចំអាហារឆ្ងាញ់មួយពេលដោយមានបាយនិងម្ហូបដាក់ក្នុងថាសឲ្យហូប។

ខ្ញុំទទួលបានព័ត៌មាន២ខុសគ្នាពីខ្សែជីវិតរបស់តាសុកដែលជាមេឃាតកយ៉ាងសាហាវឃោរឃៅ។  មួយគឺត្រូវគណៈស្រុកថ្មីចាប់ចងបោះចូលក្នុងឡានហើយដឹកទៅសៀមរាប ដែលមានន័យថាយកទៅសម្លាប់។ ពីរគឺមានអតីតយោធាខ្មែរក្រហមម្នាក់ឈ្មោះ ហៀន ហំ (បច្ចុប្បន្នរស់នៅភូមិថ្នល់ ឃុំគោកធ្លកលើ) បាននិយាយថាកាលពីឆ្នាំ១៩៧៩ នាព្រុំដែនកម្ពុជា­ថៃក្នុងស្រុកសំពៅលូនខេត្តបាត់ដំបង  ក្នុងគ្រាដែលទ័ពខ្មែរក្រហមប្រមូលផ្តុំគ្នាដើម្បីវាយបកទ័ពវៀតណាមវិញ  គាត់បានជួបកម្មាភិបាលម្នាក់ឈ្មោះសុក ដែលអះអាងប្រាប់គាត់ថាធ្លាប់បានធ្វើជាគណៈស្រុកជីក្រែង​ ខេត្តសៀមរាប។

លោកទូច ទ្រី  បច្ចុប្បន្ននេះជាមេឃុំគោកធ្លកលើបានដំណាលថា ម្តងនោះគាត់បានចងអង្រឹងដេកទល់ក្បាលគ្នាជាមួយតាសុក  បានឆ្លៀតសួរថា <សមមិត្តអ៊ំ!  កាលពីមុនយើងប្ដូរស្លាប់រស់ធ្វើបដិវត្តន៍ទាំងអស់គ្នា  ហេតុអ្វីពេលនេះចោទគ្នាថាក្បត់ទៅវិញ?> តាសុកឆ្លើយថា<ពូជសំពោចនិងស្ការ ស៊ីមាន់ដូចតែគ្នាទេ។ ថ្ងៃនេះយើងចោទគេថាក្បត់ ថ្ងៃក្រោយនឹងមានគេផ្សេងចោទយើងថាក្បត់វិញម្តង>។

នាខែមេសា­ឧសភាឆ្នាំ១៩៧៧ តាហុនដែលជាប្រធានគណៈតំបន់ដ៏កាចសាហាវ ក៏ត្រូវចាប់ខ្លួនពីបទជាប់ខ្សែរយៈជាមួយហ៊ូ នឹម រដ្ឋមន្រ្តីក្រសួងឃោសនាការ។ អ្នកថ្មីដែលមកជំនួសគឺតាសែ ហើយក្រោយមកក៏មានអ្នកផ្សេងចោទតាសែថាក្បត់។  ពួកទាំងអស់ហ្នឹងជាសត្វសំពោចនិងស្ការដែលស៊ីមាន់ដូចតែគ្នាដូចតាសុកថាអញ្ចឹង។

ទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ

ហេតុការណ៍ទាំងអស់ដែលបានសរសេររៀបរាប់ខាងលើសុទ្ធតែទទួលបានពីការចងចាំរបស់សាក្សីរស់ គឺមិនមានមូលដ្ឋានពីឯកសារជាផ្លូវការណាមួយឡើយ តែខ្ញុំមានជំនឿថាវាជារឿងរ៉ាវពិតដែលកើតឡើងកាលពីជាង៤០ឆ្នាំមុន គ្រាន់តែមានការខ្វះចន្លោះខ្លះពីរឿងលំអិត និងកាលបរិច្ឆេទតែប៉ុណ្ណោះ។ អ្វីដែលជាសច្ចភាពច្បាស់ក្រឡែតគឺមហន្តរាយយ៉ាងធំធេងបណ្តាលមកពីការដឹកនាំរបស់ប៉ុល ពត – ­នួន ជា ដែលជឿស៊ប់លើមនោគមវិជ្ជាម៉ៅ សេទុង ទាត់ចោលទាំងស្រុងនូវសមាហរណកម្មជាមួយពិភពលោកក្នុងសម័យបច្ចេកវិទ្យា ធ្វើឲ្យកម្ពុជាដើរថយក្រោយរាប់សិបឆ្នាំ។

អ្វីដែលជាក្តីបារម្ភរបស់ខ្ញុំចំពោះកូនចៅជំនាន់ក្រោយគឺការយល់ដឹងពីប្រវត្តិសាស្រ្តដែលជាមូលដ្ឋានគ្រឹះអំពីទស្សនៈផ្ទាល់ខ្លួនយើងម្នាក់ៗក្នុងបរិបទនយោបាយនាពេលបច្ចុប្បន្ន។ មិនជារឿងចម្លែកទេដែលអតីតសមមិត្តខ្មែរក្រហមខ្លះនៅមានទស្សនៈគាំទ្រនូវអ្វីដែលគេបានធ្វើក្នុងអតីតកាល ព្រោះគេត្រូវបានអង្គការបដិវត្តន៍បំពាក់បំប៉នមនោគមន៍វិជ្ជាក្រហមឆ្អិនឆ្អៅរាប់សិបឆ្នាំទៅហើយ។ អ្វីដែលខ្ញុំសែនហួសចិត្តគឺមានមនុស្សមួយចំនួនតូចក្នុងស្រទាប់បញ្ញវន្តមានទស្សនៈគាំទ្រការដឹកនាំរបស់របបកម្ពុ­ជាប្រជាធិបតេយ្យ៣ឆ្នាំ៨ខែ២០ថ្ងៃ ហើយចោទប្រទេសវៀតណាមថាជាអ្នកនៅពីក្រោយការសម្លាប់រង្គាលនោះទៅវិញ។ ខ្ញុំមិនដែលបានឃើញឯកសារប្រវត្តិសាស្ត្រណាមួយដែលអាចយកមកគាំទ្រទស្សនៈនេះនៅឡើយទេ តែបានអានខ្លះៗនិងជឿជាក់លើសៀវភៅប្រវត្តិសាស្ត្រកម្ពុជាដែលសរសេរដោយអ្នកជំនាញល្បីៗដូចជាលោក David Chandler, Nayan Chenda , Elizabeth Backher, Francois Ponchaud,  Nate Thayer,  កម្រងប្រវត្តិសាស្ត្រដោយ RFI, VOA, RFA និងជាពិសេសបំផុតនោះគឺបណ្តាឯកសាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបង្ហាញច្បាស់ថាបណ្តាមេដឹកនាំខ្មែរក្រហមសុទ្ធសឹងតែអ្នកជាតិនិយមជ្រុល  សាហាវឃោរឃៅ   ផ្តាច់ការ​  ហើយទទួលខុសត្រូវផ្តាច់មុខលើការបាត់បង់អាយុជីវិតប្រជាជនជាង២លាននាក់ក្រោមការដឹកនាំរបស់ខ្លួនតែក្នុងរយៈពេលតែជាង៣ឆ្នាំប៉ុណ្ណោះ។

ផ្អែកតាមការបំភ្លឺរបស់ឌុចដែលជាមេមន្ទីរសន្តិសុខស២១ អំពីរបៀបស្រាវជ្រាវរកខ្សែរយៈខ្មាំងបង្កប់នោះគឺការចាប់យកជនសង្ស័យទៅធ្វើទារុណកម្មឲ្យឆ្លើយសារភាពទៅតាមអ្វីដែលមេសន្តិសុខឬថ្នាក់លើចង់បាន ដែលតែងតែទទួលបានចម្លើយសារភាពប៉ាតណាប៉ាតណី គឺឆ្លើយដាក់អ្នកដទៃថាបានរួមគ្នាក្បត់បដិវត្តន៍ដើម្បីឲ្យរួចផុតពីទារុណកម្មដ៏សាហាវឃោរឃៅ។  អ្នកដែលត្រូវគេឆ្លើយដាក់ក៏ត្រូវបានចាប់ខ្លួន ធ្វើទារុណកម្ម និងផ្តល់ចម្លើយសារភាពប៉ាតណាប៉ាតណីដូចអ្នកមុនដែរ ហើយជាលទ្ធផលគឺមនុស្សកាន់តែច្រើនទៅៗត្រូវបានចាប់ខ្លួន  ហើយការមិនទុកចិត្តគ្នាកាន់តែធំទៅៗ សម្លឹងទៅទីណាក៏ឃើញសុទ្ធតែជាខ្មាំង។ បន្ថែមពីលើរបៀបចាស់គំរឹលដ៏ល្ងង់ខ្លៅខាងលើ  ប៉ុល ពត និងនួន ជាបានបង្កើតគោលការណ៍ដ៏សាហាវឃោរឃៅមួយទៀតដែលហៅថាជីកស្មៅត្រូវជីកទាំងឫស គឺថាបើចាប់ប្តីត្រូវចាប់ទាំងប្រពន្ធទាំងកូន បើចាប់ប្រធានអង្គភាពត្រូវចាប់មនុស្សទាំងអស់ក្នុងអង្គភាពនោះ។

មកទល់ថ្ងៃស្លាប់ ប៉ុល ពត និងនួន ជា នៅតែមើលមិនឃើញកំហុសនៃការដឹកនាំរបស់ខ្លួនទាល់តែសោះ។  ដោយតាំងខ្លួនជាអង្គការបក្សដ៏មហាភ្លឺស្វាងមហាអស្ចារ្យនោះ ពីរនាក់ហ្នឹងមិនដែលមើលឃើញថាគ្រប់វិស័យ        សំខាន់ៗធ្លាក់ចុះខ្សោយ  ហើយប្រជាជនលំបាកវេទនាយ៉ាងណាទេ  ផ្ទុយទៅវិញមានតែការអួតអាងថាកម្ពុជាកំពុងតែធ្វើដំណើរតាមជំហានមហាលោតផ្លោះមហាអស្ចារ្យ។ ជាលទ្ធផលនៃភាពល្ងង់ខ្លៅ  មហិច្ឆតាលើសលប់  និងភាពក្រអឺតក្រទមនេះហើយទើបបានជា កម្ពុជាចាញ់សង្គ្រាមជាមួយវៀតណាមក្នុងរយៈពេលដ៏ខ្លីបំផុត ឈានទៅរកការដួលរលំរបប៣ឆ្នាំ ៨ខែ ២០ថ្ងៃដ៏មហន្តរាយ។

ឆ្លងកាត់ការរស់នៅក្រោមរបបនយោបាយជាច្រើនជំនាន់មកនេះ ខ្ញុំកត់សំគាល់ឃើញនូវភាពអាត្មានិយមដែលចាក់ឫសនៅក្នុងមនុស្សខ្មែរគ្រប់ស្រទាប់តាំងពីប្រជារាស្ត្រធម្មតា រហូតដល់ថ្នាក់ដឹកនាំប្រទេស។ ម្នាក់ៗតែងតែឲ្យតម្លៃខ្លួនឯងឬក្រុមខ្លួនថាស្នេហាជាតិជាងអ្នកដទៃ ហើយជាញឹកញាប់ហៅអ្នកដទៃដែលមានទស្សនៈមិនស្របនឹងខ្លួនថាជាជនក្បត់ជាតិ​ ដែលនាំទៅរកការបែកបាក់គ្នាយ៉ាងធ្ងន់ធ្ងរក្នុងសង្គម។ ការប្រើអំណាចបំពានច្បាប់ អយុត្តិធម៌ក្នុងសង្គម ការបង្កើតគ្រួសារនិយមដើម្បីកេងប្រវញ្ចពីសង្គមដោយគ្មានគុណធម៌ក្នុងខ្លួន សម្ភារៈនិយមហួសហេតុ អាកប្បកិយាអួតអាងមើលងាយមើលថោកអ្នកទន់ខ្សោយ ការមើលឃើញតែកំហុសអ្នកដទៃ។ល។  សុទ្ធតែជាដើមចមនាំអោយមានគំនុំដែលជាសង្គ្រាមនៅក្នុងចិត្ត។

ទោះជាយ៉ាងណាក្តី ខ្ញុំមើលឃើញថាសង្គមខ្មែរបច្ចុប្បន្នមានការរីកចម្រើនទៅមុខដោយសន្សឹមៗ មានធនធានមនុស្សដែលជាទំពាំងស្នងឫស្សីកាន់តែច្រើន។  ខ្ញុំសង្ឃឹមថា ភាពអវិជ្ជមានក្នុងសង្គមនឹងថមថយពីមួយជំនាន់ទៅមួយជំនាន់​ ហើយប្រទេសជាតិនឹងស្ថិតក្នុងសុខសន្តិភាពបានយូរអង្វែង។​

សេចក្តីថ្លែងអំណរគុណ

ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អស់លោកដូចរាយនាមខាងក្រោមនេះដែលបានចំណាយពេលវេលារៀបរាប់ប្រាប់នូវរឿងរ៉ាវទាំងឡាយដែលអស់ លោកនៅចងចាំ អាចឲ្យខ្ញុំបាទមានលទ្ធភាពចងក្រងជាសៀវភៅនេះបាន។

­ លោកទៀង អួន អាយុ៧៤ឆ្នាំ រស់នៅភូមិខ្លាឃ្មុំ ឃុំគោកធ្លកលើ ៖ ជាអ្នកដែលដឹងពត៌មានស្តីពីផែនការចុះមកបង្ក្រាបប្រជាជន ហើយក៏ជាអ្នកឆ្លើយប្រាប់តាសុកនូវចម្លើយមួយដែលអាចជួយសង្គ្រោះប្រជាជនភូមិខ្លាឃ្មុំរាប់សិបនាក់អោយរួចផុតពីការកាប់សម្លាប់។

­ លោក​ព្រំ រី អាយុ៧៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រៃធំ ឃុំគោកធ្លកលើ​ជាប្រជាជនតែម្នាក់គត់ដែលបានអង្គុយមើលហេតុការណ៍ពិឃាតនៅភូមិត្រពាំងវែងពីដើមដល់ចប់ និងជាអ្នកដំបូងគេដែលទៅកប់សាកសពជនរងគ្រោះ។ លោកក៏បានជួយសង្គ្រោះជីវិតអ្នក១៧មេសាទាំងអស់នៅក្នុងភូមិត្រពាំងវែងទាំងមូលដោយការរាយការណ៍កុហកពួកវា។ គ្រួសារខ្ញុំជំពាក់គុណគាត់ ព្រោះដោយសារតែគាត់ជាអ្នកកប់សាកសពលោកប៉ា ដាក់ឈើចំណាំដែលអាចឲ្យពួកយើងទៅរកអដ្ឋិធាតុគាត់ឃើញ។

­ លោកស៊ាន គឹមហឿន អាយុ៦០ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំគោកធ្លកលើ ជាអ្នកមានសំណាងបានរួចជីវិតពីទីពិឃាតភូមិត្រពាំងវែង។

­ លោកម៉ៅ ស៊ន់ អាយុ៦៣ឆ្នាំ គ្រូបង្រៀនចូលនិវត្តន៍ បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាឃុំគោកធ្លកលើ ជាអ្នកជួបវាក់នឹងហេតុការណ៍ប្រល័យហើយរត់គេចខ្លួនផុតយ៉ាងប្រផិតប្រផើយ។​ លោកមានការចងចាំរឿងរ៉ាវលំអិតខ្លះទៀតផងដែរ។​

­ លោក ទីវ សារិន អាយុ ៧១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិកំពង់ក្តី២ ឃុំកំពង់ក្តី

­ លោកទីវ វិចារតន៍ អាយុ៦៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្របីរៀល ឃុំគោកធ្លកក្រោម។

­ លោក ឡៅ សុភារី អាយុ៦០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអន្លង់ត្នោត ឃុំជីក្រែង។

អស់លោកទាំង៣នាក់ខាងលើត្រូវបានគេចាប់ចងនៅក្នុងហេតុការណ៍ប្រល័យនៅវត្តគោកធ្លក តែមានសំណាងបានរួចជីវិត។

­ លោកទីវ សារ៉ូន អាយុ៦០ឆ្នាំ រស់នៅក្រុងសៀមរាប ជាអ្នកដំបូងគេដែលបានទៅដល់ទីកើតហេតុក្រោយពីពួកពេជ្ឈឃាតចាកចេញ។

­ លោកទូច ទ្រី អាយុ៦៧ឆ្នាំ ជាមេឃុំគោកធ្លកលើ ដែលបានផ្តល់ព័ត៌មានលំអិតទាក់ទងនឹងគណៈស្រុកសុក។

­ លោកណែម សារី អាយុ៦៣ឆ្នាំ រស់នៅក្រុងសៀមរាប ជាអ្នកដែលចងចាំពីហេតុការណ៍ប្រល័យនៅទីកន្លែងផ្សេងទៀតក្នុងភូមិ​​​​សាស្ត្រស្រុកប្រាសាទបាគង ស្រុកសៀមរាប​និងស្រុកពួក។

ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកជំទាវស៊ុន សុវណ្ណនី សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងរៀមច្បងអ្នកនិពន្ធ២នាក់គឺលោកសៀវ សុផុន និងលោកសរ សៀងហៀង ដែលបានជួយផ្តល់យោបល់កែលំអ ត្រួតពិនិត្យ កែសម្រួលការសរសេររបស់ខ្ញុំឲ្យមានលំដាប់លំដោយ និងងាយស្រួលអានជាងមុន។

សូមអភ័យទោសដល់អស់លោក­លោកស្រីមួយចំនួនទៀតដែលបានជួយសហការក្នុងការស្វែងរកប្រភពព័ត៌មាន តែខ្ញុំមិនបានរៀបរាប់ឈ្មោះ។

ប្រវត្តិសង្ខេបរបស់លោកឪពុកខ្ញុំ

  • ឈ្មោះក្នុងបញ្ជីជាតិ កៅ ស៊ន  ឈ្មោះហៅក្រៅ​ ស៊ត។ ដោយសារឈ្មោះជាអក្សរឡាតាំង KAO SON  ហើយពីសម័យនោះគេមិនសូវប្រើអក្សរខ្មែរ ទើបនៅកន្លែងធ្វើការគេហៅគាត់ថា កៅ សុន ទៅវិញ។​
  • ឆ្នាំកំណើត ១៩៣៦ (ឆ្នាំកុរ)
  • នាមឪពុក ៖ កៅ ស៊ាង ទទួលអនិច្ចកម្មនៅឆ្នាំ១៩៦២ ធ្លាប់ជាគ្រូចៅអធិការវត្តគោកធ្លក និងក្រោយមកជាអាចារ្យប្រចាំវត្ត។
  • នាមម្តាយ ៖ ឡេង ហួត ទទួលអនិច្ចកម្មនៅឆ្នាំ១៩៩៣
  • ទីកំណើត ភូមិទ័ពសៀម ឃុំទ័ពសៀម ស្រុកជីក្រែង ខេត្តសៀមរាប។
  • បានបួសរៀនចប់សាលាពុទ្ធិកបឋមសិក្សា  ចូលរៀនសាលាគរុកោសល្យកំពង់កន្ទួត និងចេញធ្វើជាគ្រូបង្រៀននៅភូមិទ័ពសៀម ឃុំទ័ពសៀម ស្រុកជីក្រែងនាឆ្នាំ១៩៥៨។
  • ឆ្នាំ១៩៥៨នោះដែរ គាត់រៀបការជាអ្នកម្តាយ ប្លុង លឿម ដែលទើបមានអាយុ១៦ឆ្នាំ ជាអ្នកភូមិល្វា ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។
  • ១៩៦០­-១៩៦៦ ៖ ធ្វើគ្រូកីឡានៅវិទ្យាល័យនេត យ៉ង់ ក្រុងបាត់ដំបង។
  • ១៩៦៦-­១៩៧២ ៖  ធ្វើគ្រូកីឡានៅវិទ្យាល័យសៀមរាប ក្រុងសៀមរាប។
  • ១៩៧២-­១៩៧៣ ៖ ជាប់កំណែនយោធា និងបានចូលរួមក្នុងប្រតិបត្តិការអង្គរជ័យទី២  ក្នុងក្រុមកាំភ្លើងត្បាល់ធុន៨២មិល្លីម៉ែត្រ ហើយរងរបួសភ្លៅនាការប្រយុទ្ធក្បែរប្រាសាទអង្គរវត្ត។
  • ១៩៧៣­-១៩៧៥ ៖ ធ្វើការនៅការិយាល័យយោធាមួយ(ដែលខ្ញុំមិនស្គាល់ឈ្មោះ)។
  • ១៩៧៥ ៖ ជម្លៀសទៅនៅភូមិព្រៃវាំង ឃុំគោកធ្លកលើ ស្រុកជីក្រែង។
  • ១៩៧៦ ៖ ប្តូរទីលំនៅមកនៅជាមួយម្តាយ(លោកយាយហួត) នៅភូមិតាភ្ញា ឃុំគោកធ្លកលើ។
  • ថ្ងៃទី១៥ខែមេសាឆ្នាំ១៩៧៧ ៖  ត្រូវពួកខ្មែរក្រហមសម្លាប់ក្នុងជន្មាយុ៤១ឆ្នាំ។

(ជាការគួរអោយសោកស្តាយបំផុតដែលកូនចៅមិនមានរូបថតរបស់គាត់នៅសេសសល់ឡើយ)

អាស័យដ្ឋានទាក់ទងរបស់ខ្ញុំ ៖

លោកមា ទៀង អូន
(ថតនៅថ្ងៃទី៨ មីនា ២០២០)

លោកមា ព្រំ រី
(ថតនៅខែឧសភា ឆ្នាំ២០២០)